កំពង់ឆ្នាំង៖ ប្រភពពីប្រជានេសាទត្រីបឹងទន្លេសាបបានរាយការណ៍ឱ្យដឹងថា នៅក្នុងតំបន់អភិរក្សបឹងផ្សោត អតីតឡូតិ៍លេខ ១០ ត្រូវបានលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង ឃុបឃិតជាមេឈ្មួញជនជាតិយួន-ខ្មែរ បំផ្លាញមច្ឆជាតិ ហ៊ុំសម្រាស់ចាប់យកត្រី នៅចំណុចភូមិគ្រួស ទល់មុខកោះបូរ ។ ជាពិសេសតំបន់សំរោងសែន និងតំបន់អភិរក្សបឹងផ្សោត អតីតលេខឡូតិ៍ ១០ ខេត្តកំពង់ឆ្នាំង ។
ដោយឡែកបទល្មើសឆក់ក្តៅ និងឆក់ត្រជាក់បាននឹងកំពុងបញ្ចោញសកម្មភាពយ៉ាងគគ្រឹកគគ្រេងផងដែរ ។ តែគ្មានឃើញលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរខេត្តកំពង់ឆ្នាំង មកចុះបង្ក្រាបឱ្យមានប្រសិទ្ធភាពនៅឡើយទេ ខណៈប្រភពប្រជាពលរដ្ឋប្រកបមុខរបរនេសាទត្រី ក្នុងបឹងទន្លេសាប បានទម្លាយថា មានអ្នករត់ការយកលុយបិទភ្នែកលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង និងអាជ្ញាធរខេត្ត សមត្ថកិច្ចពាក់ព័ន្ធ។ ប្រជាពលរដ្ឋប្រកបមុខរបរធ្វើស្រែចំការនៅតំបន់នោះ បានឱ្យដឹងថា ជារៀងរាល់ថ្ងៃ រាល់ពេលល្ងាចៗគាត់បានឃើញក្រុមល្មើសជនជាតិយួន-ខ្មែរស្ពាយឧបករណ៍ ឆក់ត្រី បញ្ចោញសកម្មភាពប្រសេចប្រសាច មិនដែលឃើញលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងចេញបញ្ជាឱ្យមន្ត្រីក្រោមឱវាទ ឬសមត្ថកិច្ចពាក់ព័ន្ធណាបង្ក្រាបម្តងឡើយ ។
ដោយឡែកបទល្មើសហ៊ុំសម្រាស់ចាប់យកត្រីតូចត្រីធំក៏ចាប់ផ្តើម សម្រុកដោយបំប្លោកពីលើមែកឈើពីក្រោម សកម្មភាពទាំងអស់នេះត្រូវបានក្រុមអ្នកហ៊ុំសម្រាស់ទាំងជនជាតិយួន និងខ្មែរអះអាងថា បានបង់លុយទៅ អាជ្ញាធរខេត្ត និងលោកសោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្ត ហើយសមត្ថកិច្ចពាក់ព័ន្ធរួចអស់ហើយ រាប់បញ្ចូលទាំងប៉ុស្តិ៍មូលដ្ឋាន អ្នកកាសែត ទូរទស្សន៍ដែលឈរជើងនៅតំបន់នោះផងដែរ ។ ចំណែកទាំងនេះ ត្រូវបានគេទម្លាយឱ្យដឹងទៀតថា លោកសោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្ត ទទួលបានច្រើនជាងគេ ក្រុមអ្នកហ៊ុំសម្រាស់បានបញ្ជាក់ថា ក្នុងមួយគុម្ព ឬហ៊ុំត្រូវឱ្យសង្កាត់ ១គុម្ពៗ ១៥ម៉ឺនរៀល ផ្នែក ១៥ម៉ឺនរៀល រីឯលោកនាយខណ្ឌរដ្ឋបាលជលផលខេត្ត ៤០ម៉ឺនរៀល ដែលថវិកាទាំងនោះត្រូវបានអ្នករត់ការយកលុយ ទៅដង្វាយដល់កន្លែងតែម្តង ។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើ អ្នកយកព័ត៌មានយើងមិនអាចទំនាក់ទំនងសុំការបំភ្លឺ ពីលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំងបាននៅឡើយទេ។ ដោយឡែកមន្ត្រី ជលផលថ្នាក់ផ្នែកបានបដិសេធការចោទប្រកាន់បែបនេះ ។ ប្រជាពលរដ្ឋប្រកបមុខរបរនេសាទលក្ខណៈគ្រួសារ សំណូមពរដល់អាជ្ញាធរខេត្តកំពង់ឆ្នាំង និងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មេត្តាជួយមើលលោក អេង ជាសានចាត់វិធានការបង្ក្រាបឲ្យទាន់ពេលវេលាផង៕