ភ្នំពេញ៖ ក្រុមហ៊ុនឧកញ៉ា ទ្រី ភាព នៅរសៀលថ្ងៃទី១០ ខែវិច្ឆកា ឆ្នាំ២០១៥ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនផលិតអេតាណុល « Ubon Bio Ethanol» របស់ថៃ ប្រមូលទិញដំឡូងមីរបស់ពលរដ្ឋកម្ពុជា ដោយគ្មានការកំណត់ចំនួន ព្រមទាំងធានារក្សាតម្លៃមិនឲ្យឡើងចុះតាមបបូរមាត់ ដូចពេលកន្លងមកទៀតឡើយ ។
លោកឧកញ៉ា ទ្រី ភាព បានថ្លែងប្រាប់ ក្រុមអ្នកព័ត៌មានបន្ទាប់ពីពិធីចុះហត្ថលេខា នៅទីស្នាក់ការក្រុមហ៊ុនរបស់លោក ក្បែរស្ពាននាគវត្តភ្នំថា បន្ទាប់ពីមើលឃើញសក្តានុពល ក៏ដូចជា ផ្ទៃដីនៅកម្ពុជា អំណោយផលដល់ដំណាំដំឡូងមី ព្រមទាំងឃើញប្រជាកសិករកម្ពុជា ធ្លាប់បានរងគ្រោះ ពីការដាំ ដំឡូងមី ពីតម្លៃឡើងចុះមិនទៀងនោះ ទើបលោកឧកញ៉ា ទាក់ទងទៅក្រុមហ៊ុន «Ubon Bio Ethanol» ឲ្យទទួល ទិញដំឡូងមីកម្ពុជា ដោយរំពឹងថា ប្រជាកសិករកម្ពុជា នឹងមិនទទួលរងគ្រោះពីការដាំដំឡូងមីនេះតទៅទៀត។
លោកឧកញ៉ា បានបញ្ជាក់ថា មុននឹងចាប់ដៃគូរកស៊ី ជាមួយក្រុមហ៊ុនរបស់ថៃនេះ គឺលោកបានពិនិត្យយ៉ាងល្អិត ល្អន់ ទៅលើដៃគូវិនិយោគរបស់លោក ចៀសវាងការនាំគ្រោះសម្រាប់ក្រុមហ៊ុន និងប្រជាពលរដ្ឋកម្ពុជា ដែលរកស៊ី ដាំដំឡូង។ លោកឧកញ៉ា បានឲ្យដឹងថា ក្រុមហ៊ុន « Ubon Bio Ethanol» ជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងខេត្តអ៊ូប៊ុន ប្រទេសថៃ ដែលបានយកដំឡូងមី ទៅចម្រាញ់ធ្វើជាប្រេងសម្រាប់ផ្គត់ផ្គង់ នៅក្នុងប្រទេសថៃ ក៏ដូចជាក្រៅប្រទេស ហើយត្រូវការដំឡូងមីយ៉ាងច្រើនថែមទៀតផង។
មានប្រជាពលរដ្ឋកម្ពុជាជាច្រើនធ្លាប់បានរងគ្រោះក្នុងរបរដាំដំឡូងមីនេះ បន្ទាប់ពីដំឡូងរបស់ពួកគេដាំហើយនោះ មិនមានទីផ្សារសម្រាប់លក់ចេញ ហើយមានឈ្មួញខ្លះដើរទម្លាក់តម្លៃដំឡូងរបស់ពួកគាត់តាមតែអំពើចិត្ត។
ឆ្លើយតបទៅនឹងបញ្ហាដូចដែលធ្លាប់មាននេះ ឧកញ៉ា ទ្រី ភាព បានធ្វើការអះអាងថា ក្រុមហ៊ុនរបស់លោក មាន កន្លែងស្តុកដំឡូង មានរថយន្តសម្រាប់ដើរប្រមូលទិញពីប្រជាពលរដ្ឋ ដែលជាមធ្យោបាយជួយសម្រួលមិនតម្រូវឲ្យ ក្រុមហ៊ុនវិនិយោគទៅលើការធ្វើកន្លែងកន្លែងស្តុក ឬទិញរថយន្ត ដែលជាបន្ទុកចំណាយបន្ថែមនោះឡើយ ដូច្នេះ ក្រុមហ៊ុន ក៏គ្មានមូលហេតុក្នុងបន្ថោកតម្លៃដំឡូងមី ប្រជាពលរដ្ឋខ្មែរនោះឡើយ។
ឧកញ៉ា ទ្រី ភាព នៅបានបញ្ជាក់ទៀតថា ក្រុមហ៊ុនរបស់លោក មានក្រុមអ្នកស្រាវជ្រាវ និង សង្កេតតម្លៃដំឡូងមី ទាំងក្នុង និង ក្រៅប្រទេស ដោយមិនអនុញ្ញាតឲ្យហ៊ុនដៃគូរបស់លោកចេះតែទម្លាក់តម្លៃតាមអំពើចិត្តនោះឡើយ ហើយប្រសិន បើក្រុមហ៊ុនថៃទម្លាក់តម្លៃ ក្រុមហ៊ុនលោក និងស្វែងរកក្រុមហ៊ុននៅប្រទេសចិន ដើម្បីទិញដំឡូងមី របស់ប្រជាកសិករខ្មែរបន្ថែមទៀត។
ឧកញ៉ា ទ្រី ភាព បានអះអាងថាយ៉ាងដូច្នេះថា «យើងប្តេជ្ញាចិត្ត មិនឲ្យប្រជាពលរដ្ឋខ្មែរខកចិត្តដោយសារខ្ញុំទេ ព្រោះអីក្នុងនាមខ្ញុំជាពាណិជ្ជករផង ជាអ្នកបម្រើប្រជាជនផង ចឹងខ្ញុំមិនឲ្យប្រជាជនខកចិត្ត។ ចឹងខ្ញុំមានអ្នកស្រាវ ជ្រាវសង្កេត មិនមែនឲ្យដៃគូខ្ញុំចង់ចុះ ចង់ឡើង ឡើងស្រេចតែចិត្តទេ។ ខ្ញុំអត់ចង់ធ្វើស្រែលើខ្នងរាស្ត្រ ខ្ញុំធ្វើស្រែ ដោយសុទ្ធតែចិត្ត ឲ្យប្រជាពលរដ្ឋមានតម្លៃ បានប្រជាពលរដ្ឋខំប្រមូលភោគផលហ្នឹងមកឲ្យយើងទៀត»។
ឧកញ៉ា មិនបញ្ជាក់ពីទំហំទឹកប្រាក់វិនិយោគក្នុងការទិញដំឡូងមីនោះទេ តែបានបញ្ជាក់ថា «ប្រជាពលរដ្ឋ មានប៉ុណ្ណា គឺទិញប៉ុណ្ណឹង»។
ឧកញ៉ា ក៏បានឲ្យដឹងផងដែរថា ការប្រមូលទិញដំឡូងមី គឺលោកមិនមានការកាប់ឆ្កាព្រៃ ដើម្បីដាំដុះដំឡូង មីនោះទេ គឺលោកប្រមូលទិញពីប្រជាពលរដ្ឋសុទ្ធសាធ។
ឧកញ៉ា ទ្រី ភាព បានអំពាវនាវឲ្យប្រជាពលរដ្ឋ ដែលមានផ្ទៃដីដាំដំឡូងមី ឲ្យនាំគ្នាដាំដំឡូង ហើយបញ្ឈប់ការធ្វើចំណាកស្រុកទៅប្រទេសថៃ ដោយក្រុមហ៊ុនត្រៀមទទួលទិញគ្រប់ពេល មិនឲ្យប្រជាពលរដ្ឋខកបំណងនោះឡើយ។
បើតាមឧកញ៉ា ទ្រី ភាព ដំឡូងមី ដែលនឹងប្រមូលទិញពីប្រជាពលរដ្ឋខ្មែរនេះ នឹងដឹកទៅកាន់រោងចក្ររបស់ក្រុម ហ៊ុន «Ubon Bio Ethanol» ស្ថិតក្នុងខេត្តអ៊ូប៊ុន នឹងធ្វើការដឹកជញ្ជូនតាមច្រកអានសេះ ដែលរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលថៃ កំពុងដំណើរការបើកជាច្រកអន្តរជាតិ ហើយក៏ជាតំបន់ដែលក្រុមហ៊ុន ទ្រី ភាព គ្រុបកំពុងអភិវឌ្ឍនាពេលបច្ចុប្បន្ននេះផងដែរ៕
ប្រភព៖ freshnewsasia