ក្រុមហ៊ុន អ៊ីស្រាអែលមួយ បាននឹងកំពុងសិក្សាពីលទ្ធភាព ដើម្បីវិនិយោគលើប្រព័ន្ធទឹក សម្រាប់បម្រើឲ្យវិស័យកសិកម្ម និងទឹកស្អាតសម្រាប់ប្រើប្រាស់ នៅខេត្តប៉ៃលិន។
លោក Lich Avnea ជាវិស្វករប្រព័ន្ធទឹក និងជាអ្នកវិនិយោគជនជាតិអ៊ីស្រាអែល បានជួបពិភាក្សាជាមួយឯកឧត្តម កើត សុធា អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ហើយលោក Lich Avnea បានមានប្រសាសន៍ថា ខេត្តប៉ៃលិន ជាខេត្តដែលមានសក្តានុពល លើវិស័យកសិកម្ម ក៏ប៉ុន្តែការធ្វើកសិកម្មរបស់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន គឺពឹងផ្អែកលើធម្មជាតិទាំងស្រុង ដូច្នេះហើយទើបលោក មានចំណាប់អារម្មណ៍ ក្នុងការវិនិយោគលើប្រព័ន្ធទឹក សម្រាប់បម្រើដល់វិស័យកសិកម្មក្នុងខេត្តមួយនេះ។
ជាមួយគ្នានោះដែរ លោក Lich Avnea ក៏បានសំណូមពរដល់អាជ្ញាធរខេត្ត និងអ្នកជំនាញពាក់ព័ន្ធ ឲ្យជួយសហការ ក្នុងការសិក្សាលទ្ធភាពវិនិយោគនេះ ឲ្យបានឆាប់រហ័ស ដើម្បីក្រុមហ៊ុនរបស់លោកអាចកំណត់បាន ពីទំហំនៃការវិនិយោគ។
ក្រុមហ៊ុនវិនិយោគទុនអ៊ីស្រាអែលរបស់លោក Lich Avnea បាននឹងកំពុងវិនិយោគទុន នៅខេត្តចាន់ថាក់បុរី ប្រទេសថៃផងដែរ ដែលការវិនិយោគនោះរួមមាន ប្រព័ន្ធទឹកសម្រាប់ការងារកសិកម្ម ប្រព័ន្ធទឹកស្អាតប្រើប្រាស់ប្រចាំថ្ងៃ និងភ្លើងជាដើម។
ការវិនិយោគលើ ប្រព័ន្ធទឹក ក្នុងការបម្រើដល់ការងារកសិកម្ម ជាតម្រូវការចាំបាច់ សម្រាប់ប្រជាកសិករនៅក្នុងខេត្តប៉ៃលិន ហើយក៍ជាមធ្យោបាយដ៏ល្អផងដែរ ក្នុងការធ្វើកសិកម្ម ឲ្យបានប្រសើរមួយកម្រិតថែមទៀត៕
ប្រភព៖ businesscambodia