ភ្នំពេញ៖ អាជ្ញាធរជាតិ អប្សារា បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០១៥នេះ ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនារមណីយដ្ឋានអង្គរ មានចំនួន១.៦៧៧.៣៥២នាក់ បើធៀបនឹងឆ្នាំ២០១៤ កើនឡើងប្រមាណ ២,០៥ភាគរយ។ រីឯប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រជូនភ្ញៀវទេសចរបរទេសក្នុងរយៈពេល១០ខែ ឆ្នាំ២០១៥ មានចំនួន៤៧.៦៨១.០៨០ដុល្លារអាម៉េរិកកើន ឡើងប្រមាណ ០,៦២ភាគរយ ធៀបនឹងឆ្នាំ២០១៤។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិ អប្សារាកាលពីថ្ងៃទី៣វិច្ឆិកានេះគឺបានឲ្យដឹងថាសម្រាប់ខែតុលា ចំនួនភ្ញៀវទេសចរដែលចូលមកទស្សនារមណីយដ្ឋានអង្គរ មានចំនួន១៥៣.៣០៨នាក់ ធៀបនឹងខែតុលា ឆ្នាំ២០១៤ មានកំណើន៤,០៩ភាគរយ ។ ប្រាក់ចំណូលដែលបានមកពីការលក់សំបុត្រជូនជនបរទេសចូល ទស្សនាអង្គរ ក្នុងខែតុលា ឆ្នាំ២០១៥ មានចំនួន ៤.៣៨១.០៤០ដុល្លារអាម៉េរិក កើនឡើងប្រមាណ៤,៥២ភាគរយ ធៀបនឹងខែតុលា ឆ្នាំ២០១៤ ។
ម្យ៉ាងទៀតអាជ្ញាធរជាតិអប្សរា បានកំណត់ម៉ោងចូលទស្សនាប្រាសាទនានា នៅរមណីយដ្ឋាន ប្រវត្តិសាស្ត្រអង្គរ ដល់គ្រប់ក្រសួង មន្ទីរ ស្ថាប័នជាតិ-អន្តរជាតិ សមាគមទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ ទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍សមាគម សណ្ឋាគារ ក្រុមហ៊ុនទេស ចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ អ្នកដឹកជញ្ជូនភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណ ជនទាំងអស់ ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០១៦តទៅនឹងមានការកំណត់ពេលវេលា ដើម្បីសម្រួល ដល់ការទស្សនាក៏ដូចជាធានាសណ្តាប់ធ្នាប់ សុវត្ថិភាពប្រាសាទនិងភ្ញៀវទេសចរ។
អាជ្ញាធរជាតិអប្សរា បានកំណត់ពីពេលវេលាសម្រាប់ការចូលទស្សនាប្រាសាទនានាដូចខាង ក្រោម៖ ភ្ញៀវអាចចូលទស្សនាប្រាសាទអង្គរវត្ត និងស្រះស្រង់ ចាប់ពីម៉ោង ៥:០០នាទីព្រឹកដល់ ម៉ោង ៥:៣០នាទីល្ងាច , ប្រាសាទភ្នំបាខែង និងប្រាសាទប្រែរូប ចាប់ពីម៉ោង ៥:០០នាទីព្រឹកដល់ ម៉ោង ៧:០០នាទីល្ងាច និងប្រាសាទផ្សេងទៀត ចាប់បើកទស្សនាពីម៉ោង ៧:៣០នាទីព្រឹក ដល់ ម៉ោង ៥:៣០នាទីល្ងាច៕