ក្រចេះ៖ ភ្នាក់ងារប្រចាំខេត្តក្រចេះបានរាយការណ៍ថានៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦នេះ នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ និងក្រុមការងារទាំងអស់បានចេញប្រតិបត្តិការទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើ ពិនិត្យទីតាំងគំនរឈើល្មើសច្បាប់ នៅទឹកដីស្រុកសំបូរ ខេត្តក្រចេះ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថា កងកម្លាំងរាជអាវុធហត្ថ និងមន្ត្រីរដ្ឋបាលព្រៃឈើជាច្រើននាក់ បានឡោមព័ទ្ធទីតាំងស្តុកឈើមួយកន្លែង ស្ថិតនៅតំបន់អូរគគីរ ឃុំរលួសស្រែចេស ស្រុកសំបូរ ខេត្តក្រចេះ ដែលមានចម្ងាយជាង១០០គីឡូម៉ែត្រ ពីទីរួមខេត្ត តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៦មកម្ល៉េះ។ ការដាក់កម្លាំងយាមនៅទីនោះ ដើម្បីការពារមិនឲ្យមានការចល័តឈើចេញ ពីរង្វង់របស់សមត្ថកិច្ចឡោមព័ទ្ធដោយមានការបោះតង់រង់ចាំពីខាងក្រៅ ។
បច្ចុប្បន្ននេះកម្លាំងកងរាជអាវុធហត្ថ កំពុងបំពេញភារកិច្ចទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយកម្លាំងជំនាញកំពុងរស៊ើបអង្កេត ស្រាវជ្រាវ រកទីតាំងលាក់ឈើខុសច្បាប់ ការកាប់បំផ្លាញព្រៃឈើ ការដឹកជញ្ជូនឈើទៅប្រទេសជិតខាង ដើម្បីបោសសម្អាត តាមការណែនាំរបស់រាជរដ្ឋាភិបាល៕