រតនគិរី៖ ឈើប្រណីតរាប់រយកំណាត់ ត្រូវបានរុករកឃើញកាលពីប៉ុន្មានថ្ងៃនេះ នៅក្នុងភូមិសាស្ត្រខេត្តរតនគិរី ដែលក្រុមឈ្មួញបានយកទៅលាក់ទុកនៅតាមគម្ពោតព្រៃ។ ការរកឃើញនេះ ធ្វើឡើងដោយកម្លាំងរដ្ឋបាលព្រៃឈើបីស្រុក គឺស្រុកបរកែវ ស្រុកអូរយាដាវ និងស្រុកអណ្តូងមាស នៅក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើ ដែលដាក់បញ្ជាដោយរាជរដ្ឋាភិបាល។
គំនរឈើប្រណីតដែលគេរកឃើញនោះ សុទ្ធសឹងជាប្រភេទឈើសុក្រំ កកោះ និងគគីរ ដែលមានមុខកាត់ នឹងប្រវែងចម្រុះ ហើយក្រុមឈ្មួញបានធ្វើសកម្មភាពប្រមូលជាគំនរលាក់ទុកនៅក្នុងគម្ពោតព្រៃ។
បើតាមលោក ឡេង យុគ នាយផ្នែករដ្ឋបាលព្រៃឈើបកែវ អណ្តូងមាស និងអូរយ៉ាដាវ បានឲ្យដឹងថា ការរកឃើញនេះ ធ្វើឡើងបន្ទាប់ពីលោកបានដឹកនាំកម្លាំងចុះល្បាតតាមបណ្តោយមាត់ទន្លេ សេសាន្ត ក្នុងភូមិសាស្ត្រឃុំតាឡាវ ស្រុកអណ្តូងមាស រួចក៏បានប្រទះឃើញគំនរឈើប្រណីតនោះតែម្តង ដែលមានចំនួនរាប់រយកំណាត់សុទ្ធសឹងជាប្រភេឈើប្រណីត។ បន្ទាប់មកកម្លាំងក៏បានធ្វើការវាស់វែង រកឃើញមានចំនួនសរុប១៨១ដុំ ស្មើនឹង៩០ម៉ែត្រគូប។
បច្ចុប្បន្នឈើទាំងអស់នេះ ត្រូវបានដឹកជញ្ជូនយកទៅផ្ញើទុកនៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច ហ័ងអាញ់អូរយ៉ាដាវ ដោយសារការដឹកជញ្ជូនមានការស្មុគស្មាញនឹងលំបាកឆ្លងទឹកទន្លេសេសាន្ត។
បើតាមប្រភពពីប្រជាពលរដ្ឋឲ្យដឹងថា បន្ទាប់ពីមានបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និងឈានដល់មានការបង្កើតគណៈកម្មការជាតិដើម្បីធ្វើការបង្ក្រាប ឥឡូវនេះមានក្រុមហ៊ុនខ្លះដែលមានឈើហ៊ុបយ៉ាងច្រើនសន្ធឹកសន្ធាប់ និងដឹកជញ្ជូនចេញមិនទាន់អស់ ហើយខ្លាចក្រែងកម្លាំងចម្រុះបង្ក្រាប កំពុងតែនាំគ្នាសម្រុកប្រមូលឈើទាំងនោះកាយរណ្តៅកប់នៅក្នុងដី ដើម្បីបញ្ជៀសភ្នែកកុំឲ្យសមត្ថកិច្ចចម្រុះរកឃើញ៕
ប្រភព៖ ann.com