ភ្នំពេញ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាមួយក្រោមប្រធានបទ៖ “ពាណិជ្ជកម្ម និងការវិនិយោគរវាងកម្ពុជានិងឥណ្ឌា” នាថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៥ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ។ ក្នុងឱកាសនៃការអញ្ជើញជាអធិបតីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រីមានការអមដំណើរពីឯកឧត្តម Naveen Srivastava ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពីពាណិជ្ជករ និងវិនិយោគិនប្រមាណ១៥០រូប។
សិក្ខាសាលានេះត្រូវបានរៀបចំឡើងដោយស្ថានទូតឥណ្ឌា សភាពាណិជ្ជកម្មឥណ្ឌា(ICC) សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា(FICCI) និងមានការគាំទ្របន្ថែមពីសភាពណិជ្ជកម្ម កម្ពុជា(CCC) ផងដែរ។
នៅក្នុងសុន្ទរកថានាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសិក្ខាកាមទាំងអស់ និងបានថ្លែង កោតសរសើរចំពោះស្ថានទូតឥណ្ឌា សហព័ន្ធសភាពាណិជ្ជកម្មនិងឧស្សាហកម្មឥណ្ឌា និងសភាពណិជ្ជកម្មកម្ពុជា ដែលបានរៀបចំសិក្ខាសាលានេះឡើង ដែលជាការផ្តល់នូវឱកាសដល់ពាណិជ្ជករ និងវិនិយោគិននៃប្រទេសទាំងពីរដែលមានបំណងចង់ស្វែងរកសក្កានុពលវិនិយោគ និងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទៅវិញទៅមក រវាងកម្ពុជានិងឥណ្ឌា។
ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងអំពីទិដ្ឋភាពទូទៅនៃហេតុផលវិនិយោគនៅកម្ពុជា និងបរិយាកាសវិនិយោគបច្ចុប្បន្ននៅក្នុងប្រទេស។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ អំពីសក្កានុពលនៅក្នុងវិស័យមួយចំនួនដូចជា៖ កសិកម្ម កសិឧស្សាហកម្ម ហេដ្ឋារចនាសម្ព័ន្ធ ថាមពល និងឧស្សាហកម្មទេសចរណ៍។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកឡើងពីគោលនយោបាយអភិវិឌ្ឍន៍វិស័យឧស្សាហកម្ម ដែលទើបត្រូវអនុម័តនាពេលថ្មីៗ ដោយផ្តោតជាសំខាន់លើផលិតកម្មធនស្រាល ការកែច្នៃចំណីអាហារ និងកសិឧស្សាហកម្ម ដើម្បីអភិវិឌ្ឍ ប្រទេសពីឧស្សាហកម្មដែលប្រើកម្លាំងពលកម្មច្រើន ឲ្យទៅជាប្រទេសអភិវឌ្ឍន៍ឧស្សាហកម្មដោយប្រើកម្លាំងពលកម្មជំនាញ៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម