បច្ចុប្បន្នមានក្រុមហ៊ុនដៃគូ បានចុះកិច្ចព្រមព្រៀងទិញស្ករត្នោត ពីសមាគមរហូតដល់ទៅជាង ៣០០ តោនហើយ សំរាប់រដូវផលិតឆ្នាំ ២០១៦ ខាងមុខនេះ ហើយក្នុងនោះដែរ ក្រុមហ៊ុនដែលបញ្ជាទិញស្ករត្នោតកំពង់ស្ពឺ ក្នុងបរិមាណច្រើនរួមមាន ក្រុមហ៊ុន កុង ហ្វីរ៉េល ចំនួន ១៥០តោន និងក្រុមហ៊ុនកាតាចំនួន ២០០តោន។ ដោយឡែកនៅមានក្រុមហ៊ុនជាច្រើនទៀត ដែលមានសមាគមគ្រោងនឹងជួបពិភាក្សាជាមួយ នេះបើយោងតាមសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ។
ទីផ្សារស្ករត្នោតកំពង់ស្ពឺ មិនទាន់មានភាពទូលំទូលាយនៅឡើយនោះទេ ប៉ុន្តែក្រុមហ៊ុនកាតា ដែលជាក្រុមហ៊ុនបញ្ជាទិញស្ករត្នោតពីសមាគម ទើបតែចាប់បានទីផ្សារនៅប្រទេសកូរ៉េខាងត្បូង ដោយនៅក្នុងរដូវកាលផលិតឆ្នាំ ២០១៦ ខាងមុខនេះ គឺខាងភាគីកូរ៉េខាងត្បូង ដែលគ្រោងនឹងនាំចូលស្ករត្នោត ពីកម្ពុជា គឺមានប្រមាណជាង ៣០០តោន។
ចំពោះការបញ្ជាទិញស្ករត្នោតក្នុងឆ្នាំ ២០១៦ មានការកើនឡើងខ្ពស់ បើធៀបនឹងរដូវកាលឆ្នាំ ២០១៥ នេះ ដែលមានត្រឹមតែចំនួន ១៥០តោនតែប៉ុណ្ណោះ។ ទាក់ទងទៅនឹងបញ្ហាក្តីបារម្ភលើ ការផលិតស្ករត្នោត សម្រាប់រដូវកាលថ្មី ដោយផ្តោតសំខាន់ទៅលើកត្តា អាកាសធាតុ គឺការរាំងស្ងួតនៅដើមរដូវ ដែលជាហេតុធ្វើឲ្យស្ករត្នោតមិនអាចចេញផ្កា។ ទន្ទឹមនឹងនេះដែរ បញ្ហានៃការបន្លំម៉ាកស្ករត្នោតកំពង់ស្ពឺ ក៏ជាកង្វល់ចំបងរបស់សមាគមផងដែរ ដែលធ្វើឲ្យប៉ះពាល់ទៅដល់កេរ្តិ៍ឈ្មោះផលិតផល សម្គាល់ភូមិសាស្ត្រមួយនេះ។
កាលពីឆ្នាំ ២០១៤កន្លងទៅ មានផលិតផលស្ករត្នោតសរុបចំនួនប្រមាណជា ២៥០តោន ត្រូវបានសមាគមធ្វើការផលិត និងលក់ទៅកាន់ទីផ្សារ ហើយសម្រាប់ឆ្នាំ ២០១៥នេះ តាមការប៉ាន់ប្រមាណសមាគមអាចផលិតបានប្រមាណជា ៣០០តោន។
សមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ ដែលបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ មានក្រុមហ៊ុនទិញជាដៃគូដំបូងតែចំនួន ៣ប៉ុណ្ណោះ ក្នុងនោះមានក្រុមហ៊ុនកុង ហ្វីរ៉េល សហគ្រាសសេដាក និងក្រុមហ៊ុនដេត ហើយគ្មានការទិញពីក្រុមហ៊ុននៅក្រៅប្រទេសទេ។ ប៉ុន្តែក្រោយពេលមានការចុះបញ្ជី ជាផលិតផលសម្គាល់ ភូមិសាស្ត្រទំនិញនៅកម្ពុជា (GI) ដោយក្រសួងពាណិជ្ជកម្មនៅក្នុងខែមេសា ឆ្នាំ ២០១០ រួចមក ជាលទ្ធផល ចំនួនក្រុមហ៊ុនទិញក៏បានមានការកើនឡើង ដែលមានក្រុមហ៊ុន មកពីប្រទេសក្រៅស្រុកផងដែរ។
ស្ករត្នោតខេត្តកំពង់ស្ពឺ ទទួលបានការបញ្ជាក់ជា ផលិតផលសម្គាល់ភូមិសាស្ដ្រកាលពី ឆ្នាំ ២០១០ ស្ថិតក្រោមកិច្ចព្រមព្រៀងរបស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ស្ដីពីទិដ្ឋភាពទាក់ទងពាណិជ្ជកម្មរបស់សិទ្ធិ នៃកម្មសិទ្ធិបញ្ញា។
បច្ចុប្បន្នសមាគមលើកកម្ពស់ស្ករត្នោតកំពង់ស្ពឺ មានអ្នកផលិតជាសមាជិកសរុបចំនួន ១៤៥គ្រួសារ ដែលមូលដ្ឋានផលិតកម្មមួយផ្នែកនៅក្នុងស្រុកឧដុង្គ និងមួយផ្នែកទៀតនៅក្នុងស្រុកសំរោងទង ព្រមទាំងដើមត្នោតសរុបប្រមាណជា ៣ម៉ឺនដើម ដោយមានលទ្ធភាពផលិតស្ករត្នោត ជាទូទៅបានប្រមាណជា ២៥០តោនទៅ ៣០០តោនប៉ុណ្ណោះក្នុង១ឆ្នាំ នេះបើយោងតាមសេចក្តីរាយការណ៍របស់ AKP៕
ប្រភព៖ គេហទំព័រពាណិជ្ជកម្មកម្ពុជា