សៀមរាប៖ បទល្មើសនេសាទបានកើតឡើងពេញផ្ទៃទឹកក្នុងស្រុកជីក្រែងដោយសារតែការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ហើយគ្មានការទប់ស្កាត់បង្ក្រាបពីសមត្ថកិច្ចផ្នែករដ្ឋបាលជលផលសង្កាត់ អន្លង់សំណ និងស្រុកជីក្រែង ខេត្តសៀមរាបឡើយ ។
សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានឲ្យដឹងថា៖ សកម្មភាពនេសាទដោយប្រើឧបករណ៍ដូចជា អ៊ុយ អ៊ួន បានកើតឡើងយ៉ាងពេញបន្ទុកនៅលើផ្ទៃទន្លេ។ កាណូតតូចធំមិនតិចពី៣០គ្រឿងបានដង្ហែគ្នាក្នុងផ្ទៃបឹងទន្លេសាប ធ្វើសកម្មភាពនេសាទជារៀងរាល់ថ្ងៃ យ៉ាងព្រងើយដោយមិនខ្វល់ពីការនេសាទរបស់ពួកគេខុសច្បាប់ម្តងណាឡើយ។ សកម្មភាពប្រព្រឹត្តបទល្មើសនេសាទនេះ បើតាមប្រជាពលរដ្ឋ និយាយថាជនដែលធ្វើសកម្មភាពប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់បានដោយរលូននេះគឺគេបានបង់លុយជូនដល់សមត្ថកិច្ចជំនាញ ក្នុង១ខែៗលុយរាប់លានរៀល ទើបពួកគេអាចនេសាទត្រីបានដោយមិនចាំបាច់ភ័យព្រួញនិងខ្លាចសមត្ថកិច្ចឯទៀតមកចាប់ឡើយ។
ពាក់ព័ន្ឋទៅនឹងការចោទប្រកាន់ថា សមត្ថកិច្ចផ្នែករដ្ឋបាលជលផល សង្កាត់អន្លង់សំណបានឃុបឃិតគ្នាជាមួយនិង ជនប្រព្រឹត្តបទល្មើសនេសាទខុសច្បាប់នេះមានមន្ត្រីផ្នែករដ្ឋបាលជលផលមួយរូបដែល សុំមិនឲ្យបញ្ចេញឈ្មោះ បានទទួលស្គាល់ថា បទល្មើសដែលបានកើតឡើងគឺវាមានពិតមែនហើយប៉ុន្តែពួកខ្ញុំបានណែនាំខ្លះៗដែរតែមិនស្តាប់។ឯលោក ពៅប៊ុនធឿន អភិបាលស្រុកជីក្រែងបានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទថាករណីនេះលោកបាននិយាយប្រាប់សមត្ថកិច្ចជំនាញទាំងអស់ក្នុងអង្គប្រជុំហើយបើមានរឿងអ្វី សមត្ថកិច្ចទៅឃុបឃិតជាមួយបទល្មើសយ៉ាងដូច្នេះមែនអាជ្ញាធរនិងចាត់វិធានការទៅតាមផ្លូវច្បាប់ជាក់ជាមិនខានឡើយ។
លោក ពៅ ប៊ុនធឿន បន្តថាចំពោះករណីនេសាទខុសច្បាប់នេះលោកបានឲ្យខាងឃុំអន្លង់សំណ ទៅណែនាំដល់បងប្អូនប្រជាពលរដ្ឋជាញឹកញាប់ទៅតាមការដែលយើងអាចធ្វើទៅបាន។ មានការសង្កេតឃើញ ថាបទល្មើសនេសាទចាប់កើតមានច្រើនជាងគេបំផុតនៅក្នុងខេត្តសៀមរាបគឺបន្ទាប់ពី លោក ព្រិន្ទ សាវិន បានឡើងជានាយខ័ណ្ឌរដ្ឋបាលជលផលគ្រប់គ្រងអស់រយៈជិត១០ឆ្នាំកន្លងមកនេះ ដោយបានបណ្តែតបណ្តោយឲ្យកូនចៅទៅយកប្រាក់ពីបទល្មើសជាថ្នូរមិនចុះបង្ក្រាប។ សង្ឃឹមថាតាមរយៈព័ត៌មាននេះប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជលផលលោក អេង ជាសាន ព្រមទាំងអភិបាលស្រុកជីក្រែងនឹងចុះត្រួតពិនិត្យមើលមន្ត្រីមួយចំនួនដែលមានភារកិច្ចការពារនៅតំបន់បឹងទន្លេសាបនៃខេត្តសៀមរាប មេត្តាចុះបង្ក្រាបបទល្មើសនេសាទផងដើម្បីឲ្យផលត្រីធម្មជាតិកើនឡើងបំរើសេចក្តីត្រូវការរបស់បងប្អូនប្រជាពលរដ្ឋ ៕