មណ្ឌលគីរី៖ ឈើប្រណិតជាច្រើនកំណាត់ ត្រូវបានជំនាញរដ្ឋបាលព្រៃឈើសង្កាត់អូរាំង ចុះធ្វើការរឹបអូស បន្ទាប់ពីត្រូវក្រុមឈ្មួញដឹកទៅលាក់ទុកនៅខាងក្រោយផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិ ពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូរាំង។
លោក សួន សុភាព នាយរងសង្កាត់រដ្ឋបាលព្រៃឈើអូរាំង បានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ មករា ឆ្នាំ២០១៦ ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានឈើជាច្រើនកំណាត់ត្រូវគេដឹកមកលាក់ទុកនៅខាងក្រោយភូមិ លោកក៏បានសហការជាមួយកម្លាំងអធិការស្រុក និងកម្លាំងកងរាជអាវុធហត្ថស្រុក ចុះទៅប្រមូលបាន ឈើប្រណិតសុទ្ធតែជាប្រភេទ ធ្នង់ ចំនួនជាង៧០ដុំ។
លោកបញ្ជាក់បន្ថែមថា ក្រោយរឹបអូសបាន ឈើប្រណិតទាំងអស់ត្រូវបានជញ្ជូនមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ខេត្តមណ្ឌលគីរី ហើយចំពោះទំហំស្មើប៉ុន្មានម៉ែត្រគូបយើងនៅពុំទាន់ដឹងនៅឡើយទេ៕
ប្រភព៖ ann.com