ខេត្តត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋកំពុងតែមានក្តីព្រួយបារម្ភ ដោយសារតែពួកគាត់បានឃើញគេបើកល្បែងបញ្ជល់មាន់ និងអាប៉ោងចំនួនពីរកន្លែងក្នុងនោះមាននៅភូមិទួលខ្សាច់១កន្លែង និងនៅភូមិយាយស ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ បានលេងរាល់ថ្ងៃតែម្តង។ ជាមួយនោះពួកគាត់កំពុងតែខ្លាចមានអំពើចោរកម្មលួចប្លន់កើតឡើងក្នុងមូលដ្ឋាន ហើយក៏បង្កឲ្យមានអំពើហិង្សាក្នុងគ្រួសារ ព្រោះតែចាញ់ល្បែង និងសូមឲ្យសមត្ថកិច្ច មេត្តាមានវិធានការចុះបង្ក្រាបផងដែរ។
ប្រជាពលរដ្ឋនៅឃុំទន្លេបិទម្នាក់សូមមិនបញ្ចេញឈ្មោះ ប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១១ កុម្ភៈ ២០១៧ថា គាត់បានឃើញអ្នកភូមិទួលខ្សាច់ និងអ្នកភូមិមួយចំនួនទៀតមកពីស្រុកឆ្ងាយៗ បាននាំគ្នាជិះម៉ូតូដោយមានទាំងបាវច្រកមាន់ដាក់ក្នុងកន្ត្រកថែមទៀត បានយកម៉ូតូទៅផ្ញើនៅតាមផ្ទះអ្នកភូមិ រួចបាននាំគ្នាដើរតម្រង់មករកសង្វៀនបញ្ជល់មាន់ នៅត្រង់កន្លែងបង្គោលខ្សែកាបវារីអគ្គីសនី ដែលកំពុងតែតម្លើងនៅត្រង់ទួលចូលទៅក្នុងមានចម្ងាយប្រហែលជាង១០០ម៉ែត្រ។
ប្រជាពលរដ្ឋនៅឃុំទន្លេបិទ ប្រាប់បន្តឲ្យដឹងទៀតថា សកម្មភាពលេងល្បែងបញ្ជល់មាន់នេះ បានកើតឡើងជាច្រើនថ្ងៃមកហើយ ព្រមទាំងបានលេងរាល់ថ្ងៃទៀតផង។ គឺមានមនុស្សមកលេងកាន់តែច្រើន
ឡើងៗ ជាមួយនោះអ្នកទន្លេបិទក៏បានលង់ខ្លួនវេចលុយយកទៅលេងល្បែងបញ្ជល់មាន់ និងអាប៉ោងធម្មតា ល្បែងលេងតែងតែឈ្នះ និងចាញ់ហើយ តែភាគច្រើនចាញ់តែម្តងកម្រនឹងឈ្នះណាស់។ មានអ្នកខ្លះបានទៅស៊ីឈ្មួលធ្វើចម្ការបានលុយ១០ម៉ឺនរៀល មិនបានយកមកឲ្យប្រពន្ធនោះទេ គឺបែរជាយកទៅលេងល្បែងទៅវិញ ទាំងនេះបានធ្វើឲ្យស្ថានភាពជីវភាពគ្រួសារកាន់តែជួបនឹងបញ្ហាដុនដាបទៅៗ បន្ទាប់មក
នឹងមានអំពើហិង្សាក្នុងគ្រួសារត្រូវកើតមានឡើង។
ខ្លះទៀតចាញ់ល្បែងអស់លុយច្រើន និងបែកគំនិតចេញធ្វើសកម្មភាពលួចទ្រព្យអ្នកភូមិថែមទៀត ដើម្បីយកមកលេងល្បែងនោះ ហើយម្ចាស់សង្វៀនមាន់នៅ
ទួលខ្សាច់នេះត្រូវបានគេស្គាល់ឈ្មោះ ណាត។
លោក ភិន ឈុន មេឃុំទន្លេបិទប្រាប់ថា៖ រូបលោកទទួលស្គាល់ថា ពិតមានគេបើកលេងល្បែងស៊ីសងនៅវាលកប់សពភូមិទួលខ្សាច់មែន ចំណែកនៅភូមិយាយស ឃុំទន្លេបិទ មាន១កន្លែងទៀតដែលបានបើកលេងបញ្ជល់មាន់ និងអាប៉ោងដែលមើលទៅរបៀបកាស៊ីណូ លេងដាក់លុយធំៗជាងនៅទួលខ្សាច់ទៀត តាមច្បាប់គេមិនអនុញ្ញាតឲ្យលេងនោះទេ។
តែអ្នកទាំងនោះសុទ្ធសឹងតែមានខ្សែ ក្នុងមួយថ្ងៃៗមានម៉ូតូផ្ញើជាច្រើនគ្រឿងឡើងណែនៗ មិនយូរទេនឹងចាត់ការក្រុមអ្នកបើកល្បែងទាំងនោះហើយ។ សូមបញ្ជាក់ថា ទីតាំងដែលបើកលេងល្បែងបញ្ជល់មាន់ និងអាប៉ោងក្នុងព្រៃបឹងទន្សោង ឃុំទន្លេបិទនេះមានម្ចាស់ឈ្មោះ ថុល អតីតជាមន្ត្រីបរិស្ថានខេត្តកំពង់ចាម កំពុងតែសប្បាយនឹងល្បែងស៊ីសងហាក់បីដូចជាមិនខ្លាចញញើត ចំពោះសមត្ថកិច្ចទាល់តែសោះ៕