ស្ទឹងត្រែង៖ ថ្ងៃ ទី ២១ ខែ មករា ឆ្នាំ ២០១៦ ម៉ោង ០៨និង៥៥នាទីគំនរឈើជាច្រើនពាន់ដុំក្នុងឃ្លាំងស្តុកឈើរបស់ឧកញ៉ា ទ្រី ភាព ចំនួន២កន្លែងត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះបើកប្រតិបត្តិការទ្រង់ទ្រាយធំចុះធ្វើការត្រួតពិនិត្យ កាលពីព្រឹកថ្ងៃទី២០ ខែមករាឆ្នាំ២០១៦។ប្រតិបត្តិការនេះមានកម្លាំងកងរាជអាវុធហត្ថខេត្តកម្លាំងនគរបាលខេត្ត មន្ត្រីរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានបានចូលទៅក្នុងឃ្លាំងស្តុកឈើនៅចំណុចគល់ស្ពានសេកុង ក្នុងភូមិលើសង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង នាវេលាម៉ោង១០ព្រឹក ។
ដោយឡែក នៅវេលាម៉ោង១២ថ្ងៃត្រង់កម្លាំងសមត្ថកិច្ចដដែលបានចូលទៅឃ្លាំងស្តុកឈើ ស្ថិតនៅភូមិសំរោងឃុំស្រែសំបូរ ស្រុកសៀមប៉ាងព្រោះជាចំណុចប្រមូលឈើនៅក្នុង
ភូមិសាស្ត្រស្រុកសៀមប៉ាងយកមកស្តុកទុកហើយបន្តដឹកជញ្ជូនទៅស្តុកនៅក្នុងឃ្លាំងចំណុចគល់ស្ពានសេកុងក្រុងស្ទឹងត្រែង ។
លោក អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តមានប្រសាសន៍ថាកម្លាំងចម្រុះមកធ្វើការត្រួតពិនិត្យឃ្លាំងទាំង២របស់ឧកញ៉ា ទ្រី ភាពមិនមែនធ្វើការបង្ក្រាបរឹបអូសនោះទេ គឺគ្រាន់តែពិនិត្យថាតើឈើទាំងនោះស្របច្បាប់ដែរឬអត់ ? ហើយការងារបន្តទុកឱ្យមន្ត្រីរដ្ឋបាលព្រៃឈើជាអ្នកពិនិត្យ ។
លោកមេបញ្ជាការបន្តទៀតថាសមត្ថកិច្ចចម្រុះនឹងបន្តចុះឆែកឆេរតាមឃ្លាំងស្តុកឈើមួយចំនួនទៀតហើយបន្តដំណើរពិនិត្យតាមព្រំដែនកម្ពុជា-ឡាវ ដើម្បីឱ្យដឹងថាតើមានឈើនាំចេញទៅប្រទេសឡាវដែលឬអត់ ។
មន្ត្រីរដ្ឋបាលព្រៃឈើដែលចូលទៅឃ្លាំងទាំង២របស់ឧកញ៉ា ទ្រី ភាព បានឱ្យដឹងផងដែរថាការពិនិត្យជំហានដំបូង គឺមើលទៅលើឯកសារពាក់ព័ន្ធ និងជំហានទី២ពិនិត្យទៅលើឈើជាក់ស្តែង ។
ខណៈពេលកម្លាំងសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យតំណាងក្រុមហ៊ុនបានយកឯកសារនិងលិខិតស្នាមពាក់ព័ន្ធមកបង្ហាញមន្ត្រីជំនាញថាឈើក្នុងឃ្លាំងសុទ្ធតែជាឈើស្របច្បាប់ ។ ប៉ុន្តែទោះបីជាមានការបង្ហាញឯកសារយ៉ាងណាក្តីក៏មន្ត្រីរដ្ឋបាលព្រៃឈើបានធ្វើការពិនិត្យជាក់ ស្តែងដើម្បីឱ្យដឹងច្បាស់ពីចំនួនឈើតើត្រឹមត្រូវតាមឯកសារផ្លូវច្បាប់ដែរឬទេ។ ពួកជនឧក្រិដ្ឋកាប់បំផ្លាញព្រៃឈើ ខ្លះដុតចោល និងខ្លះកប់បំបាត់ភ័ស្តតាង។
ចំណែកឯខេត្តមណ្ឌលគិរី ក្រោយពីមានយុទ្ធនាការបង្ក្រាបឈើទូទាំងប្រទេសផ្អើលកក្រើកអស់អារុក្ខអារក្សអ្នកតាជាពិសេសអស់លោកឧកញ៉ាដែលជាប់ខ្លួនក្នុងការរកស៊ីបទល្មើសព្រៃឈើនាពេលកន្លងមកនេះ ឮថា ខ្លះបានរត់ចោលស្រុកហើយខ្លះទៀតកំពុងភ័យបាយក៏មិននឹកទឹកក៏មិនស្រេក ។
ក្នុងរយៈពេល៣ទៅ៤ថ្ងៃកន្លងមកនេះក្រុមហ៊ុនធំៗមួយចំនួនដែលធ្លាប់តែកាក់កបក្នុងជំនួញឈើត្រូវបានគណៈកម្មការចម្រុះថ្នាក់ជាតិបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខាចុះពិនិត្យនិងបង្ក្រាបនៅតាមទីតាំងនានាដូចជា នៅខេត្តក្រចេះនិងខេត្តស្ទឹងត្រែងជាដើមហើយបានរកឃើញឈើខុសប្រក្រតីរាប់ពាន់ម៉ែត្រគូប។ដោយសារតែមានការចាប់បង្ក្រាបនេះធ្វើឲ្យក្រុមហ៊ុនមួយចំនួននៅខេត្តមណ្ឌលគីរីកំពុងរមាស់ខ្នងនិងខ្លះបានដុតបំផ្លាញឈើដែលក្រុមឈ្មួញដឹកយកមកគរទុកក្នុងដីក្រុមហ៊ុនរាប់រយម៉ែត្រគូបនៅមុនពេលមានសកម្មភាពបង្ក្រាបដ៏ធំឯខ្លះទៀតត្រូវបានប្រភពព័ត៌មានរាយការណ៍ថា គេដឹកយកទៅកប់ក្នុងដី។
ក្រុមហ៊ុនដែលបានដុតនិងកប់ឈើហ៊ុបខាងលើ គឺមានឈ្មោះ ប៊ិញភឿកនិងប៊ិញភឿក១ ស្ថិតនៅក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរីនិងស្រុកស្នូល ខេត្តក្រចេះ (ក្រុមហ៊ុនទាំងពីរនេះជាប់គ្នានៅចំណុចព្រំប្រទល់រវាងខេត្តមណ្ឌលគិរីនិងក្រចេះ) ។ការរកឃើញសកម្មភាពដុតឈើនេះ គឺនារសៀលថ្ងៃទី២០ ខែមករានៅទីតាំងដីក្រុមហ៊ុនតែម្តង។ឈើដែលត្រូវគេដុតបំផ្លាញនោះជាប្រភេទសុក្រំ និងផ្ចឹកនៅក្នុងក្រុមហ៊ុនប៊ិញភឿក១ដែលជាក្រុមហ៊ុនទទួលបានដីសម្បទានសេដ្ឋកិច្ចពីរាជរដ្ឋាភិបាលវិនិយោគដំណាំកៅស៊ូនៅក្នុងស្រុកកែវសីមា ។
សេចក្តីរាយការណ៍បានឲ្យដឹងទៀតថាឈើប្រណីតជាច្រើនទៀតបានត្រូវគេដុតបំផ្លាញចោលនិងកប់ក្នុងដីដើម្បីបំបាត់ភស្តុតាងមុនពេលក្រុមគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយលោកនាយឧត្តមសេនីយ៍ សៅ សុខា អាចនឹងចុះទៅពិនិត្យនៅទីនោះ ។
ប្រភពព័ត៌មានបានបញ្ជាក់បន្ថែមថាឈើប្រណីតដែលគរទុកនិងមួយចំនួនកំពុងដុតនោះជារបស់មន្ត្រីកងរាជអាវុធហត្ថម្នាក់នៅខេត្តមណ្ឌលគិរី ដោយមានលោកឧកញ៉ា សឹង សំអុលជាអ្នករត់ការដឹកជញ្ជូន ។ យ៉ាងណាក៏ដោយ នៅរសៀលថ្ងៃទី២០ ខែមករាគេនៅមិនទាន់ដឹងពីចំណាត់ការរបស់សមត្ថកិច្ចនៅឡើយទេហើយក៏មិនទាន់ដឹងថាមន្ត្រីគណៈកម្មការជាតិទប់ស្កាត់និងបង្ក្រាបបទល្មើសព្រៃឈើ ចុះទៅត្រួតពិនិត្យនៅពេលណាដែរ ។
មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកឧត្តមសេនីយ៍ត្រី សាក់ សារ៉ាង មានប្រសាសន៍តាមទូរស័ព្ទប្រាប់ថាលោកមិនមានការពាក់ព័ន្ធនឹងឈើខាងលើនេះទេហើយលោកនឹងចាប់អ្នកណាដែលនិយាយថាឈើនេះជារបស់លោកដោយលោកកំពុងតាមរកអ្នកដែលបញ្ចេញព័ត៌មានចោទប្រកាន់នេះ។បើតាមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរីនៅពេលនេះខាងមន្ត្រីរដ្ឋបាលព្រៃឈើកំពុងចុះពិនិត្យផ្ទៀងផ្ទាត់ឈើនៅក្នុងក្រុមហ៊ុនប៊ិញភឿក១ ។
លោក វង់ សុកសេរី នាយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងលោក ជុយសុខឃាង នាយផ្នែករដ្ឋបាលព្រៃឈើកែវសីមា បានឲ្យដឹងថាករណីនេះលោកបានទទួលព័ត៌មានហើយនិងកំពុងចាត់កម្លាំងចុះធ្វើការ។សកម្មភាពដុតបំផ្លាញឈើខាងលើនេះត្រូវបានក្រុមអ្នកតាមដានការចាប់បង្ក្រាបបទល្មើសព្រៃឈើទូទាំងប្រទេសនិយាយថា ជាការបំផ្លាញវត្ថុតាងនិងជាសកម្មភាពប្រឆាំងទៅនឹងច្បាប់យ៉ាងធ្ងន់ធ្ងរ ។ ម្យ៉ាងវិញទៀតសកម្មភាពចុះបង្ក្រាបរបស់មន្ត្រីជំនាញ ហាក់យឺតពេលមួយជំហានទៅហើយព្រោះតែឈើនៅតាមក្រុមហ៊ុនមួយចំនួន ត្រូវបានគេដឹកជម្លៀសចេញខ្លះយកទៅកប់ ខ្លះយកទៅដុតបំផ្លាញចោល គួរឲ្យសោកស្ដាយ ៕ដោយ មែន កំសត់