រតនគីរីៈ ប្រជាពលរដ្ឋចំណាកស្រុកភាគច្រើន មកខេត្តរតនគីរី ប្រកបរបរជីកត្បូង ក្រោយពីក្រសួងរ៉ែនិងថាមពល បានផ្ដល់សិទ្ធអោយមន្ទីរ រ៉ែនិងថាមពលខេត្ត ចេញអាជ្ញាប័ណ្ណធនធានរ៉ែ អោយប្រជាពលរដ្ឋមានសិទ្ធធ្វើអាជីវកម្មលក្ខណៈជាសិប្បកម្មខ្នាតតូច បានតាមរបៀបសហគមន៍។
ខេត្តរតមគីរី ជាខេត្តដែលមានសក្កដានុពលផ្នែកធនធានធម្មជាតិ រ៉ែត្បូង និងរ៉ែមាស ជាក់ស្ដែង នៅភូមិបរកែវចាស់ ឃុំឡាមិញ ស្រុកបរកែវ ខេត្តរតនគិរី ប្រជាពលភាគច្រើន ដែលធ្វើចំណាកស្រុក មកពីខេត្តឆ្ងាយៗ រាប់ពាន់នាក់ជីកត្បូង អ្នកខ្លះមកម្នាក់ឯង អ្នកខ្លះទៀតមកទាំងក្រុមគ្រួសារផងដែរ។
តាមការអោយដឹងពីប្រជាពលរដ្ឋមកជីកត្បូងនៅទីនោះថា ពួកគាត់ជីកបានត្បូងលក់អោយថៅកែក្នុង១ថ្ងៃបាន៥ម៉ឺនរៀល ហើយថ្ងៃមានសំណាងបានត្បូងល្អគឺ អាចបានរហូតដល់ទៅ២ពាន់ដុល្លាឯណោះ។
លោក ហេង មន្នី អភិបាលស្រុកបរកែវ និយាយថា ការជីកត្បូងនៅបរកែវ មានច្រើនកន្លែងណាស់ មានកន្លែងខ្លះអត់ច្បាប់ដូចជានៅក្នុងចំការកៅស៊ូក្រុមហ៊ុនហ្វីស រ៉ាប់ប៊ឺ លីមីតធីក ពុំមានច្បាប់ទេ លោកកំពង់ទាក់ទងក្រុមហ៊ុនដើម្បីមានវិធានការទប់ស្កាត់។
លោកប្រធានមន្ទីររ៉ែនិងថាមពលខេត្តរតនគីរី ហ៊ុន ប៊ុនថាន បានអោយដឹងថា ក្រោយពីក្រសួងបានចេញប្រកាសប្រគល់សិទ្ធជូនមន្ទីររ៉ែនិងថាមពល រាជធានី ខេត្ត ក្នុងការពិនិត្យសម្រេច និងផ្ដល់អាជ្ញាប័ណ្ណសិប្បកម្មធនធានរ៉ែមក ខាងមន្ទីរលោកបានចេញអាជ្ញាប័ណ្ណចំនួន៩ហើយ ក្នុងស្រុកបរកែវ។ លោកបញ្ជាក់ថា អាជ្ញាប័ណ្ណដែលលោកបានចេញ គឺតម្រូវអោយជីកមិនលើសពីជម្រូវ២០ម៉ែត្រ ហើយបង់សួយសាហាករជូនរដ្ឋក្នុង១ហិតា ២ពាន់ដុល្លា ថ្លៃអាជ្ញាប័ណ្ណ១លានរៀល ធ្វើអាជីវកម្មបានរយៈពេល១ឆ្នាំ ដោយឡែកអាជ្ញាប័ណ្ណធ្វើអាជីវកម្ម ជីករ៉ែមាសក្នុងខេត្តរតនគីរីនៅពុំទាន់មានទេ។
គួរបញ្ជាក់ថា កន្លងមកប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងប្រជាពលរដ្ឋចំណាកស្រុក តែងតែឆ្មក់ចូលលួចជីកខុសច្បាប់ ហើយត្រូវបានសមត្ថកិច្ចបង្ក្រាបជាញឹកញាប់ ទើបតែពេលនេះពួកគាត់មានសិទ្ធធ្វើអាជីវកម្មពេញលេញ មិនត្រឹមតែប៉ុណ្ណោះពួកគាត់ខ្លះអាចបោះតង់ បោះជំរុំ ទាំងគ្រួសារសំរាកនៅទីនោះទៀតផង។ នេះបញ្ជាក់អោយឃើញពីគោលនបាយដ៏ប្រសើរបស់រាជរដ្ឋាភិបាល ជួយអោយប្រជាពលរដ្ឋមានប្រាក់ចំណូល កាត់បន្ថយការចំណាកស្រុកទៅធ្វើការនៅប្រទេសគេ និងម្យ៉ាងទៀតបានប្រាក់ចំណូលចូលរដ្ឋផងដែរ៕