មណ្ឌលគិរីៈ ទំនិញខូចគុណភាព និង ហួសកាលបរិច្ចេទនៃការប្រើប្រាស់ចំនួនជាង ២០០គីឡូក្រាម ត្រូវបាន មន្ត្រីសាខាកាំកុងត្រូលខេត្តមណ្ឌលគិរី សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត និង នគរបាលប្រឆាំង បទល្មើសសេដ្ឋកិច្ចខេត្ត បានធ្វើការដកហូតយក មកកំទេចចោល នៅការិយាល័យពាណិជ្ជកម្ម ស្រុកពេជ្រដា នៅព្រឹកថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០១៦។
លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តបានមាន ប្រសាសន៍ថា ការចុះត្រួត ពិនិត្យ ទំនិញវេចខ្ចប់ស្រាប់ ភេសជ្ជៈនិងចំនីអាហារនៅតាមផ្ទះលក់ចាបហ៊ួយ គឺធ្វើឡើងដើម្បី ពិនិត្យគុណភាព សុវត្តិភាព ទំនិញគ្មានអនម័យ និង ទំនិញគ្មានសុវត្ថិភាពត្រឹមត្រូវដើម្បីដុតកំទេចចោល ក្នុងគោលបំណងការពារ ផលប្រយោជន៍ និងសុខភាពអ្នកប្រើប្រាស់ ។
តាមការត្រួតពិនិត្យនេះផងដែរ បានរកឃើញទំនិញមួយចំនួន ហួសកាលបរិច្ចេទនៃការប្រើប្រាស់ ខូចគុណភាព និង គ្មានអនាម័យ រួមមានៈ ទឹកក្រូចចំរុះចំណុះ២លីត្រ ចំនួន៤៤ដប ស្មើនឹង៨៨គីឡូក្រាម ទឹកម្ទេសម៉ាក (RIMLONG) ចំនួន១០៥ដប ស្មើនឹង១៩គីឡូក្រាម ទឹកត្រីម៉ាក (VINH KHANG) ចំនួន៣០ដប ស្មើនឹង៣០គីឡូក្រាម នំស្រួយម៉ាកលីលី និង សាគីរ៉ា ចំនួន ១៥គីឡូក្រាម មីកញ្ចប់ចំរុះ (វៀតណាមនិងថៃ) ចំនួន៦០គីឡូក្រាម។ ទន្ទឹមនឹងនោះ ដែរលោកក៏បានធ្វើតេស្តរកសារធាតុគីមី (Borax) លើមុខទំនិញដូចជា សាច់ត្រីងៀត នំបញ្ចុក បាញ់ស៊ុង គុយទាវឆា ជាលទ្ធផលពុំឃើញមានសារធាតុ (Borax) នៅក្នុងទំនិញទាំងនោះទេ។
ការចុះត្រួតពិនិត្យនេះដែរ លោក ចាន់ វាសនា ប្រធានសាខាកាំកុងត្រូលខេត្តក៏បានធ្វើការណែនាំ ដល់អាជីវករ ពាណិជ្ជករឲ្យយល់ដឹង និង មានការប្រុងប្រយ័ត្ន ជៀសវាងការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា កំប៉ុងកំពិត ប៉ោង ច្រេះស៊ី ទំនិញដែលមានសារធាតុគីមីហាមឃាត់ និង ការរៀបចំទំនិញលក់ដូរទុក ឲ្យមានសណ្តាប់ធ្នាប់ទៅតាមប្រភេទទំនិញ ទំនិញហូបចុកទំនិញប្រើប្រាស់ផ្សេងៗដាច់ដោយឡែកៗពីគ្នា និងបានបិទរូបភាព ដែលរៀបចំដោយអគ្គនាយកដ្ឋានកាំងកុងត្រូល ស្តីពី សូមពិចារណាមុននឹង ជ្រើសរើស ផលិតផល ម្ហូបអារហារ ណាមួយមកបរិភោគ ជូនដល់អ្នកលក់ដូរ និង អ្នកប្រើប្រាស់ អោយបានយល់ ដឹងពីរូបភាពជាបឋម នូវទំនិញណាដែលគួរប្រើ និងទំនិញណាមិនគួរប្រើប្រាស់ ៕