រតនគិរី ៖ មន្ត្រីសាលាក្រុងចាប់រថយន្តដឹកឈើប្រណិតពីគ្រឿងយកលុយពីឈ្មួញ ប្រលែងវិញ ហេតុការណ៍នេះបានកើតឡើងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង១រសៀលរហូតដល់ម៉ោង២ជាងរសៀលថ្ងៃដដែលទើបក្រុមឈ្មួញបាននិយាយត្រូវថ្លៃគ្នារួចដោះលែងរថយន្តសាំយ៉ុងចំនួន២គ្រឿងដែលផ្ទុកឈើប្រណិតពេញរថយន្តតែម្តង ក្នុងសកម្មភាពជាក់ស្តែងគេបានឃើញរថយន្តរបស់លោកកៃ សាវិន ជាមន្ត្រីទទួលបន្ទុករដ្ឋបាលសាលាក្រុងដាក់រថយន្តរបស់ខ្លួនកាងមុខទ្វារចេញចូលជាកន្លែងរថយន្តយកមកស្តុកទុកនៅក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង។
បើតាមប្រភពពត៌មានពីតៃកុងឡានទាំង២ខាងលើបានអោយដឹងថានៅថ្ងៃកើតហេតុនោះក្រុមពូកគេមានរថយន្តចំនួន៤គ្រឿងម៉ាកសាំយ៉ុងបានស៊ីឈ្នួលដឹកឈើប្រណិតចេញពី ខេត្តស្ទឹងត្រែង ស៊ីឈ្នួលឈ្មោះស្រីជីង ជាជនជាតិវៀតណាមនៅក្នុងខណៈនោះដែរពេលរថយន្តម៉ាកសាំយ៉ុងទាំងពីរមកដល់ទីរួមក្រុងបានលុងស្រាប់តែលិចចេញរថយន្តម៉ាកបាឡែន ពាក់ស្លាកលេខភ្នំពេញ2AK0018 ពណ៌ស របស់លោកកៃ សាវិន បានដេញតាមពីក្រោយជាប់តែម្តង ហើយបានរត់ចូលកន្លែងឃ្លាំងស្តុកឈើដែលមានទីតាំងខាងលើរួចធ្វើការចរចាគ្នាអស់រយៈពេលជិត២ម៉ោងទើបត្រូវរ៉ូវគ្នាគឺសេវាបង់ទៅអោយលោកកៃ សាវិន អស់៣០០០ដុល្លា និងសុំក្រៅ៥០០ដុល្លាថែមទៀត សរុប៣៥០០ដុល្លា។ តៃកុងឡានទាំង២បានបន្តទៀតថា រថយន្តចំនួន៤គ្រឿងម៉ាកសាំយ៉ុងនោះមន្ត្រីសាលាក្រុងខាងលើចាប់បានតែ២គ្រឿងនោះទេដោយពីរគ្រឿងទៀតរត់គេចបាត់។
ដោយឡែកម្ចាស់ដីឡូត៍បានអោយដឹងថាដោយមានបញ្ជាពីម្ចាស់ឈើអោយតេទូរស័ព្ទហៅលោកកៃ សាវិន មកនិយាយគ្នាខាងក្រៅ ដើម្បីកំណត់អោយម្ចាស់ឈើដែលមានឈ្មោះខាងលើប្រគល់ថវិការជូនលោកកៃ សាវិន ចាប់ពីម៉ោង២រសៀលតែមកដល់ម៉ោង៣រសៀលថ្ងៃដដែលនេះឈ្មោះស្រីជីង ជាម្ចាស់ឈើអត់បានប្រគល់លុយមកអោយគាត់(ម្ចាស់ដីឡូត៍) ដើម្បីយកមកអោយឈ្មោះកៃ វិន នោះឡើយធ្វើអោយម្ចាស់ដីឡូត៍មានការព្រួយបារម្មណ៍ ក្នុងខណៈនេះគឺឈើប្រណិតក្នុងដីឡូត៍របស់គាត់ និងរថយន្តសាំយ៉ុងបានទំលាក់ឈើចេញអស់បើករថយន្តគេចបាត់។ ដោយឡែកលោកកៃ សាវិន ជាមន្ត្រីសាលាក្រុងទទួលបន្ទុករដ្ឋបាលបានអោយដឹងថាគាត់ អត់បានទទួលលុយពីក្រុមឈ្មួញដូចការចោទប្រកាន់នោះទេ ដោយមូលហេតុម្ចាស់ឈើនិងម្ចាស់ដីឡូត៍ជាអ្នកស្គាល់គ្នា៕