ភ្នំពេញៈ តម្លៃសាច់ជ្រូកកំពុងធ្លាក់ចុះបន្ទាប់ពីការផ្ទុះឡើងនូវជំងឺជ្រូកត្រចៀកខៀវ និងកំពុងរីករាលដាលនៅតាមខេត្តមួយចំនួនទៀត ខណៈអតិថិជនមានការភ័យខ្លាច។ នេះបើយោងតាមអ្នកផ្គត់ផ្គង់ និងអ្នកលក់រាយ។
ក្រសួងកសិកម្មកាលពីសប្ដាហ៍មុន បានឲ្យដឹងនៅក្នុងសេចក្ដីប្រកាសព័ត៌មានថា ជំងឺនេះបានរីករាលដាលដល់ខេត្តពីរទៀត គឺខេត្ត កំពង់ចាម និងខេត្តស្វាយរៀង។ ជំងឺត្រចៀកខៀវផ្ទុះឡើងលើកដំបូងនៅក្នុងខេត្តសៀមរាប។
អ្នកស្រី កែវ សុខលាភ អ្នកលក់សាច់ជ្រូកនៅផ្សារអូរឫស្សីឲ្យដឹងថា ការលក់របស់អ្នកស្រីធ្លាក់ចុះខ្លាំងជាងធម្មតា។
អ្នកស្រីថ្លែងថា៖ «ការលក់បានថយចុះប្រហែល៣០ភាគរយជាងធម្មតា ដែលអ្នកទិញភាគច្រើនមានការបារម្ភអំពីជំងឺជ្រូកត្រចៀកខៀវ ដូច្នេះពួកគេកាត់បន្ថយការបរិភោគសាច់ជ្រូក»។
អ្នកស្រីបន្ថែមថា មានពេទ្យសត្វបានពិនិត្យជារៀងរាល់ថ្ងៃ។ អ្នកស្រីបន្តថា៖ «ពេទ្យសត្វមកពិនិត្យសាច់ជ្រូកជារៀងរាល់ព្រឹកមុនពេលយើងលក់»។
លោក សេង គីមហួត អ្នកលក់សាច់ជ្រូកនៅផ្សារចាស់នៅក្នុងខេត្តសៀមរាបបានឲ្យដឹងថា អ្នកទិញភាគច្រើនមិនបានដឹងអំពីជំងឺជ្រូកត្រចៀកខៀវនេះទេ ពួកគេបារម្ភអំពីការរីករាលដាលជំងឺនេះ ឬប៉ះពាល់ដល់សុខភាព ធ្វើឲ្យការលក់របស់លោកបានថយចុះប្រហែល៣០ភាគរយដល់៤០ភាគរយ។
លោកលើកឡើងថា៖ «តម្លៃសាច់ជ្រូកបានធ្លាក់ចុះ ហើយតម្រូវការកាន់តែទាបផងដែរ»។ លោកបន្ថែមថា ជាធម្មតាលោកអាចរកបានប្រាក់ចំណូលប្រហែល ៤ លានរៀលក្នុងមួយថ្ងៃ ប៉ុន្តែនៅពេលនេះលោកអាចរកប្រាក់ចំណូលបានប្រហែល២លានរៀលតែប៉ុណ្ណោះក្នុងមួយថ្ងៃ។
រដូវបុណ្យភ្ជុំបិណ្ឌនឹងចូលមកដល់ចុងខែនេះដែលជាពេលមានតម្រូវការសាច់ជ្រូកខ្ពស់។
លោក ចាន់ សុធា ប្រធានក្រុមហ៊ុន Hok Hieng co.Ltd ជាក្រុមហ៊ុនផ្គត់ផ្គង់សាច់ជ្រូកមួយដល់ទីផ្សារនៅទីក្រុងភ្នំពេញបានឲ្យដឹងថាបច្ចុប្បន្នតម្រូវការសាច់ជ្រូកបានធ្លាក់ចុះតិចតួច។
លោកថ្លែងថា៖ «តម្រូវការសាច់ជ្រូកនៅក្នុងទីផ្សារទាបជាងធម្មតា ហើយតម្លៃក៏ធ្លាក់ចុះផងដែរ ហើយអតិថិជនមានការភ័យខ្លាចអំពីការឆ្លងជំងឺនេះ»។
បើទោះបីយ៉ាងនេះក្តីមន្ត្រីក្រសួងកសិកម្មបានឲ្យដឹងថា ការផ្ទុះឡើងនូវជំងឺនេះនឹងមិនប៉ះពាល់ដល់ការផ្គត់ផ្គង់សាច់ជ្រូកក្នុងទីផ្សារឡើយ។
ប្រធាននាយកដ្ឋានលទ្ធកម្ម និងបសុព្យាបាលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក តាន់ ផាន់ណារ៉ា បានថ្លែងថា៖ «យើងកំពុងតាមដានស្ថានការណ៍នេះ វានឹងមិនប៉ះពាល់ដល់តម្រូវការទីផ្សារនោះទេ តម្លៃសាច់ជ្រូកនៅតែដដែល»។ លោកបញ្ជាក់ថា៖ «នៅពេលនេះយើងកំពុងត្រួតពិនិត្យ ជំងឺប្រភេទនេះអាចព្យាបាលបាន ហើយនឹងមិនឆ្លងដល់មនុស្សនោះទេ»។
ទោះបីមានការពន្យល់ពីមន្ត្រីជំនាញទាក់ទងនឹងជំងឺនេះក៏ដោយក៏អ្នកបរិភោគនៅតែបារម្ភអំពីសុវត្ថិភាព។
អ្នកស្រី ទូច សាវ៉ុន ជាចុងភៅបម្រើការនៅសាលារៀនអន្តរជាតិ smart kid នៅក្នុងខេត្តសៀមរាបបានឲ្យដឹងថា អ្នកស្រីមិនបានទិញសាច់ជ្រូកទេ ចាប់តាំងពីជំងឺនេះបានកើតឡើង។
អ្នកស្រីបន្ថែមថា៖ «សាលារៀនបារម្ភអំពីសុខភាពរបស់ក្មេងៗ។ យើងភ័យខ្លាចការរីករាលដាលរបស់ជំងឺនេះដល់សុខភាពរបស់ក្មេងៗ»។
លោក ម៉ុង ឫទ្ធី ដែលវិនិយោគកសិដ្ឋានចិញ្ចឹមជ្រូក ៤០ ០០០ក្បាលបានលើកឡើងថា កសិដ្ឋានរបស់លោកមិនទាន់រងផលប៉ះពាល់នៅឡើយទេ។
លោកថ្លែងថា៖ «ជំងឺនេះកំពុងរីករាលដាលដោយសារតែការនាំចូលសត្វជ្រូកមានសុខភាពមិនល្អមកកាន់ប្រទេសកម្ពុជា»។ លោកបន្ថែមថា ការបង្កើនការចិញ្ចឹមជ្រូកកាន់តែច្រើននៅក្នុងប្រទេសគឺប្រសើរជាងការនាំចូលមកពីបរទេស៕