ភ្នំពេញ ៖ ទីតាំងអ៊ីនធឺណេត ជាច្រើនកន្លែង ក្នុងខណ្ឌ៧មករា មានបើកល្បែងស៊ីសងភ្នាល់តាមប្រព័ន្ធ Online ។
ទីតាំងអ៊ីនធឺណេត Online ដឺប្លេនដ៍ណេត ស្ថិតនៅមុខប៉ុស្តិ៍រដ្ឋបាលនគរបាលអូរប្ញស្សី២ ដែលសព្វថ្ងៃកំពុងតែពង្វក់អ្នករត់ម៉ូតូឌុប មន្ត្រីរាជការ សមត្ថកិច្ចឲ្យចូលលេងល្បែងស៊ីសងទាំងនោះ។
ជាពិសេស ល្បែងភ្នាល់បាល់តាមប្រព័ន្ធOnline (សម្រាប់ថ្ងៃសៅនិងថ្ងៃអាទិត្យ) ខាងមុខនេះ គឺបុគ្គលិក ដឺប្លេនដ៍នណេត មមាញឹក ក្នុងការព្រីនបុង និងវាយបុងឲ្យអតិថិជនរបស់ពួកគេ ។ នេះ គ្រាន់តែជាការរិះគន់របស់ប្រជាពលរដ្ឋដែលបាននិយាយទៅ លើទីតាំងបើកល្បែងភ្នាល់តាម Online មួយនេះប៉ុណ្ណោះ នៅមានទីតាំងជាច្រើនកន្លែងទៀត ស្ថិតនៅលើផ្លូវ១៦៤ និងនៅម្តុំផ្សារឌុយម៉ិចជាដើម ជាពិសេសក្នុងខណ្ឌ៧មករានេះតែម្តង ដែលជ្រកក្រោមស្លាក អ៊ីនធឺណេត ២៤ម៉ោង ។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងជាប្រភពផ្តើមចេញឲ្យមានបទល្មើស។ ការបើកល្បែងស៊ីសងភ្នាល់តាម Online គឺជាកំហុសធ្ងន់ធ្ងរ និងមិនអនុវត្តតាមគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល។ ជាពិសេសគឺប្រឆាំងនឹងបទបញ្ជាដ៏តឹងរឹងរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការលុបបំបាត់ល្បែងស៊ីសងទូទាំងប្រទេស ដែលជាយុទ្ធនាការរាជរដ្ឋាភិបាលបានដាក់ចេញតែម្តង ។
លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគរបាលខណ្ឌ៧មករា បានប្រាប់ថា ចំពោះការបើកអ៊ីនធឺណិត ២៤ ម៉ោងនោះ គឺមានច្បាប់ តែលោកមិនបានដឹងថា មានលួចលាក់ល្បែងស៊ីសងទាំងនោះទេ តែលោកនិងលោកអភិបាលខណ្ឌនឹងបង្កើតគណៈកម្មការចុះទៅពិនិត្យផ្ទាល់ ក្នុងករណីមានដូចពលរដ្ឋរាយការណ៍មែន លោកនឹងចុះបង្ក្រាបទីតាំងនោះតែម្តង ៕