បន្ទាប់បីប្រកាសពីទីក្រុង Berlin ប្រទេសអាល្លឺម៉ង់កាលពីប៉ុន្មានថ្ងៃមុននេះ Mate S ត្រូវបានប្រភពពីក្រុមហ៊ុនក្នុងស្រុកអះអាងថា អាចមកដល់ទីផ្សារប្រទេសកម្ពុជាក្នុងអំឡុងខែតុលាជាមួយតម្លៃលក់ចន្លោះពី ៦០០ ដុល្លារ ទៅ ៦៦០ ដុល្លារ។
Mate S ត្រូវបានក្រុមហ៊ុន Huawei បានដាក់បង្ហាញក្នុងព្រឹត្តិការណ៍ IFA ប្រទេសអាល្លឺម៉ង់ជាមួយការអះអាងក្នុងការនាំបច្ចេកវិទ្យា Force Touch ជាបច្ចេកវិទ្យាដំបូងដែលបំពាក់នៅលើស៊េរីទូរសព្ទដៃទំនើប។
បើយោងតាមបុគ្គលិកជាន់ខ្ពស់ក្រុមហ៊ុន Huawei ប្រចាំប្រទេសកម្ពុជាប្រាប់ថា Mate S នឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅអំឡុងខែតុលា ដែលតម្លៃចន្លោះពី ៦០០ ដុល្លារទៅ ៦៦០ ដុល្លារ។
ជាមួយតម្លៃលក់នេះ បុគ្គលិករូបនេះបញ្ជាក់ថាក៏ជាការបារម្ភមួយដែរសម្រាប់ការប្រកួតប្រជែងលើទីផ្សារ ។
ការចេញលក់ Mate S ស្របពេលគ្នាដែលក្រុមហ៊ុន Apple ក៏គ្រោងប្រកាសបង្ហាញ iPhone ជំនាន់ថ្មីនៅអំឡុងខែកញ្ញានេះ ដែលអាចប្រជែងទូរសព្ទស៊េរីថ្មីនេះ។
Mate S រចនាឡើងដោយបំពាក់អេក្រង់ទំហំ ៥,៥ អ៊ីញ ប្រភេទ AMOLED ។ Mate S បាន Upgrade បន្ថែមទៅលើបច្ចេកវិទ្យាស្គែនក្រយៅដៃ និង ”Knuckle Sense” រួមទាំងបច្ចេកវិទ្យា Light Painting ដែលមានបំពាក់នៅលើទូរសព្ទ P8។