ភ្នំពេញ៖ នៅសៀលថ្ងៃទី២៧ ខែមករា ម្សិលមិញ កម្លាំងចម្រុះនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ និងស្ថាប័នកាំកុងត្រូលរាជធានីភ្នំពេញ ដឹកនាំដោយ លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃក្រសួងមហាផ្ទៃ លោក លឿង រដ្ឋា ប្រធាននាយកដ្ឋានដោះស្រាយវិវេទ និងគោលនយោបាយទូទៅនៃអគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្ម បានចុះត្រួតពិនិត្យទីតាំងផលិតមេស្ករ លាយសារជាតិហាមឃាត់ ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នៅចំណុចសង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
មន្ត្រីជំនាញបានបញ្ជាក់ឲ្យដឹងថា អ្នកចែកចាយមេស្ករត្នោតផ្ទាល់មាន២ គឺម្ចាស់ទីតាំង ទី១.ឈ្មោះ អូរ សុង ភេទប្រុស អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៨ ផ្លូវ៦៦៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងម្ចាស់ទីតាំង ទី២. គ្រុយ សុខ ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅផ្ទះលេខ៩ ផ្លូវ២៥៥ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។ ម្ចាស់ទីតាំងខាងលើនេះ បានប្រើសារជាតិ Sodium Hydrosulfite (មេស្ករ) យកមកលាយជាមួយស្ករលក់ឲ្យអតិថិជន ប្រើប្រាស់ក្នុងប្រទេស ដែលសារជាតិនេះ បង្កឲ្យសម្ពាធឈាមឡើង បើអ្នកមានជំងឺបេះដូងអាចគាំង អ្នកមានជំងឺហឺតអាចថប់ដង្ហើមស្លាប់បាត់បង់ជីវិតតែម្តង។
ប្រភពបន្តថា ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានដកហូតយកសារជាតិ Sodium Hydrosulfite ចំនួន ២០ធុង និងសំបកធុងប្រើប្រាស់ហើយចំនួន ១២ធុងទៀត ព្រមទាំងផ្អាកការធ្វើអាជីវកម្មបណ្តោះអាសន្នសិន រង់ចាំការដោះស្រាយបន្ត៕
ប្រភព៖ ann.com