ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានជ្រើសរើសយកមុខជំនាញចំនួន ៥ សម្រាប់ដាក់ប្រឡងថ្នាក់ជាតិ ដើម្បីស្វែងរកបេក្ខជនដែលមានសមត្ថភាព និងអ្នកទទួលបានជ័យលាភីឆ្នើម មុននឹងយកទៅប្រកួតប្រជែងជំនាញអាស៊ាន នៅឆ្នាំ ២០១៦។
មុខជំនាញទាំង ៥ ដែលនឹងត្រូវជ្រើសរើស សម្រាប់ធ្វើការប្រកួតប្រជែងជំនាញថ្នាក់ជាតិលើកទី៥នេះ រួមមាន ជំនាញរៀបឥដ្ឋ ជំនាញតបណ្ដាញអគ្គិសនី ជំនាញផ្សារ ជំនាញរចនាគេហទំព័រ និងជំនាញ IT Software Solution for Business។ ចំពោះអ្នកដែលទទួលបានជ័យលាភីថ្នាក់ជាតិ នឹងត្រូវជ្រើសរើសតាមមុខ ជំនាញនីមួយៗ សម្រាប់យកទៅប្រកួតប្រជែងជំនាញអាស៊ាន ដែលនឹងប្រព្រឹត្ដទៅ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាខែកញ្ញា ឆ្នាំ ២០១៦ ខាងមុខនេះ។
គួរជម្រាបថា បេក្ខជនដែលទទួលបានចំណាត់ថ្នាក់ និងជ័យលាភី នឹងត្រូវបានលើកទឹកចិត្ដពីរាជរដ្ឋាភិបាល ដោយមេដាយមាស ទទួលបានរង្វាន់ ៣លានរៀល មេដាយប្រាក់ ទទួលបានរង្វាន់ ២លានរៀល និងមេដាយសំរិទ្ធ ទទួលបាន ១លានរៀល។
យោងតាមការសិក្សាស្រាវជ្រាវថ្មីមួយ ស្ដីពីមុខវិជ្ជាជំនាញដែលនិស្សិតនៅកម្ពុជា ជ្រើសរើសមុខជំនាញបន្ទាប់ពីបញ្ចប់ការសិក្សានៅថ្នាក់វិទ្យាល័យ បានឲ្យដឹងថា និស្សិតកម្ពុជាប្រហែលជាង ៦០ភាគរយ ជ្រើសរើសមុខវិជ្ជាជំនាញរបស់ខ្លួន តាមចំណង់ចំណូលចិត្តផ្ទាល់ខ្លួន ជាជាងតាមតម្រូវការលើទីផ្សារ ខណៈដែលមានចំនួននិស្សិតប្រហែល ៣០ភាគរយប៉ុណ្ណោះ ជ្រើសមុខជំនាញតាមតម្រូវការលើទីផ្សារ នេះបើតាមតាមការចុះផ្សាយ ពីសាកលវិទ្យាល័យ អាមេរិកកាំងភ្នំពេញ (AUPP)។
យ៉ាងណាមិញ បើតាមប្រសាសន៍ ឯកឧត្តម អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបានឲ្យដឹងថា បច្ចុប្បន្ននេះក្រសួងកំពុងផ្តល់អាទិភាពថ្មីទៅលើ មុខជំនាញចំនួន បី គឺជំនាញយានយន្តកសិកម្ម ផ្នែកអគ្គិសនី និងផ្នែកសំណង់ ដោយសារជំនាញទាំងនេះ កំពុងមានតម្រូវការខ្ពស់លើទីផ្សារ ដែលសិស្សនិស្សិតរៀនចប់ហើយ អាចរកការងារធ្វើបានដោយងាយ និងទទួលបានប្រាក់បៀវត្សសមរម្យថែមទៀត៕
ប្រភព៖ businesscambodia