ភ្នំពេញ៖ នៅជាប់ដានរូបបំផ្លាញព្រៃឈើធម្មជាតិជាមួយរូបថតលេចធ្លាយ និងគំនរឈើនៅតំបន់មួយ ក្នុងខេត្តមណ្ឌលគីរី កាលពីពាក់កណ្តាលឆ្នាំ ២០១៥ តារាចម្រៀងនិងពិធីករឃ្លាតរយាលពីសង្វៀនសិល្បៈ លោក លាន អាហ្វ្រីលគីនីន នៅព្រឹកថ្ងៃទី ២២ ខែមករា នេះក៏មានព័ត៌មានផ្សាយផ្អើលពេញផ្ទៃប្រទេសថា «ពេលនេះតារាចម្រៀងនិងពិធីករល្បីឈ្មោះរូបនេះកំពុងសម្ងំបើកសង្វៀនបញ្ជល់មាន់នៅក្នុងព្រៃឫស្សី ស្ថិតនៅខណ្ឌពោធិ៍សែនជ័យ មានបង្កប់ល្បែងបៀរ អាប៉ោងនៅពេញនោះ»។
ទម្លាយពីព័ត៌មានទូរទស្សន៍ បានបរិយាយថាសង្វៀនបញ្ជល់មាន់នៅបើកដោយតារាចម្រៀងនិងពិធីករល្បីឈ្មោះ លោក លាន ព្រីលគីនីន បើកនៅព្រៃឫស្សីមានបង្កប់ល្បែងបៀរអាប៉ោងនៅក្បែរម៉ុងចិន ស្ថិតនៅក្បែរសាលាសង្កាត់ត្រពាំងក្រសាំង ភូមិខ្វាវ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រព័ន្ធផ្សព្វផ្សាយបង្ហាញឲ្យឃើញទាំងរូបភាពទីតាំងនៅក្នុងព្រៃឫស្សី និងបង្ហាញពីរូបភាពតារាចម្រៀងនិងពិធីករ លាន អាហ្វ្រីលគីនីន ពាក់វ៉ែនតាយ៉ាងសង្ហា ស្លៀកខោខ្មៅខ្លីត្រឹមជង្គង់សន្លុះអាវក្រឡា ក៏បរិយាយថា នៅតំបន់នោះ សូម្បីតែក្មេងៗក៏ដឹងថាសង្វៀនបញ្ជល់មាន់នេះ ជារបស់តារាចម្រៀង និងពិធីករ លោក លានអាហ្វ្រីលគីនី ម្នាក់នេះដែរ ដែលគ្រប់គ្រងដោយ មេការម្នាក់ឈ្មោះ ក្រឹម។
ប្រភពព័ត៌មាននោះក៏បានបញ្ជាក់ទៀតថា៖ «មុននេះតារាចម្រៀងលោក លាន អាហ្វ្រីលគីនីន ធ្លាប់បានបើកកន្លែងបញ្ជល់នៅខណ្ឌឫស្សីកែវតែត្រូវអាជ្ញាធរខណ្ឌបំបែក ក៏រត់ទៅបើកនៅព្រៃឫស្សីខណ្ឌពោធិ៍សែនជ័យទៀត»។
ជុំវិញរឿងព័ត៌មានផ្សាយ បង្ហាញពីឈ្មោះ លោក លាន អាព្រីលគីនីន បើកកន្លែងបញ្ជល់មាន់និងថែមទាំងមានជាប់រូបតារារូបនេះក្នុងវីដេអូផងនោះ នៅពេលទំនាក់ទំនងសូមការបំភ្លឺពីលោក លាន អាហ្វ្រីលគីនីន លោកមិនបានបកស្រាយថា យ៉ាងណានោះទេ។
ក្នុងសំណើចកក្អឹកតបនឹងសំនួរសួរចំៗនោះ លោកគ្រាន់តែឆ្លើយថា៖ «ខ្ញុំនៅកំពង់សោមកន្លះខែហើយ» ពេលនោះក៏ចុចផ្តាច់ទំនាក់ទំនងទូរសព្ទតែម្តង។
ដោយឡែក លោកអធិការខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថាកន្លែងបញ្ជល់មាន់ដែលគេផ្សាយថា ជារបស់តារាចម្រៀង លាន អាហ្វ្រីលគីនីន នោះត្រូវបានកម្លាំងរបស់លោក ចុះទៅបង្ក្រាបហើយ ប៉ុន្តែមិនបានឃើញតារាចម្រៀងរូបនេះនៅកន្លែងនោះទេ។
លោកអធិការក៏បានបញ្ជាក់ថា៖ «ខ្ញុំមិនបានដឹងថាកន្លែងនោះបើកដោយតារាចម្រៀងរូបនោះទេ។ មានគេផ្តល់ព័ត៌មានក៏ចាត់កម្លាំងទៅបង្ក្រាបភ្លាមៗមិនឲ្យមានក្នុងខណ្ឌលោកទេ»៕ ដោយមែន កំសត់