ព្រះសីហនុ៖ នៅក្នុងវេទិកាសាធារណៈមួយកាលដើមសប្តាហ៍កន្លងទៅនេះ ដែលធ្វើនៅក្នុងភូមិកោះតូចសង្កាត់កោះរ៉ុង ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ ជាគណៈអធិបតី ព្រមទាំងមានការអាជ្ញាធរក្រុងសង្កាត់ និងប្រជាពលរដ្ឋខ្មែរ និងអាជីវករជនបរទេសជាច្រើននាក់បានមកចូលរួមផងដែរនោះ ។
ក្នុងការជជែកពិភាក្សាគ្នា មានជនបរទេសដែលប្រកបរបរទទួលទានពាក់ពន្ធ័លើ វិស័យទេសចរណ៍នៅលើកោះរ៉ុង បានលើកឡើងនិងសំដែងនូវក្តីព្រួយបារម្ភរបស់គាត់ដូចៗគ្នាថា បើអាជ្ញាធរ មិនយកចិត្តទុកដាក់គិតគូរពីឥឡូវនេះទេឆ្នេរខ្សាច់ធម្មជាតិដ៏ស្រស់ស្អាតនៅកោះរ៉ុងនេះអាចនឹងប្រឈមទៅនឹងការបំពុលបរិស្ថានទៅថ្ងៃអនាគត ហើយភ្ញៀទេសចរណ៏នឹងថយចុះ ប្រជាពលរដ្ឋនឹងត្រូវបាត់បង់ប្រាក់ចំណូល ដែលបានមកពីវិស័យទេសចរណ៍ដ៏ច្រើនសន្ធិកសន្ធាប់នេះ ។
ការលើកឡើងអំពីការប្រឈមមានដូចជា ការចោលកាកសំណល់ រឹង រាវ ទឹកកខ្វក់ ចូលឆ្នេរសមុទ្រ ដែលជាកន្លែងសម្រាប់ទេសចរណ៍ចុះងូតទឹកលេងកំសាន្ត និងការហាលសំលៀកបំពាក់របស់ប្រជាជនគ្មានសោភ័ណភាពតាមមុខផ្ទះជាដើម ព្រមទាំងការចតទូកគ្មានសណ្តាប់ធ្នាប់ផងដែរ ។ ម្យ៉ាងវិញទៀតនៅមានជនខិលខូចមកមុជទឹកគាស់យកផ្កាថ្មទៅលក់ ដែលជាប្រភពទេសចរណ៍ដ៏កម្រមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍មកមើលកំសាន្ត ។
ជនបរទេសទាំងនោះ បានសំនូមពរដល់លោកស្នងការឲ្យជួយបង្កើតជាសមាគមន៍មានការបង់វិភាគទានតាមការកំណត់ ដើម្បីប្រើប្រាស់ថវិកាទាំងនោះបំរើឲ្យការងារថែទាំឆ្នេរឲ្យបាននៅស្រស់ស្អាតដូចពីដើមវិញ ។ ដោយត្រូវមានធុងសំរាម និងសេវាដឹកជញ្ជូនប្រមូលសំរាមយកទៅទុកដាក់ឲ្យបានត្រឹមត្រូវ និងមានវិធានការណែនាំចំពោះម្ចាស់សំណង់ណាដែលបង្ហូរកាកសំណល់រឹងរាវចូលសមុទ្រអោយមានការកែលម្អឲ្យបានត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ។
លោកឧត្តមសេនីយ៍ស្នងការបានទទួលយកសំនូមពររបស់ពួកគាត់ដោយក្តីរីករាយ ហើយបានបង្ហាញប្រាប់ភ្លាមៗមកអាជ្ញាធរសង្កាត់ និង នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់កោះរ៉ុង ឲ្យសហការរួមគ្នាខិតខំធ្វើការងារនេះឲ្យបានជោគជ័យ ៕