គណៈកម្មការជាតិ ទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើបន្តចុះទៅ ខេត្តមណ្ឌលគិរី ដែលជាថ្ងៃទីពីរនៃប្រតិបត្តិការចុះត្រួតពិនិត្យ ការកាប់បំផ្លាញព្រៃឈើខុសច្បាប់នៅក្នុងខេត្តគោលដៅចំនួនប្រាំមួយ បន្ទាប់ពីបានបញ្ចប់បេសកម្មរបស់ខ្លួននៅក្នុងខេត្តក្រចេះនិងត្បូង ឃ្មុំ នៅព្រឹកថ្ងៃអង្គារទី១៩មករា។ នៅព្រឹកមិញនេះមុនធ្វើដំណើរទៅមណ្ឌលគិរី គណៈកម្មការជាតិដឹកនាំបញ្ជាដោយ លោក សៅ សុខា បានចុះទៅ តំបន់ឃុំព្រៃរលួស និង ស្រែជិះ ស្រុកសំបូរខេត្ត ក្រចេះ ។ ដំណើរចុះទៅនេះរកឃើញ ប្រភេទ ឈើសុក្រំ និង ឈើគគីរ ជាប្រភេទឈើប្រណីត ក្នុងបរិវេណក្រុមហ៊ុនចិនឈ្មោះ ឆាយណា ឌីណា មិច ជាង៩០០កំណាត់ ។ ប៉ុន្តែមន្ត្រីជំនាញ នៅមិនទាន់កំណត់បានថា ជាឈើស្របច្បាប់និងខុសច្បាប់នោះទេ។ ទន្ទឹមគ្នានេះសមត្ថកិច្ចបានបិទច្រកនាំចេញឈើ នៅតាមខេត្តជាប់ព្រំប្រទល់ជាមួយប្រទេសវៀតណាមផងដែរ។
គណៈកម្មការជាតិ នៅមិនទាន់អាចបង្ហាញតួលេខផ្លូវការអំពីចំនួនឈើដែលរកឃើញនៅ ឡើយទេ សម្រាប់ប្រតិបត្តិការដែលបានបិទបញ្ចប់ក្នុងខេត្តត្បូងឃ្មុំនិង ក្រចេះ។ ប៉ុន្តែជាជំហ៊ានដំបូងនៅក្នុងខេត្តក្រចេះត្រូវបានលោកអភិបាលខេត្ត សរ ចំរ៉ុង ជាសមាជិកនៃគណៈកម្មការជាតិ រាយការណ៍ថា ឈើជាង៩០០កំណាត់រកឃើញ នៅក្នុងបរិវេណក្រុមហ៊ុនចិនឈ្មោះឆាយណា ឌីណា មិច ។ ក្រុមហ៊ុនចិនមួយនេះទទួលបានសិទ្ធិវិនិយោគសម្បទានដីសេដ្ឋកិច្ចពី រដ្ឋាភិបាល ហើយបានអះអាងថា ឈើទាំងនេះគឺស្របច្បាប់ដែលក្រុមហ៊ុនទទួលបានសិទ្ធិកាន់កាប់ ក្នុងរង្វង់ដីដែលក្រសួងកសិកម្មបានអនុញ្ញត្ត។ នេះជាការបញ្ជាក់របស់លោក សរ ចំរ៉ុង ។
បើតាមលោកអភិបាលខេត្ត កន្លងមកនៅខេត្តក្រចេះមិនមានទេការនាំឈើទៅប្រទេសវៀតណាមតាម ច្រកព្រំដែន។ ការអះអាងរបស់លោក សរ ចំរ៉ុង ធ្វើឡើងបន្ទាប់ពីកងរាជអាវុធហត្ថលើផ្ទៃប្រទេសបានសម្រេចបិទច្រក ព្រំដែនក្នុងខេត្តនានាទាំងស្រុងដោយពុំអាចដឹកឈើទៅប្រទេសវៀត ណាមបានទៀតទេ គឺជំនួសមកវិញដោយការដាក់កម្លាំងការពារ។
ប៉ុន្តែការថ្លែងរបស់លោក សរ ចំរ៉ុង ត្រូវបានមន្ត្រីអង្គការអាដហុកប្រចាំខេត្តក្រចេះយល់ឃើញផ្ទុយ។ អ្នកស្រី ជាវ គុណ ឲ្យដឹងថា ព្រៃឈើនៅក្នុងខេត្តក្រចេះត្រូវកាប់បំផ្លាញដោយក្រុមហ៊ុនទទួលបាន សិទ្ធិវិនិយោគពីរដ្ឋាភិបាលហិនហោចស្ទើរតែទាំងស្រុងនិងមានការដឹក ជញ្ជូនយ៉ាងអនាធិបតេយ្យ។
ដោយឡែក ចំពោះប្រតិបត្តិការនៅខេត្តត្បូងឃ្មុំកាលពីថ្ងៃទី១៨ធ្នូម្សិល មិញគណៈកម្មការជាតិបានចុះទៅពិនិត្យឃ្លាំងស្តុកឈើជាច្រើនកន្លែង របស់ក្រុមហ៊ុនដែលមានងារជាឧកញ៉ា។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធលើផ្ទៃប្រទេសឲ្យដឹងថា រាល់គំនឈើដែលប្រមូលនឹងរឹបអូសបានកម្លាំងជំនាញត្រូវរក្សាទុកនៅ ទីតាំងដដែល។
តាមរយៈកិច្ចប្រជុំគណៈកម្មការជាតិស្ដីពីការបង្ក្រាបនិងទប់ ស្កាត់បទល្មើសព្រៃឈើរដ្ឋាភិបាលប្រគល់ឧត្ថម្ភាគចក្រមួយគ្រឿងទៀត បន្ថែមលើឧត្ថម្ភាគចក្រ មានស្រាប់ចំនួនពីរគ្រឿង និងថវិកាត្រៀមប្រតិបត្តិការចំនួន៥០០លានរៀល។
សូមបញ្ជាក់ថា ព្រៃឈើកម្ពុជាត្រូវបានគេដឹងថា រងនូវការកាប់បំផ្លាញ់នៅប៉ុន្មានឆ្នាំចុងក្រោយនេះ យ៉ាងអនាធិបតេយ្យ។ ព្រៃឈើកម្ពុជាត្រូវបានគេដឹងថា បាននាំចេញទៅកាន់ប្រទេសចិនច្រើនជាងគេបំផុត និងបន្ទាប់មកទៀត គឺប្រទេសវៀតណាម៕
ប្រភព៖ km.rfi.fr