ភ្នំពេញ៖ យោងតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងថា ទិន្នន័យក្នុងប្រទេសកម្ពុជារហូតមកដល់ខែកញ្ញា ឆ្នាំ២០១៥ ប្រព័ន្ធអ៊ីនធឺណេតនៅក្នុងប្រទេសកម្ពុជា មានអ្នកប្រើប្រាស់អ៊ីនធឺណេត ចំនួន ៦ លាន ២សែននាក់។ ក្នុងនោះ ភាគច្រើននៃអ្នកប្រើប្រាស់អ៊ីនធឺណេត ក្នុងប្រព័ន្ធទូរស័ព្ទចល័តស្ទើរតែ ៩៨ភាគរយ ខណៈដែលអ្នកប្រើប្រាស់អ៊ីនធឺណេតអចល័ត មានប្រមាណតែ ២ភាគរយប៉ុណ្ណោះ។
ឯកឧត្តម កាន ច័ន្ទមេត្តា មន្ត្រីជាន់ខ្ពស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានព្យាករណ៍ថា ក្នុងឆ្នាំ ២០២០ ប្រជាជនកម្ពុជានៅទូទាំងប្រទេស គ្រប់ទីកន្លែងទាំងទីប្រជុំជន និងទីតំបន់ដាច់ស្រយាល និងទទួលបានសេវាទូរស័ព្ទ និងសេវាប្រព័ន្ធអ៊ីនធឺណេត ប្រើប្រាស់គ្រប់ៗគ្នាទាំងអស់ នេះបើយោងតាមសេចក្តីរាយការណ៍របស់ AKP។
ទន្ទឹមនឹងនេះដែរ ឯកឧត្តម ម៉ូវ ចរិយា ប្រធានបញ្ញត្តិករក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានឲ្យដឹងថា ប្រទេសកម្ពុជាត្រូវបានចាត់ក្នុងចំណាត់ថ្នាក់ទី ២ បន្ទាប់ពីប្រទេសសិង្ហបុរី ដែលជាប់ចំណាត់ថ្នាក់ទី ១ ខាងប្រើប្រាស់ ទូរស័ព្ទចល័ត ដែលមានអត្រាខ្ពស់ជាងគេ នៅក្នុងបណ្តាប្រទេសអាស៊ាន។
អ៊ីនធឺណេត ឬ ភាសាខ្មែរ ថា អន្តរៈបណ្ដាញ គឺជាប្រព័ន្ធ ឬបណ្តាញរបស់ពិភពលោក ដើម្បីធ្វើការទំនាក់ទំនងគ្នា តាមម៉ាស៊ីនកុំព្យូទ័រ ដែលបានប្រើប្រាស់ ប្រព័ន្ឋអ៊ីនធឺណេត ឬ សេវាអ៊ីនធឺណេត ជាលក្ខណៈស្តង់ដា ដើម្បីបំរើការដល់ អ្នកប្រើប្រាស់ជាច្រើនលាននាក់ នៅលើសកលលោក។
ជាក់ស្តែង អ៊ីនធឺណេត កំពុងដើរតួនាទីយ៉ាងសំខាន់ សម្រាប់អ្នកធ្វើអាជីវកម្មនាពេលបច្ចុប្បន្ន ជាពិសេសបណ្តាញសង្គមហ្វេសបុក ដែលជាបណ្តាញសង្គមមួយ កំពុងមានអ្នកប្រើប្រាស់រាប់លានអ្នកទូទាំងសកលលោក ដែលកត្តានេះហើយ ទើបធ្វើឲ្យម្ចាស់អាជីវកម្មមានភាពងាយស្រួល ក្នុងការផ្សព្វផ្សាយផលិតផល ឬសេវាកម្ម ដល់អតិថិជន៕
ប្រភព៖ businessCambodia