បើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយថា មន្ត្រីក្រុមហ៊ុនរដ្ឋទទួលបន្ទុកផ្នែកថាមពលនុយក្លេអ៊ែររុស្ស៊ី Rosatom បានបញ្ជាក់ថា រុស្ស៊ីនឹងជួយកម្ពុជាកសាងសមត្ថភាពឈានឆ្ពោះទៅសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនៅពេលខាងមុខ។ រុស្ស៊ីនឹងផ្តល់ជំនួយបច្ចេកទេស ស្រាវជ្រាវ និងការបំពាក់បំប៉នសមត្ថភាពនានាពាក់ព័ន្ធនឹងការសាងសង់រោងចក្រផលិតថាមពលនេះដល់កម្ពុជា។
ក្រោយមានការចុះហត្ថលេខារវាងរដ្ឋាភិបាលរុស្ស៊ីនិងកម្ពុជាលើវិស័យជាច្រើនរួមទាំងវិស័យថាមពលនុយក្លេអ៊ែរផងនោះកាលពីថ្ងៃអង្គារកន្លងទៅ មន្ត្រីក្រុមហ៊ុនរដ្ឋរុស្ស៊ីអះអាងថា រុស្ស៊ីនឹងជួយដល់កម្ពុជាក្នុងការកសាងសមត្ថភាពឈានឆ្ពោះទៅសង់រោងចក្រអគ្គីសនីដោយដោយថាមពលនុយក្លេអ៊ែរនៅពេលខាងមុខ។ ការឈានឆ្ពោះទៅសង់រោងចក្រថាមពលនុយក្លេអ៊ែរនេះ នឹងជួយដល់កម្ពុជាច្រើនក្នុងការកាត់បន្ថយលើការចំណាយលើថាមពល ជាពិសេសអាចទាក់ទាញអ្នកវិនិយោគឲ្យមកបោះទុនរកស៊ីនៅកម្ពុជាផងដែរ។
លោក Sergei Kirienko ប្រធានក្រុមហ៊ុននុយក្លេអ៊ែររដ្ឋរុស្ស៊ី Rosatom បានបញ្ជាក់ថា ៖«រដ្ឋាភិបាលកម្ពុជាកំពុងតែគិតគូរចង់បានការសាងសង់រោងចក្រអគ្គិសនីដើរដោយថាមពលនុយក្លេអ៊ែរមួយនៅពេលអនាគតខាងមុខ»។ លោកបានបន្តថា ស្ថិតក្រោមកិច្ចព្រមព្រៀងទ្វេភាគីនេះ រុស្ស៊ីនឹងផ្តល់នូវជំនួយបច្ចេកទេស ការស្រាវជ្រាវ និងការបណ្តុះបណ្តាលនានាដល់កម្ពុជាផងដើម្បីជួយដល់កម្ពុជាក្នុងការឈានទៅសាងសង់រោងចក្រថាមពលនេះ។
មន្ត្រីរូបនេះបានបន្ថែមថា រុស្ស៊ីប្រហែលជាប្រសើរដោយចាប់ផ្តើមពីការស្រាវជ្រាវលើបញ្ហារ៉េអាក់ទ័រ និងបើកមជ្ឈមណ្ឌលស្រាវជ្រាវមួយនៅកម្ពុជាផង។ កន្លងមករុស្ស៊ីក៏មានកិច្ចព្រមព្រៀងថាមពលស្រដៀងគ្នានេះដែរជាមួយប្រទេសបូលីវី។ លោកសង្កត់ធ្ងន់ថា ប្រទេសដែលកំពុងអភិវឌ្ឍដូចកម្ពុជាភាគច្រើនប្រឈមបញ្ហាចម្បងមួយ ក្នុងពេលរៀបចំដំណើរការអភិវឌ្ឍប្រទេស ដែលបញ្ហានោះ គឺតម្រូវការនូវថាមពលអគី្គសនីដែលមានតម្លៃថោក មានគុណភាព និងមានប្រភពត្រឹមត្រូវ។
វាជាការពិត ព្រោះកម្ពុជាបច្ចុប្បន្ន ត្រូវការថាមពលដែលមានតម្លៃថាកដើម្បីជំរុញលំហូរចូួលនៃទុនវិនិយោគបរទេស និងបំពេញតម្រូវការថាមពលក្នុងស្រុកផង។ បើប្រៀបធៀបជាមួយបណ្តាប្រទេសនានាក្នុងតំបន់អាស៊ីអាគ្នេយ៍ តម្លៃថាមពលអគ្គិសនីនៅកម្ពុជាមានកម្រិតខ្ពស់ជាងគេមួយ ព្រោះកម្ពុជាពឹងផ្អែកសំខាន់ការនាំចូលអគ្គីសនីពីប្រទេសជិតខាងដូចជាឡាវ វៀតណាមជាដើម។
កម្ពុជាកន្លងមកស្វះស្វែងរកការវិនិយោគបរទេសដើម្បីឈានទៅសាងសង់វារីអគ្គិសនីចំនួន ៦ កន្លែងត្រឹមឆ្នាំ ២០១៨ ដោយវាជាគោលនយោបាយមួយរបស់រដ្ឋាភិបាលក្នុងការធានានិរន្តរភាពនៃការអភិវឌ្ឍ លំហូរអ្នកវិនិយោគបរទេស បំពេញតម្រូវការប្រជាជនក្នុងស្រុក និងកាត់បន្ថយការពឹងផ្អែកលើការនាំចូលថាមពលពីបរទេសផង។ បច្ចុប្បន្ន ប្រទេសជាច្រើននៅអាស៊ីអាគ្នេយ៍កំពុងផ្តោតលើការស្រាវជ្រាវ និងដាក់ផែនការជំរុញការសាងសង់រោងចក្រនុយក្លេអ៊ែរនេះដែរ តួរយ៉ាងដូចជាវៀតណាម និងហ្វីលីពីន ជាដើម។ សម្រាប់វៀតណាមដែលជាមិត្តជិតខាងកម្ពុជាកន្លងមកក៏ជ្រើសរើសរុស្ស៊ីឲ្យជួយខ្លួនក្នុងការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរនេះដែរ។
យ៉ាងណាក៏ដោយ កាលពីថ្ងៃអង្គារ ក្រោយការចុះកិច្ចព្រមព្រៀងចំនួន១០ រវាងរដ្ឋាភិបាលរុស្ស៊ី និងកម្ពុជា ក្រោមវត្តមាននាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន និងនាយករដ្ឋមន្ត្រីរុស្ស៊ីលោក ឌីមីទ្រី មេដវ៉េដេវ មន្ត្រីរដ្ឋាភិបាលកម្ពុជាដែលទទួលបន្ទុកផ្នែកថាមពលបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតជុំវិញកិច្ចព្រមព្រៀងដែលរដ្ឋាភិបាលទាំងពីរបានចុះរួមគ្នាឡើយ។ ប៉ុន្តែគេដឹងថា កិច្ចព្រមព្រៀងទាំងនោះមានពាក់ព័ន្ធកិច្ចសហប្រតិបត្តិការលើផ្នែកថាមពល ការប្រឆាំងការលាងលុយ និងការប្រឆាំងភេរវកម្មជាដើម។
សូមបញ្ជាក់ថា វត្តមាននាយករដ្ឋមន្ត្រីរុស្ស៊ី លោក ឌីមីទ្រី មេដវ៉េដេវ នៅកម្ពុជា ជាការបញ្ជាក់ច្បាស់ពីការឈានទៅពង្រឹងសម្ព័ន្ធភាពចាស់ដែលមានយូរអង្វែងមកហើយនោះ។ ហើយលោកបានក្លាយជានាយករដ្ឋមន្ត្រីរុស្ស៊ីដំបូងបំផុតដែលមកទស្សនកិច្ចនៅកម្ពុជា រាប់ចាប់តាំងពីសង្គ្រាមត្រជាក់ផុតរលត់ទៅ។ គេរំពឹងថា ដំណើរទស្សនកិច្ចរបស់ប្រមុខរដ្ឋាភិបាលរុស្ស៊ីនៅកម្ពុជានឹងជំរុញកំណើនអ្នកវិនិយោគរុស្ស៊ីនៅកម្ពុជា ហើយអ្វីដែលសំខាន់នោះគឺកម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដ៏ល្អបំផុតសម្រាប់ប្រជាជាតិរុស្ស៊ីនៅពេលខាងមុខផង៕
(ប្រភពដើមថ្មីៗ)