ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានធ្វើកិច្ចពិភាក្សាជាមួយកាសែត Forbes Asia កាលពីថ្ងៃទី ២ ខែធ្នូ កន្លងទៅថ្មីៗនេះ ក្រោមប្រធានបទស្តីពី ការធ្វើអាជីវកម្មឲ្យកាន់តែងាយស្រួល ហើយលោកបានមានប្រសាសន៍ថា “យើងសង្ឃឹមថា នឹងឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី រវាងកម្ពុជា និង សហរដ្ឋអាមេរិក។ ជាងនេះទៅទៀត យើងក៏កំពុងស្វែងរកដៃគូធំៗ ដើម្បីធ្វើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដូចជា កាណាដា ចិន កូរ៉េខាងត្បូង ជប៉ុន ហើយយើងអនុញ្ញាតវិនិយោគិនបរទេស ធ្វើការវិនិយោគលើគ្រប់ផ្នែកក្នុង វិស័យសេដ្ឋកិច្ចនៅកម្ពុជា ១០០ភាគរយ ដោយគ្មានការរឹតបន្តឹងអ្វីនោះទេ” ។
លើសពីនេះទៀត លោកបានឲ្យដឹងដែរថា ចិនជាប្រទេសដែលមានវិនិយោគិនច្រើនជាងគេ នៅកម្ពុជា ដោយគិតចាប់តាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ដោយសារវិនិយោគិនទាំងនោះវិនិយោគលើ វិស័យហេដ្ឋារចនាសម្ព័ន្ធ រោងចក្រថាមពល និងផ្លូវថ្នល់ បើគ្មានការវិនិយោគទាំងនោះទេ កម្ពុជាមិនអាចធ្វើការអភិវឌ្ឍន៍សេដ្ឋកិច្ចឲ្យដើរទៅមុខបាននោះទេ ហើយមានអ្នកខ្លះសួរថា ហេតុអ្វីកម្ពុជាពឹងផ្អែកលើការវិនិយោគពីចិនខ្លាំងម្ល៉េះ? លោកបានមានប្រសាសន៍យ៉ាងដូច្នេះថា “ច្បាប់វិនិយោគនៅកម្ពុជា មិនបាននិយាយថា ពឹងផ្អែកខ្លាំងលើប្រទេសណាមួយ ជាងប្រទេសណាមួយនោះទេ វិនិយោគិនទាំងអស់ត្រូវបានយកចិត្តទុកដាក់ស្មើៗគ្នា មិនថាវិនិយោគិននោះមកពី អឺរ៉ុប ចិន ឬកម្ពុជាក៏ដោយ គឺកម្ពុជាទទួលស្វាគមន៍ជានិច្ច”។
ច្បាប់វិនិយោគរបស់កម្ពុជាផ្តល់ភាពអនុគ្រោះ និងការលើកទឹកចិត្តយ៉ាងច្រើនដល់វិនិយោគិន។ ពន្ធលើប្រាក់ចំណេញ សម្រាប់ក្រុមហ៊ុន គឺមានតែ ២០ភាគរយប៉ុណ្ណោះ។ គ្មានការត្រួតត្រាដាក់កម្រិតលើវិស័យណាមួយទេ ពីព្រោះគ្មានច្បាប់ពាណិជ្ជកម្ម ដែលរឹតត្បិតលើជនបរទេសនោះទេ ហើយគ្រប់វិស័យសេដ្ឋកិច្ចទាំងអស់ បើកចំហសម្រាប់វិនិយោគិនបរទេសទាំងអស់ នេះបើយោងតាមកិច្ចសម្ភាសន៍រវាង កាសែត Knowledge@Wharton ជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល កាលពីអំឡុងខែឧសភា ឆ្នាំ ២០១៥៕
ប្រភព៖ businesscambodia