ចិន៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមជាវាគ្មិននៅក្នុងកិច្ចពិភាក្សាទល់មុខគ្នារវាងរដ្ឋមន្ត្រីទេសចរណ៍ អ្នកកសាងគោលនយោបាយទេសចរណ៍ និងផ្នែកឯកជនក្នុងវិស័យទេសចរណ៍ នៅក្នុងវេទិកាសេដ្ឋកិច្ចទេសចរណ៍សកលលើកទី៤ ក្រោមប្រធានបទ “ការកាត់បន្ថយរយៈចម្ងាយតាមរយៈការតភ្ជាប់” នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ នៅទីក្រុងម៉ាកាវ សាធារណៈរដ្ឋប្រជាមានិចិន ក្រោមវត្តមានឯកឧត្តម តាលិប រីហ្វៃ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក និងសម្របសម្រួលដោយ លោកស្រី Anita Mendiratta នៃទូរទស្សន៍ CNN។
ឯកឧត្តមរដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចូលរួមនូវទស្សនទានមួយចំនួនពាក់ព័ន្ធទៅនឹងប្រធានបទខាងលើ ដើម្បីជំរុញសន្ទុះកំណើនទេសចរនៅតាមបណ្តោយវិថីសូត្រ (Silk Road) ស្របជាមួយនឹងការលើកឡើងរបស់ ឯកឧត្តម តាលិប រីហ្វៃ អគ្គលេខាធិការអង្គការទេសចរណ៍ពិភពលោក ក្នុងការជំរុញការអនុវត្តគោលនយោបាយវិថីសូត្រ គឺត្រូវយកចិត្តទុកដាក់លើការសម្រួលបែបបទធ្វើដំណើរ (ការលើកលែងទិដ្ឋាការ ការប្រើប្រាស់ E-Visa និងសេរីភាពក្នុងការហោះហើរ (Fifth Freedom)។ ព្រមជាមួយនោះ ឯកឧត្តមក៏ ស្នើឲ្យគិតគូអំពីបញ្ហារៀនសូត្រភាសាដើម្បីទំនាក់ទំនង (Communication Languages) ដែលក្រៅពីរៀនភាសាអង់គ្លេស ត្រូវរៀនភាសាចិនផងដែរ នៅក្នុងបណ្តោយប្រទេសវិថីសូត្រ។
ដើម្បីចាប់យកកាល្លានុវត្តន៍ភាពនៃដែលកើតចេញពីការដាក់ចេញនូវគោលនយោបាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រនៃក្របខណ្ឌវិថីសូត្រ (Silk Road) ឯកឧត្តមរដ្ឋមន្ត្រី បានលើកជាគោលគំនិតចម្បង២ ផ្តើមចេញពីដាក់ចេញសេចក្តីប្រកាសសៀមរាបស្តីពីទេសចរណ៍ និងវប្បធម៌ នៃសន្និសីទពិភពលោកស្តីពីទេសចរណ៍ និងវប្បធម៌លើកទី១ (កាលពីខែកុម្ភៈ ឆ្នាំ២០១៥ នៅសៀមរាប អង្គរ ព្រះរាជាណាចក្រកម្ពុជា) ដើម្បីជាប្រយោជន៍រួមនៃប្រទេសតាមបណ្តោយវិថីសូត្រនេះ ពិសេសគឺដើម្បីជំរុញកំណើនទេសចរណ៍វប្បធម៌ តាមរយៈការបង្កើនឧត្តមភាពប្រកួតប្រជែង (Competitive Advantages) និងនិរន្តរភាពនៃការអភិវឌ្ឍ (Sustainability)។
ដើម្បីបង្កើនឧត្តមភាពប្រកួតប្រជែងកាន់តែខ្លាំង ឯកឧត្តមរដ្ឋមន្ត្រីបានស្នើឲ្យប្រទេសនៅតាមបណ្តោយវិថីសូត្រ ខិតខំរួមគ្នាបង្កើតផលិតផលទេសចរណ៍វប្បធម៌គំរូ (Model Tourism Product) ដែលជាចំណុចស្នូលក្នុងការទាក់ទាញទេសចរពីពិភពលោកជាមួយផលិតផលប្រកបដោយភាពច្នៃប្រឌិត មានការគិតគូរដល់កិច្ចការពារបរិស្ថាន។
តើធ្វើយ៉ាងណាដើម្បីឲ្យមានផលិតផលល្អគឺត្រូវមានការវិនិយោគ (តាមរយៈផ្នែកឯកជន) ដែលមានការគិតគូរដល់ទស្សនទាន បៃតង និងស្អាត (Green and Clean) ប្រកបដោយភាពច្នៃប្រឌិត (Innovative and creative) និងការចូលរួមដល់ទំនួលខុសត្រូវផ្នែកសង្គម (Social Corporate Responsibility)។ ការវិនិយោគត្រូវមានមានមូលធន ធនធាន និងជំនាញច្បាស់លាស់។
អ្វីជាលក្ខណៈពិសេសជំរុញឲ្យមានការវិនិយោគនៅតាមប្រទេសស្ថិតនៅបណ្តោយវិថីសូត្រនេះ គឺដោយសារគំនិតផ្តួចផ្តើមគោលនយោបាយវិថីសូត្រនេះមានមូលនិធិផ្ទាល់ចំនួន ៤០ពាន់លានដុល្លា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ (AIIB) ដែលមានទឹកប្រាក់ ១០០ ពាន់លានដុល្លា ដែលឯកឧត្តមរដ្ឋមន្ត្រីបានលើកគំនិតផ្តួចផ្តើមបង្កើតឲ្យមានមូលនិធិទ្រទ្រង់ការអនុវត្តយុទ្ធសាស្ត្រវិថីសូត្រផងដែរ។
ព្រមជាមួយនេះ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថានៅពេលមានផលិតផលហើយ ចាំបាច់ត្រូវរួមគ្នាបង្កើនការការផ្សព្វផ្សាយ។ តើផ្សព្វផ្សាយបែបណា? ក្នុងន័យនេះ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើថាគួរបង្កើតឲ្យមានកម្មវិធី Silk Road នៅក្នុងកម្មវិធីទូរទស្សន៍នានា ដើម្បីរួមគ្នាផ្សព្វផ្សាយសក្តានុពលទេសចរណ៍វិថីសូត្រ ទទ្ទឹមនឹងការផ្សព្វផ្សាយតាមប្រព័ន្ធទំនាក់ទំនងសង្គម (Social Media) ។
តើធ្វើយ៉ាងណាដើម្បីធានានិរន្តរភាពនៃការអភិវឌ្ឍទេសចរណ៍តាមបណ្តោយវិថីសូត្រ? ឆ្លើយតបនឹងចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថារាល់ការអភិវឌ្ឍត្រូវផ្តល់ប្រយោជន៍ជាអតិបរមាដល់ប្រជាពលរដ្ឋមូលដ្ឋាន ដែលត្រូវបង្កើនការបណ្តុះបណ្តាលធនធានមនុស្សជំនាញ (Human Capital Development) ដល់អ្នកពាក់ព័ន្ធ (ដែលនឹងទទួលផលពីវិស័យទេសចរណ៍)។ ក្នុងន័យនេះ គឺត្រូវជំរុញឲ្យមានការបណ្តុះបណ្តាលវិជ្ជាជីវៈនេះតែម្តង (ជំនាញ Green and Clean) តាមរយៈមូលនិធិ Silk Road ដែលរួមចំណែកដល់ការបង្កើតសាលាវិជ្ជាជីវៈទេសចរណ៍ (ដោយបន្ថែមកម្មវិធីសិក្សាពីវិថីសូត្រ) ។
ក្នុងនោះ អង្គវេទិកាទាំងមូលមានការចាប់អារម្មណ៍ចំពោះការលើកឡើងអំពីការអភិវឌ្ឍទេសចរណ៍សហគមន៍នៅតាមគោលដៅទេសចរណ៍ដោយភ្ជាប់ជាមួយវិថីសូត្រ ដើម្បីឲ្យផលប្រយោជន៍បានដល់សហគមន៍ ផ្ទាល់។ រីឯការកាត់បន្ថយភាពក្រីក្រ ដែលចាំបាច់ត្រូវជួយដល់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមគោលដៅទេសចរណ៍វប្បធម៌នានា គឺជួយបណ្តុះបណ្តាលប្រជាជនមូលដ្ឋានក្នុងការរៀបចំផ្ទះស្នាក់ (Homestay) កសិទេសចរណ៍៕
ប្រភព៖ ទំព័រក្រសួងទេសចរណ៍