មណ្ឌលគិរី៖ គំនរឈើរាប់សិបម៉ែតគូបត្រូវបានឆេះនៅក្នុងក្រុមហ៊ុនប៊ិនហ្វឿក១ដែលមានទីតាំងនៅភូមិចកចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្នុងពេលដែលក្រុមបង្ក្រាបថ្នាក់ជាតិកំពុងមានវត្តមាននៅតំបន់នោះ។ បើគិតមកដល់ថ្ងៃទី២១ មករា ឆ្នាំ២០១៦ មានរយៈពេល៣ថ្ងៃហើយនៅមិនទាន់មានសមត្ថកិច្ចឬមន្ត្រីជំនាញណាពន្លត់នៅឡើយ។នេះបើតាមការអះអាងរបស់ពលរដ្ឋ ដែលរស់នៅតំបន់ក្រុមហ៊ុននេះ។
ពលរដ្ឋដែលរស់នៅភូមិចកចារបានឲ្យដឹងថាគំនរឈើប្រណិតដែលគេលួចកាប់យកមកគរទុកនៅក្នុងបរិវេណក្រុមហ៊ុនប៊ិនហ្វឿក១ត្រូវបានគេដុតតាំងពីយប់ថ្ងៃទី១៩មករាមកម្លេះរហូតដល់ថ្ងៃនេះគំនរខ្លះបានឆេះក្លាយជាផេះអស់ទៅហើយ។ ពួកគាត់បានបន្ថែមថា គេនាំគ្នាដុតចំនួន៦ទៅ៧កន្លែងផ្សេងគ្នា មួយកន្លែងៗមានចំនួនមិនតិចជាង១០០កំណាត់នោះទេ។ចំណែកឈើហ៊ុបប្រភេទសុក្រំដែលជាឈើប្រណិតត្រូវប៉ាន់ស្ថិតនៅក្នុងបរិវេណក្រុមហ៊ុនប៊ិនហ្វឿក១រាប់ពាន់កំណាត់ទៀតទើបនិងឃើញមានសមត្ថកិច្ចចំរុះចុះទៅធ្វើវាស់វែង នៅព្រឹកថ្ងៃទី២១មករា។
ទាក់ទងបញ្ហានេះលោក នាយផ្នែករដ្ឋបាលព្រៃឈើស្រុកកែវសីមាបានឲ្យដឹងថារហូតដល់ម៉ោងនេះ(ថ្ងៃទី២១មករា)មន្ត្រីជំនាញនៅមិនទាន់កំណត់បានអំពីតួលេខ ចំនួនឈើដែលឈ្មួញលួចកាប់មកគរទុកនៅឡើយទេ។ មូលហេតុត្រូវបាន លោក ជុយ សុឃាង និយាយថាខ្ញុំទើបតែមកកាន់ថ្មីមិនទាន់ដឹងថាគំនរឈើណាមានត្រានៅឡើយទេ វាមានចំនួនច្រើនហើយមន្ត្រីជំនាញចែកគ្នាធ្វើការតាមគោលដៅផ្សេងគ្នានៅមិនទាន់បូកបញ្ចូលគ្នានៅឡើយ ចំណែកឈើដែលឆេះគឺឆេះអស់ហើយ។ បើយោងតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋគឺថ្មីៗនេះមានក្រុមមេព្រៃដើរវ៉ៃត្រាលើឈើកាប់ខុសច្បាប់មួយចំនួនទាំងយប់ទាំងថ្ងៃឲ្យក្លាយជាឈើស្របច្បាប់។
សូមបញ្ជាក់ដែរថាទីតាំងក្រុមហ៊ុនប៊ិនហ្វឿកនេះគឺជាទីតាំងដែលក្រុមឈ្មួញឈើឧកញ៉ាពីរនាក់ដែលសម្តេចតេជោលើកឈ្មោះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី១៥មករា មកនិយាយគឺឧកញ៉ាលឹម ប៊ុនណា ហៅខ្នារ និងឧកញ៉ា សឹង សំអុល ដឹកឈើចូលស្តុកលាក់ទុកមុននឹងដឹកជញ្ជូនចេញទៅស្រុកយួន។ ឥឡូវនេះឈ្មួញបាននិងកំពុងរកវិធីដុតឈើចោលបំបាត់ភស្តុតាងនៃការប្រព្រឹត្តបទល្មើសរបស់ពួកគេ៕