លីយ៉ុង៖ នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៥ តំណាងក្រសួងទេសចរណ៍កម្ពុជា លោកទ្រី ឈីវ អគ្គនាយករងទេសចរណ៍ បានចូលរួមសន្និសីទស្តីពីសហប្រតិបត្តិការកម្ពុជា - បារាំង លើការអភិវឌ្ឍសេដ្ឋកិច្ច និងទេសចរណ៍នៅទីក្រុងលីយ៉ុងប្រទេសបារាំង។
កម្មវិធីនេះមានការចូលរួមផងដែរពី លោកJean Claude Poimboeuf អគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា លោកJacques Beaulieu កុងស៊ុលកិត្តិយសកម្ពុជាប្រចាំទីក្រុងលីយ៉ុង អ្នកវិនិយោគបារាំងក្នុងវិស័យទេសចរណ៍ និងអាជ្ញាធរបារាំងប្រមាណ ១០០រូប។
តំណាងក្រសួងទេសចរណ៍បានធ្វើបទបង្ហាញអំពីសក្តានុពល និងភាពទាក់ទាញទេសចរណ៍នៅកម្ពុជាផែនការយុទ្ធសាស្ត្រអភិវឌ្ឍទេសចរណ៍កម្ពុជា និងកាលានុវត្តភាពនៃការវិនិយោគក្នុងវិស័យទេសចរណ៍នៅកម្ពុជា។
បារាំងជាទីផ្សារសក្តានុពលសម្រាប់កម្ពុជា ហើយជាទីផ្សារក្នុងចំណោមទីផ្សារធំៗទាំង១០របស់កម្ពុជាផងដែរ។ សូមរំលឹកថា បច្ចុប្បន្នក្រសួងទេសចរណ៍ កំពុងរៀបចំគោលនយោបាយទាក់ទាញទេសចរបារាំងចូលនិវត្តមកកម្ពុជា៕
ប្រភព៖ ទំព័រក្រសួងទេសចរណ៍