ភ្នំពេញ៖ ដើម្បីសម្រួលដល់ពាណិជ្ជករក្នុងការចុះបញ្ជីពាណិជ្ជកម្មរបស់ខ្លួននៅកម្ពុជា ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជាបានរៀបចំប្រព័ន្ធចុះបញ្ជីពាណិជ្ជកម្មតាមរយៈអនឡាញ ហើយដែលបានប្រកាសដាក់ឲ្យដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥ ក្នុងសន្និសីទ ដែលបានរៀបចំឡើងនៅឯក្រសួងពាណិជ្ជកម្ម។
តាមការវាយតម្លៃរបស់ធនាគារពិភពលោក បច្ចុប្បន្នកម្ពុជាជាប់ចំណាត់ថ្នាក់ទី១៨០ ក្នុងចំណោម ១៨៩ប្រទេស ទាក់ទងជាមួយនឹងភាពងាយស្រួលក្នុងការចុះបញ្ជីពាណិជ្ជកម្ម ដែលនៅឆ្នាំ២០១៣ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៨៤ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងពាណិជ្ជ។
តាមការប៉ាន់ស្មានរបស់ក្រសួង និងក្រុមហ៊ុនដែលបានសហការក្នុងការជួយរៀបចំប្រពន្ធ័ចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនេះ កម្ពុជានឹងធ្លាក់ពីចំណាត់ថ្នាក់ទី១៨០ មកត្រឹមចំណាត់ថ្នាក់ទី ២០ជាង នៅពេលខាងមុខ ប្រសិនបើប្រទេស ១៨៩ទៀត ដែលស្ថិតក្នុងការវាយតម្លៃរបស់ធនាគារពិភពលោក មិនបានធ្វើការផ្លាស់ប្តូរប្រពន្ធ័ចុះបញ្ជីពាណិជ្ជកម្មនៅក្នុងប្រទេសរបស់ខ្លួនទេ។
សូមបញ្ជាក់ថាប្រពន្ធ័នៃការចុះបញ្ជីពាណិជ្ជកម្មតាមអនឡាញនេះ ក្រសួងបានធ្វើការសិក្សារៀបចំចាប់តាំងពីខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ ហើយទើបតែបានប្រកាសដាក់ដំណើរការជាផ្លូវការចាប់ពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៥។
នៅក្នុងដំណើរការរៀបចំ ក្រសួងក៏បានសិក្សាពីការចុះបញ្ជីពាណិជ្ជកម្មនៅប្រទេសមួយចំនួនដូចជា ញ៉ូវហ្សេលេន និងសិង្ហបុរី ដែលជាប្រទេសជាប់ចំណាត់ថ្នាក់ទី១ និងទី២ ទាក់ទងនិងភាពងាយស្រួលក្នុងការចុះបញ្ជីពាណិជ្ជកម្ម។
ការចុះបញ្ជីពាណិជ្ជកម្មតាមប្រពន្ធ័អនឡាញវាបានផ្តល់អត្ថប្រយោជន៍ដូចជា៖
• កាត់បន្ថយការចំណាយពេលវេលាក្នុងការចុះបញ្ជីពាណិជ្ជកម្ម។
• ផ្លាស់ប្តូរការចុះបញ្ជីពាណិជ្ជកម្មពីការប្រើក្រដាសស្នាម ទៅជាការចុះបញ្ជីតាមប្រពន្ធ័ស្វ័យប្រវត្តិទាំងស្រុង។
• កាត់បន្ថយការជួបមុខផ្ទាល់ រវាងមន្ត្រីក្រសួង ជាមួយនឹងអ្នកដាក់ពាក្យស្នើរសុំចុះបញ្ជីពាណិជ្ជកម្ម។
• អនុញ្ញាតឲ្យអ្នកដាក់ពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្មធ្វើការចុះឈ្មោះក្រុមហ៊ុន ពីទីកន្លែងណាមួយក៏បាននៅក្នុងប្រទេស ក៏ដូចជាក្នុងពិភពលោកទាំងមូលដោយមិនចាំបាច់មកក្រសួងផ្ទាល់។
• អនុញ្ញាតឲ្យបង់ប្រាក់សេវានៃការដាក់ពាក្យស្នើសុំចុះបញ្ជីតាមប្រពន្ធ័អេឡិចត្រូនិច។
• អនុញ្ញាតអោយអ្នកចុះបញ្ជីដាក់ពាក្យស្នើសុំចុះបញ្ជី អាចបោះពុម្ភវិញ្ញាបនបត្រក្រុមហ៊ុនដោយខ្លួនឯងបាន។
• ធ្វើសមកាលកម្ម ឫការបញ្ជូលគ្នានូវមូលដ្ឋានទិន្នន័យជាមួយក្រសួង និងទីភ្នាក់ងាររដ្ឋាភិបាលដែលពាក់ពន្ធ័ដ៏ទៃទៀត។
• និងសម្រួលដល់ការស្រាវជ្រាវព័ត៌មានសាធារណៈរបស់ក្រុមហ៊ុនទាំងអស់ ដែលបានចុះបញ្ជីពាណិជ្ជកម្មរួច។
នៅក្នុងឱកាសនោះឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអំពាវនាវទៅដល់ក្រុមហ៊ុនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលបានចុះបញ្ជីពាណិជ្ជកម្មរួច អោយទៅចុះបញ្ជីក្រុមហ៊ុនរបស់ខ្លួនសារជាថ្មីឡើងវិញ ដោយប្រើប្រាស់ប្រពន្ធ័ចុះបញ្ជីតាមអនឡាញ ចាប់ពីពេលអំពាវនាវ រហូតដល់ថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៦។ ការចុះបញ្ជីពាណិជ្ជកម្មសារជាថ្មីនេះ នឹងមិនតម្រូវឲ្យមានការបង់ប្រាក់កម្រៃសេវាឡើយ ប៉ុន្តែចំពោះក្រុមហ៊ុន ដែលមិនបានចុះបញ្ជីពាណិជ្ជកម្មសារជាថ្មី ក្នុងរយៈពេលកំណត់ខាងលើ ក្រសួងនឹងធ្វើការផាកពិន័យទៅតាមភាពជាក់ស្តែង៕
ប្រភព៖ ann