តាកែវ៖ ក្រុមមន្ត្រីបានឲ្យដឹងថា ដែកលោតឆ័ត្រ៥រថយន្តយីឌុបរបស់មេបញ្ជាការ ការពារវរៈព្រំដែនលេខ៣០១ ក្នុងខេត្តតាកែវ គឺលោក វរៈសេនីយ៍ អេង ឃាង ត្រូវកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឆ្មក់ចាប់បានកាលពីដើមសប្ដាហ៍នេះ នៅចំណុចច្រកទ្វារទ្វេភាគីបាក់ដៃ ក្នុងស្រុកអង្គរបូរី ។
តាមសេចក្ដីរាយការណ៍ឲ្យដឹងថា ប្រតិបត្តិការណ៍នោះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការណ៍ជាមួយកម្លាំងគយចល័តពីអគ្គនាយកដ្ឋានគយ។ ប្រភពបានបន្ថែមថា នេះជាលើកទីមួយហើយ ដែលសមត្ថកិច្ចឃាត់ចាប់បានរថយន្តដឹកដែកគេចពន្ធ ឬ បង់ពន្ធមិនគ្រប់របស់លោក មេបញ្ជាការវរៈព្រំដែន លេខ៣០១ ដ៏មានឥទ្ធិពល ខណៈដែលគេដឹងថា លោកបានប្រកបមុខរបរនាំដែកឆ្លងដែន ពីប្រទេសវៀតណាមអស់រយៈពេលជាង១៥ឆ្នាំហើយនោះ ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថថា ដែកជាច្រើនតោនដែលរឹបអូសបាននោះ ត្រូវបានកងរាជអាវុធហត្ថប្រគល់ឲ្យស្ថាប័នគយយកទៅចាត់ការតាមច្បាប់ ចំណែករថយន្តដែលត្រូវបានគេទម្លាយឲ្យដឹងថា មានជាប់ពាក់ព័ន្ធបទល្មើសជាច្រើនករណីដែរនោះ ត្រូវបានគេយកទៅរក្សាទុកនៅទីបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ។
ជុំវិញករណីខាងលើលោក អេង ឃាង មេបញ្ជាការវរៈការពារព្រំដែនគោកលេខ៣០១ បានថ្លែងទទួលស្គាល់ថា សមត្ថកិច្ចពិតជាបានឃាត់ចាប់រថយន្តដឹកដែករបស់លោកមែន , ប៉ុន្តែលោកបានច្រានចោលចំពោះការចោទប្រកាន់ដែលថា រថយន្តដឹកដែកធុនធំរបស់លោក បំពានច្បាប់ ។
ចំណែកនៅឯច្រកកំពង់ក្រសាំង ក្នុងស្រុកបុរីជល នៃខេត្តតាកែវនេះដែរ ក៏មានសេចក្ដីរាយការណ៍ឲ្យដឹងផងដែរថា មានឧកញ៉ាល្បីឈ្មោះខាងជំនួញស៊ីម៉ងត៍ និង ស្រាបៀរម្នាក់ ក៏កំពុងតែធ្វើសកម្មភាព នាំដែកចូលពីប្រទេសវៀតណាមតាមរយៈការឃុបឃិតជាមួយសមត្ថកិច្ច ដោយបង់ពន្ធមិនគ្រប់ យ៉ាងគគ្រឹកគគ្រេងផងដែរ ៕