ភ្នំពេញ៖វេលាម៉ោង១៤និង៣០ រសៀលថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦នេះ នៅសាលាខណ្ឌដូនពេញ បានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលប្រកបរបកត់ឆ្នោតនៅក្នុងមូលដ្ឋានខណ្ឌដូនពេញទាំងមូល ដើម្បីចូលរួមប្រជុំស្តីពីបញ្ហាល្បែងស៊ីសងគ្រប់ប្រភេទ និងដាក់ឱសានវាទឲ្យឈប់ប្រព្រឹត្តត្រឹម ថ្ងៃទី០១ ខែមិនាឆ្នាំ២០១៦ ខាងមុខនេះជាកំហិតបើនៅមានបន្តនិងចាត់វិធានការផ្លូវច្បាប់ ក្រោមអធិបតីភាព លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ។
កិច្ចប្រជុំមានការ ចូលរួមពីលោក លោកស្រី អភិបាលរង នៃគណ:អភិបាលខណ្ឌដូនពេញលោក អធិការនគរបាល លោក មេបញ្ជាការកងរាជអាវុធហត្ថ លោក នាយករដ្ឋបាល លោក លោកស្រី ប្រធានការិយាល័យពាក់ព័ន្ធខណ្ឌ លោក លោកស្រី ចៅសង្កាត់ទាំង១១លោក នាយប៉ុស្តិ៍នគរបាលបុស្តិ៍រដ្ឋបាលទាំង១១លោក លោកស្រី ប្រធានផ្សារទាំង ០៣និងអ្នកប្រកបរបរកត់ឆ្នោតកន្ទូយលេខជាច្រើននាក់ផងដែរ។
នាឱកាសនោះដែរលោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានមានមតិជំរាបជូនអំពីគោលការណ៍ច្បាប់និងទោសទណ្ឌដល់អ្នកចូលរួមស្ដាប់ហើយអនុវត្តន៍ ដោយលោកបានបញ្ជាក់ថា កុំឲ្យល្បែងស៊ីសងវារីកដុះដាលធំជាងនេះទៅទៀត សូមលោកចៅសង្កាត់និងប៉ុស្តិ៍នគរបាលដែលជាមន្ត្រីនៅមូលដ្ឋានមេត្តាណែនាំឲ្យអ្នកប្រព្រឹត្ត ត្រូវបញ្ឈប់ជាបន្ទាន់ហើយធ្វើកិច្ចសន្យានិងកំណត់ហេតុមកឲ្យសាលាខណ្ឌបានដឹងផង លោកបានជំរាបថាចំណាត់ការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទសាលាខណ្ឌនិងមន្ត្រីដែលពាក់ព័ន្ធនឹងអនុវត្តន៍ព្រមគ្នានៅថ្ងៃទី០១ខែមិនាតទៅបើអ្នកប្រព្រឹត្តនៅតែមិនរាងចាលនិងប្រឈមមុខចំពោះច្បាប់ជាធរមាន៕