ភ្នំពេញ៖ បារខែមកម្ពុជា និងសែលកាត សហការគ្នាជាថ្មី ជាមួយបារខែមភ្នំពេញ ដែលជាព្រឹត្តិការណ៍ បង្កប់ទៅ ដោយកម្មវិធី អប់រំផ្នែកបច្ចេកវិទ្យា ក្រោមប្រធានបទ «ត្រៀមខ្លួនសម្រាប់ សមាហរណកម្មអាស៊ាន» នឹងរៀបចំនៅ ថ្ងៃទី២៤ដល់២៥ ខែតុលា នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ) ដើម្បីបើកឱកាសយល់ដឹងផ្នែក បច្ចេកវិទ្យា ព័ត៌មានវិទ្យាសម្រាប់យុវជនខ្មែរឲ្យសិក្សាពីបទពិសោធអ្នកជំនាញ ផ្នែកបច្ចេកវិទ្យា និងរៀបចំខ្លួន សម្រាប់សមាហរណកម្មអាស៊ានដែលនឹងមកដល់នាចុងឆ្នាំនេះ។
បារខែមភ្នំពេញ ព្រឹត្តិការណ៍នេះនឹងមានការជួបប្រជុំដោយក្រុមអ្នកជំនាញព័ត៌មានវិទ្យា ថ្នាក់ដឹកនាំអាជីវកម្ម ទាក់ទង បច្ចេកវិទ្យា អ្នកជំនាញបច្ចេកវិទ្យាបង្កើតថ្មី សហគ្រិន អ្នកមានគំនិតច្នៃប្រឌិត អង្គការសង្គមស៊ីវិល សាស្ត្រាចារ្យ សិស្ស និងនិស្សិត ដើម្បីចូលរួមចែករំលែកចំណេះដឹង ជំនាញ និងបទពិសោធ ក៏ដូចជាធានាថាកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចសម្រាប់សមាហរណកម្មអាស៊ានខាងមុខ។
ព្រឹតិ្តការណ៍ដែលមានរយៈពេលពីរថ្ងៃចាប់ពីម៉ោង៧.៣០នាទីព្រឹក ដល់ម៉ោង៥ល្ងាច នឹងមានសកម្មភាពដ៏ចាប់ អារម្មណ៍ជាច្រើនដោយផ្ដល់ជូននូវភាពសប្បាយរីករាយ ការអប់រំ និងលើកទឹកចិត្តក្នុងការសន្ទនាជាមួយ វាគ្មិន ចូលរួមមកពី EZECOM, Google Developer Group, IT STEP Academy, Fedora, FireFox, Development Innovations, ITC, Web Essentials, Nokor Group, Yoolk, , ThemeCountry, បារខែមសិង្ហបុរី, បារខែមបាងកក ក៏ដូចជាអង្គភាព និងស្ថាប័នផ្សេងៗជាច្រើនទៀត។
សម្រាប់រយៈពេលបីឆ្នាំបន្តបន្ទាប់គ្នានេះ បារខែមកម្ពុជា សម្រេចបានគោលដៅ និងការប្ដេជ្ញាចិត្តរបស់ខ្លួនតាម រយៈការនាំមកនូវក្រុមអ្នកជំនាញព័ត៌វិទ្យា អ្នកច្នៃប្រឌិតបច្ចេកវិទ្យា ម្ចាស់អាជីវកម្ម អង្គការសង្គមស៊ីវិល សាស្ត្រាចារ្យ សិស្ស និងនិស្សិត ចូលរួមជាបណ្ដាញការងារ និងសហការពួតដៃគ្នាលើកកម្ពស់វិស័យសិល្បៈជំនាញបច្ចេកវិទ្យា។ ជាលទ្ធផលជោគជ័យក្នុងព្រឹត្តិការណ៍កន្លងមកជាមួយការស្វាគមន៍គាំទ្រ និងទទួលស្គាល់យ៉ាងទូលំទូលាយ ព្រឹត្តិការណ៍បារខែមដែលបានរៀបចំក្នុងឆ្នាំនេះ នៅខេត្តរតនគិរី កំពត បាត់ដំបង និងជាពិសេសថ្មីៗនេះ នៅខេត្ត តាកែវ មានការចូលរួមគាំទ្រយ៉ាងច្រើនកុះករពីសំណាក់អ្នកចូលរួមពីគ្រប់មជ្ឈដ្ឋាន។
តំណាងបារខែមកម្ពុជា បានឲ្យដឹងថា «ជារៀងរាល់ឆ្នាំ យើងរំពឹងយ៉ាងមុតមាំលើជោគជ័យក្នុងការរៀបចំ ព្រឹត្តិការណ៍ នៅភ្នំពេញ ព្រោះជានិច្ចកាលតែងតែមានការទទួលស្វាគមន៍ និងអ្នកចូលរួមយ៉ាងច្រើនកុះករបំផុត។ វាជាការល្អបំផុតដែលយើងបានដឹងថាយុវជនយើងនៅទីក្រុង មានការចាប់អារម្មណ៍យ៉ាងខ្លាំងលើបច្ចេកវិទ្យា និងការច្នៃប្រឌិត។ ខណៈព្រឹតិ្តការណ៍ដែលបានរៀបចំកន្លងទៅនៅតាមបណ្ដាខេត្តផ្សេងៗទទួលបានការស្វាគមន៍ និងជោគជ័យនោះ យើងខ្ញុំនឹងយកកិត្តិយស និងការងារប្រឹងប្រែងរបស់យើង ដើម្បីជំរុញឲ្យការរៀបចំព្រឹត្តិការណ៍ នៅរាជធានីភ្នំពេញកាន់តែសប្បាយរីករាយ និងឱកាសកាន់តែទូលាយសម្រាប់កិច្ចសហប្រតិបត្តិការ ដែលយើង បានរំពឹងទុកថា នឹងមានវត្តមាន និងការចូលរួមកាន់តែច្រើន»។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត ក៏បានលើកឡើងថា៖ យើងជឿជាក់ថាចំពោះចំណាប់ អារម្មណ៍លើបច្ចេកវិទ្យា និងការច្នៃប្រឌិត ក្នុងក្រសែភ្នែកយុវជនកម្ពុជា គឺជាសារៈសំខាន់ដំបូងក្នុងការធានា ចំពោះ ការប្រកួតប្រជែងរបស់ពួកគាត់ក្នុងពិភពទំនើប ក៏ដូចជាអាចឲ្យពួកគេមានសមត្ថភាពពេញលេញចូលរួម ក្នុងកិច្ច អភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជានាពេលអនាគត។ កម្ពុជាត្រូវបន្តដំណើរឆ្ពោះ ទៅមុខដូចពិភពលោកដែលកំពុង ឈានទៅកាន់ យុគសម័យបច្ចេកវិទ្យា កាន់តែទំនើបសំបូរបែប ហើយយើងកាន់តែរីករាយថែមទៀតក្នុងការ ឧបត្ថម្ភ គាំទ្រសម្រាប់គំនិតផ្ដួចផ្ដើមដែលអាចជំរុញ យុវជនឲ្យសិក្សាស្រាវជ្រាវ ច្នៃប្រឌិត និងចូលរួមសហការជាមួយសិស្ស និស្សិតខ្មែរ និងអ្នកជំនាញដទៃទៀតក្នុងវិស័យនេះ។ ចាប់តាំងពីពេលបារខែមបានចាប់ផ្ដើមរៀបចំកាលពី3ឆ្នាំមុន យើងបានចូលរួមឧបត្ថម្ភគាំទ្រព្រឹតិ្តការណ៍នេះរហូតមក ហើយយើងក៏នៅតែបន្តការឧបត្ថម្ភគាំទ្រនេះទៅមុខទៀត ព្រោះយើងមានទស្សនវិស័យដូចគ្នា៕