ភ្នំពេញ៖ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជួបពិភាក្សាការងារជាមួយលោក យុគ ចំរើនរិទ្ធ ប្រធានក្រុមហ៊ុនប្រាយកូ-បាត់ដំបង លោក Rochus Mommartz សមាជិកក្រុមប្រឹក្សានាយក ព្រមទាំងក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុន ResponAbility ផងដែរ។
ជំនួបពិភាក្សានេះ មានគោលបំណងស្វែងយល់ស៊ីជម្រៅអំពីស្ថានភាពទីផ្សារនិងសេដ្ឋកិច្ចកម្ពុជា និងពិភាក្សាអំពីយុទ្ធសាស្ត្រវិនិយោគនានានៅកម្ពុជា។ ក្រុមគណៈប្រតិភូនៃក្រុមហ៊ុននេះ បានជម្រាបជូនឯកឧត្តមទេសរដ្ឋមន្ត្រីអំពីការវិនិយោគរបស់ខ្លួនក្នុងវិស័យហិរញ្ញវត្ថុ ដែលគាំទ្រដល់ឧស្សាហកម្មស្រូវអង្ករក្នុងទម្រង់ជាហិរញ្ញប្បទានពាណិជ្ជកម្ម។
ឯកឧត្តមទេសរដ្ឋមន្ត្រីបានសម្តែងការកោតសរសើរដល់ក្រុមហ៊ុន ដែលបានផ្តល់ហិរញ្ញប្បទានពាណិជ្ជកម្មដល់ឧស្សាហកម្មស្រូវអង្ករ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជំរុញលើកទឹកចិត្តឲ្យគណៈប្រតិភូក្រុមហ៊ុនពង្រីកការវិនិយោគរបស់ខ្លួនលើវិស័យសេដ្ឋកិច្ចផ្សេងទៀតនៃកម្ពុជា ជាពិសេស វិស័យកសិកម្ម និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម