ពោធិ៍សាត់៖ គិតក្នុងរយៈពេល៥ថ្ងៃ កម្លាំងក្រសួងបរិស្ថាន ដឹកនាំដោយលោក ញឹល ធុន ប្រធាននាយកដ្ឋាន សហការជាមួយកម្លាំងអាវុធហត្ថស្រុកភ្នំក្រវាញ ចុះបង្ក្រាបបទល្មើសព្រៃឈើនៅចំណុចស្នាក់ការអំពិល ស្ថិតក្នុងភូមិវាលវង់ ឃុំរកាត ស្រុកភ្នំក្រវាញ រឹបអូសបានឈើប្រណិត និងសម្ភារៈមួយចំនួនធំ។
សមត្ថកិច្ចឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើខាងលើ ធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដោយជាលទ្ឋផលបានរកឃើញរោងម៉ាស៊ីនអារឈើ ស្ថិតនៅកណ្តាលព្រៃចំនួន២កន្លែង រឹបអូសបានរថយន្តដំរីទឹកចំនួន២គ្រឿង ក្នុង១គ្រឿងៗផ្ទុកសុទ្ឋតែឈើក្រហមពេញត្រៀប រួមជាមួយឈើប្រណិតចំនួន៩ដុំ និងឈើក្រញូង ចំនួន១៦ការ៉ុង។ ក្នុងកិច្ចបង្រ្កាបនោះក៏បានធ្វើការដុតកម្ទេចចោលឈើប្រមាណ ៥០ម៉ែត្រគីបផងដែរ។
សមត្ថកិច្ចបន្ថែមថា ក្រោយធ្វើការរឹបអូស វត្ថុតាងទាំងអស់ត្រូវបានបញ្ជូនមករក្សាទុកនៅស្នាក់ការអំពិលដែនជំរក សត្វព្រៃ ឱរ៉ាល់៕