ភ្នំពេញ៖ អាជ្ញាធរខណ្ឌឫស្សីកែវបានប្រើកម្លាំង គ្រឿងចក្រនិងម៉ាស៊ីនត្រង់សឺន័រដើម្បីរុះរើ និងឈូសឆាយសំណង់របស់ពលរដ្ឋ ០៩គ្រួសារកាលពី ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៦ម្សិលមិញ ក្រោមហេតុផលថាសាងសង់រំលោភប្រឡាយសាធារណៈរបស់រដ្ឋ ប៉ុន្តែពលរដ្ឋនិងអង្គការសង្គមស៊ីវិលថាចំណាត់ការនោះគឺខ្វះតម្លាភាពនិងខ្វះអភិបាលកិច្ចល្អ។
កម្លាំងចម្រុះជាង ៣០នាក់បានប្រើគ្រឿងចក្រមួយគ្រឿង ម៉ាស៊ីនអារឈើ កាំបិតពូថៅនិងញញួរ...ចុះទៅអាររំលំដើមឈើរុះរើបង្គន់ ផ្ទះបាយ ទ្រុងមាន់និងលំនៅដ្ឋានមួយកន្លែងដែលសង់តាមប្រឡាយបាក់ទូកក្នុងភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវតាំងពីម៉ោងជាង ៨ ព្រឹកម្សិលមិញ។ ពលរដ្ឋជាម្ចាស់សំណង់ទាំងនោះមិនបានរារាំងចំណាត់ការរបស់អាជ្ញាធរទេដោយបានត្រឹមឈរមើលទ្រព្យសម្បត្តិរបស់គាត់ត្រូវបានបំផ្លាញទាំងអារម្មណ៍ក្តុកក្តួលប៉ុណ្ណោះ។
ពលរដ្ឋបានឲ្យដឹងថាពួកគាត់បានរស់នៅក្បែរប្រឡាយនោះតាំងពីឆ្នាំ ១៩៨៧ដោយមានបង្កាន់ដៃស្នើសុំកាន់កាប់ដីធ្លីទទួលស្គាល់ពីអាជ្ញាធរសង្កាត់ត្រឹមត្រូវ។ តែអាជ្ញាធរខណ្ឌបានប្រាប់ឲ្យពួកគាត់រុះរើបង្គន់ផ្ទះបាយ ទ្រុងមាន់និងផ្នែកខ្លះនៃផ្ទះចេញក្រោមហេតុផលថាសំណង់ទាំងនោះបានសង់លើដីប្រឡាយទឹកដោយមិនបានពិគ្រោះយោបល់និងពន្យល់ឲ្យពួកគាត់បានដឹងពីគម្រោងអភិវឌ្ឍន៍នោះទេ។
លោក សេក សុខា ជាពលរដ្ឋម្នាក់ក្នុងចំណោម ៩គ្រួសារបាននិយាយពេលដែលគ្រឿងចក្រកំពុងបំបាក់ផ្នែកខាងក្រោយផ្ទះឪពុកក្មេកលោកថា៖ «អាជ្ញាធរចុះមកប្រាប់ឲ្យរុះរើតែយើងមិនព្រមនិងបានសួរនាំចង់ដឹងប៉ះពាល់ដោយសារអី។តែមិនបានប្រាប់ពីគម្រោងអភិវឌ្ឍន៍ច្បាស់លាស់ទេអត់ពិគ្រោះយោបល់និងអត់មានឯកសារវាយតម្លៃផលប៉ះពាល់ទេ។យើងព្យាយាមសួរនៅតែមិនប្រាប់»។
លោកបន្តថាពួកគាត់ជាពលរដ្ឋសប្បាយចិត្តណាស់ចំពោះការអភិវឌ្ឍប៉ុន្តែការអនុវត្តនេះគឺមិនបានគោរពតាមគោលការណ៍អភិបាលកិច្ចល្អនិងបែបប្រជាធិបតេយ្យនោះនៅឡើយទេ។
លោក គិត ទូច មន្ត្រីជាន់ខ្ពស់នៃកម្មវិធីអភិបាលកិច្ចល្អរបស់មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC) បានចាត់ទុកចំណាត់ការនេះថាខ្វះអភិបាលកិច្ចល្អនិងការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងអ្នកមានអំណាចលុយកាក់និងអ្នកតូចតាច។
លោកថាអាជ្ញាធរមិនបានរារាំងពេលពលរដ្ឋសាងសង់នោះទេហើយក៏មិនបានផ្តល់យោបល់ឲ្យយល់ជាមុននោះដែរមុននឹងអនុវត្តដោយគំហុកនោះ។ លើសពីនោះការប្រើប្រាស់តុលាការយកទៅអនុវត្តបែបនោះក៏ជាការរំលោភអំណាចមួយដែរ។
លោកថា៖ «វាជាគំរូអាក្រក់មួយដែលមានការអនុវត្តច្បាប់តែលើក្រុមទន់ខ្សោយគ្មានលទ្ធភាពតតាំង។ផលវិបាកដែលភ្នំពេញលិចគឺក្រុមហ៊ុនឯកជនបូមខ្សាច់ចាក់លុបបឹងធំៗអស់មិនអនុវត្តច្បាប់ទេ»។
ទោះយ៉ាងណាលោក ជា ពិសី អភិបាលរងខណ្ឌឫស្សីកែវបានថ្លែងថាអាជ្ញាធរសង្កាត់និងខណ្ឌបានពន្យល់ប្រាប់ពីការស្តារប្រឡាយនោះប្រមាណជា ៥ដងមកហើយប៉ុន្តែពួកគាត់នៅតែមិនព្រមស្តាប់។
លោកថ្លែងថា៖ «ប្រឡាយនេះស្តារដើម្បីបង្ហូរទឹកចេញកុំឲ្យលិចលង់..ធ្វើផ្លូវអមប្រឡាយបញ្ចៀសចរាចរណ៍ និងដើម្បីសោភណភាព។បើមិនស្តារទេភ្នំពេញប្រហែលជាលិចលង់ខ្លះហើយ។កាយមិនមែនសម្រាប់អាជ្ញាធរទេតែសម្រាប់ប្រយោជន៍ពលរដ្ឋម៉ាភ្នំពេញ»។លោកថាប្លង់កម្មសិទ្ធិដីរបស់ពលរដ្ឋដែលរារាំងទាំងនោះត្រូវបានអាជ្ញាធរកាត់ចេញពីមាត់ប្រឡាយចំនួន ១៥ម៉ែត្រប៉ុន្តែពួកគាត់នៅតែសង់ដដែល។
អាជ្ញាធរបាននិងកំពុងស្តារប្រឡាយនេះប្រវែងជាង ៣គីឡូម៉ែត្រអស់ពេលជិត ១ឆ្នាំមកហើយដើម្បីបង្ហូរទឹកទៅតំបន់ទំនប់កប់ស្រូវ។ចាប់តាំងពីផ្លូវ ២៧៣ មកផ្ទះពលរដ្ឋជាង ៣០០ខ្នងបានស្ម័គ្រចិត្តរុះរើថយដោយខ្លួនឯង។ប៉ុន្តែមានតិចតួចប៉ុណ្ណោះដែលរារាំង និងទាមទារសំណង។
អាជ្ញាធរខណ្ឌឫស្សីកែវបានចេញលិខិតជម្រាបជូនពីការអនុវត្តការរុះរើនោះ។ លិខិតសាលាខណ្ឌចេញកាលពីថ្ងៃទី ១២មករាសប្តាហ៍មុនថាអាជ្ញាធរធ្លាប់បានណែនាំឲ្យពលរដ្ឋទាំងនោះឲ្យរុះរើសំណង់បង្គន់ ផ្ទះបាយនិងរោងចិញ្ចឹមមាន់ជាដើមព្រោះថាសំណង់ទាំងនោះបាន «រំលោភលើដីចំណីប្រឡាយ»។ប៉ុន្តែពលរដ្ឋបានរឹងរូសមិនព្រមអនុវត្តតាមទេ។ហេតុនោះអាជ្ញាធរបានសម្រេចអនុវត្តវិធានការរដ្ឋបាលដោយមានការចូលរួមពីតុលាការរាជធានីភ្នំពេញ និងមិនទទួលខុសត្រូវលើការខូចខាតនិងបាត់បង់សម្ភារនោះទេ៕
ប្រភព៖ postkhmer