នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧នេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានដឹកគណៈកម្មការអន្តរក្រសួង ចុះពិនិត្យនិងវាយតម្លៃបទល្មើសនេសាទ នៅបឹងទន្លេសាប ក្នុងទឹកដីខេត្ តកំពង់ឆ្នាំង កំពង់ធំ បាត់ដំបង និងពោធិសាត់ តាមឧទ្ធម្ភាគចក្រ ។
ក្រោយពីបានចុះពិនិត្យ គណៈកម្មការបានវាយតម្លៃថា ជាបឋមនៅតែមានបទល្មើសនេសាទកើតមានឡើងវិញ មួយចំនួន ជាពិសេសនៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ធំ និងខេត្តពោធិសាត់ ។
បើយោងតាមរបាយការណ៍ជាបឋមបានអោយដឹងថា គិតចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ គណៈកម្មការអន្តរក្រសួង និងអនុគណៈកម្មការខេត្តជុំវិញបឹងទន្លេសាប និងខេត្តកណ្តាល បានសហការចុះប្រតិបត្តិការជាបន្តបន្ទាប់ ដោយបានបង្ក្រាបបទល្មើសនេសាទសរុបចំនួន ១៣០ ករណី ដែលក្នុងនោះរួមមានវត្ថុតាងបានបំផ្លាញចោល និងរក្សាទុកចំនួន ១២៦ ករណី បញ្ជូនទៅតុលាការចំនួន ០៨ ករណី ដែលមានជនសង្ស័យចំនួន ៣៧ នាក់ និងបានពិន័យអន្តរការណ៍ចំនួន០៣ ករណី ។