ភ្នំពេញ ៖ អាជ្ញាធរាជធានីភ្នំពេញមានគម្រោងស្ថាបនាស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដីចំនួន១ខ្សែបន្ថែមទៀត ដើម្បីកែលម្អ និងដោះស្រាយបញ្ហាការកកស្ទះចរាចរណ៍ឲ្យកាន់តែមានភាពរលូនដូចស្ពានអាកាស និងផ្លូវក្រោមដីស្ទឹងមានជ័យ ។ គម្រោងនេះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាទៅនឹងប្រព័ន្ធចរាចរណ៍នៅតំបន់ស្ពានអាកាសក្បាលថ្នល់ នៅសាលារាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២២ កញ្ញា ២០១៥ ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ និងការចូលរួមពីមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទជាច្រើនរូបទៀត ។
ដោយមើលឃើញបញ្ហាកកស្ទះចរាចរណ៍នៅតែកើតមាននៅតំបន់ស្ពានអាកាសក្បាលថ្នល់នោះ មន្ត្រីសាលារាជធានីភ្នំពេញ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២២ កញ្ញា ២០១៥ នេះ លោក ប៉ា សុជាតិវង្ស បានដឹកនាំប្រជុំឆ្លងគម្រោងសាងសង់បន្ថែមស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ដើម្បីកែលម្អ និងដោះស្រាយបញ្ហាចរាចរណ៍នៅតំបន់ក្បាលថ្នល់នេះឲ្យកាន់តែប្រសើឡើង ដូចស្ពានអាកាសស្ទឹងមានជ័យ ។ កិច្ចប្រជុំនេះបានពិភាក្សាលើជម្រើសចំនួន២ គឺ ទី១-សាងសង់ស្ពានអាកាសចំនួន២ និងផ្លូវក្រោមដីចំនួន២ និងទី២-សាងសង់ស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដីចំនួន១ ។
ក្រោយពីការបកស្រាយដោយ លោក សាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លើការសិក្សាគម្រោងលម្អិតរួចមក អង្គប្រជុំបានសម្រេចជ្រើសយកជម្រើសទី២ គឺសាងសង់ស្ពានអាកាសចំនួន៣ និងផ្លូវក្រោមដីចំនួន១ខ្សែ ដោយហេតុថា ជម្រើសទី២នេះ ស្របតាមស្តង់ដារបច្ចេកទេសល្អប្រសើរជាងជម្រើសទី១ លើបញ្ហាជម្រាល និងកំពស់ ។
លោក សាំ ពិសិដ្ឋ បានឲ្យដឹងថា នៅតំបន់ស្ពានអាកាសក្បាលថ្នល់នាពេលនេះ បញ្ហាការកកស្ទះចរាចរណ៍នៅតែកើតមានដដែល ដើម្បីឲ្យមានភាពប្រសើរឡើង សាលារាជធានីភ្នំពេញ មានគម្រោងស្ថាបនាស្ពានអាកាស និងផ្លូវក្រោមដីបន្ថែមទៀត ។ ស្ពានអាកាសដែលសាលារាជធានីភ្នំពេញជ្រើសយកចំនួន៣នោះ គឺ ទី១-ហោះស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ពាប់ទៅស្ពានព្រះមុនីវង្សថ្មី ទី២-តភ្ជាប់ពីស្ពានព្រះមុនីវង្សចាស់បត់កោងស្តាំឡើងទៅចាក់អង្រែ និងទី៣-ហោះស្របពីលើមហាវិថីព្រះមុនីវង្សបត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ និងផ្លូវក្រោមដី១ខ្សែទៀត មុជក្រោមដីពីចាក់អង្រែទៅចេញនៅមហាវិថីព្រះមុនីវង្សតែម្តង ។
លោកបានបញ្ជាក់ថា ចំពោះស្ពានអាកាសដែលហោះខាងលើនេះ មានបណ្តោយមិនស្មើគ្នានោះទេ គឺចាប់ពី២២០ម៉ែត្រដល់២៤០ម៉ែត្រ ទទឹងចាប់ពី៥ម៉ែត្រទៅ៧ម៉ែត្រ ចំណែកផ្លូវមុជក្រោមដីវិញ មានបណ្តោយ៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួច ការធ្វើចរាចរណ៍នៅតំបន់ស្ពានអាកាសក្បាលថ្នល់នឹងមានភាពប្រសើរឡើង ។
ទាក់ទិនទៅនឹងគម្រោងការស្ថាបនាបន្ថែមស្ពានអាកាស និងផ្លូវក្រោមដីខាងលើនេះ ពុំមានមន្ត្រីសាលារាជធានីភ្នំពេញ ណាអាចបញ្ជាក់ពីការចាប់ផ្តើមពីពេលណានោះទេ ចំណែកឯការចំណាយក៏មិនទាន់ដឹងដែរ ៕