ខេត្តក្រចេះ ៖ ប្រភពពីប្រជាពលរដ្ឋរស់នៅព្រំដែនក្នុងឃុំ ០២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ បានឲ្យដឹងថា សព្វថ្ងៃនេះលោកឧត្ដមសេនីយ៍ត្រី គង់ក្រឹង មេបញ្ជាការរង វរការពារព្រំដែនលេខ ២០៤ នៅតែបន្តសកម្មភាព ប្រមូលទិញឈើស្តុកទុក ខុសច្បាប់តាមព្រំដែន និងដឹកជញ្ជូនឈើខុសច្បាប់ ចេញទៅប្រទេសវៀតណាម យ៉ាងពេញបន្ទុក គ្មានអ្នកណាប៉ះពាល់បានឡើយ។
មន្ត្រីយោធាតូចតាចក្នុង វរការពារព្រំដែនលេខ ២០៤ ក៏បានបង្ហើបឲ្យដឹងថា៖ ការដែលលោក គង់ ក្រឹង អាចបន្តប្រព្រឹត្តបទល្មើសព្រៃឈើ តាមអំពើចិត្តគឺមានការឃុបឃិតជាប្រព័ន្ធ និងមានការបែងចែកផលប្រយោជន៍ ដល់មន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀតតាមជាក់ស្ដែង។ ហេតុនេះហើយទើបលោក គង់ ក្រឹង អាចដឹកឈើចេញតាមច្រករបៀងក្រោលគោ ភូមិត្រពាំងស្រែ ឃុំ០២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ យ៉ាងពេញបន្ទុក ហើយមន្ត្រីយោធាជាន់ខ្ពស់មួយចំនួន ក្នុងខេត្តក្រចេះ ក៏អាចជាប់ពាក់ព័ន្ធ ផលប្រយោជន៍ពីឈ្មួញឈើរូបនេះផងដែរ។
ប្រជាពលរដ្ឋក្នុងស្រុកស្នួល ខេត្តក្រចេះ មួយចំនួនបានស៊ីឈ្នួលដឹងឈើតាមម៉ូតូ ទៅលក់ឲ្យមេឈ្មួញ គង់ ក្រឹង ដល់បន្ទាយយោធា វរការពារព្រំដែនលេខ ២០៤ ដោយពុំមាន មន្ត្រីជំនាញឬសមត្ថកិច្ចណាចាត់វិធានការបង្ក្រាបឡើយ។
ហេតុនេះហើយទើបជំនួញ ឈើរបស់លោក គង់ ក្រឹង អាចប្រព្រឹត្តទៅយ៉ាងរលូនហើយក្រុមហ៊ុននិងឈ្មួញឈើខ្លះទៀត បានពឹងពាក់ឲ្យ លោក គង់ ក្រឹង ជួយដឹកឈើចេញតាមច្រករបៀងនិងច្រកព្រំដែនក្នុង ឃុំ០២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ផងដែរ ដើម្បីចៀសផុតពីការរំខាន។
មន្ត្រីយោធាក្នុងស្រុកស្នួលបានបញ្ជាក់ថា ឥឡូវនេះមេឈ្មួញឈើឈ្មោះ គង់ ក្រឹង បាន យកបន្ទាយវរយោធាការពារព្រំដែនលេខ ២០៤ សំរាប់ស្តុកឈើមុនពេលដឹកជញ្ជូន ចេញទៅក្រៅស្រុក។