ប៉ៃលិន៖ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី ២៦ មករា ម្សិលមិញ ក្រុមយោធាវរៈសេនាតូចលេខ៥០៧ បានឃាត់ពលរដ្ឋ៨នាក់ នៅចំណុចបរថ្មី ក្នុងភូមិបរតាំងស៊ូ សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន គ្រាដែលពួកគេបានចូលកាប់ឈើ នៅតាមបន្ទាត់ព្រំដែនខ្មែ-ថៃ ដែលពុំទាន់បានកំណត់ត្រឹមត្រូវតាមច្បាប់ (តំបន់ស)។
លោកវរៈសេនីយ៍ត្រី ស៊ីម រុន នាយសេនាធិការ វរៈសេនាតូច៥០៧ បានឲ្យដឹងថា ការដែលកម្លាំងរបស់លោកឃាត់ខ្លួនប្រជាពលរដ្ឋមកអប់រំ ព្រោះនៅតំបន់នោះ ជាតំបន់មិនទាន់ច្បាស់លាស់ និង មិនទាន់កំណត់ព្រំប្រទល់រវាងកម្ពុជា-ថៃ នៅឡើយ ហើយខាងភាគីថៃតែងតែដើរល្បាត និង ជាញយដងបានចាប់ និង បាញ់គំរាម ទៅលើពលរដ្ឋខ្មែរដែលឆ្លង ទៅទីនោះដែរ។
ជាមួយគ្នានេះ លោកក៏បានធ្វើការអំពាវនាវ ដល់ពលរដ្ឋទាំងអស់ កុំចូលទៅទីនោះ ដោយរង់ចាំខាងគណៈកម្មការព្រំដែន នៃប្រទេសទាំងពីរធ្វើការដោះស្រាយ និង កំណត់ព្រំដែនច្បាស់លាស់សិន។
យ៉ាងណាក៏ដោយក្រុមពលរដ្ឋដែលត្រូវបានឃាត់ខ្លួននោះ ត្រូវបានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីធ្វើការអប់រំ ៕
ប្រភព៖ ann.com