ព្រះសីហនុ៖ នៅថ្ងៃទី១០ ធ្នូ ម្សិលមិញ នាវាសមុទ្រខ្នាតយក្សឈ្មោះ«SUN PRINCESS» ដែលមានបណ្តោយ២៦១ម៉ែត្រ ទទឹង៣២ម៉ែត្រ និងមាននាវឹកសរុបចំនួន ៨៤៩នាក់ ស្រី១៤០នាក់ មាន៤០សញ្ជាតិបានចូលមកចតនៅកំពង់ផែក្រុងព្រះសីហនុ ដោយនាំយកភ្ញៀវទេសចរចម្រុះជាតិសាសន៍រហូតដល់ទៅជិត២ពាន់នាក់ មកទស្សនានៅលើទឹកដីប្រទេសកម្ពុជា។
សមត្ថកិច្ចច្រកទ្វាកំពង់ផែអន្តរជាតិខេត្តព្រះសីហនុ បានឲ្យដឹងថា ភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចំនួន ១.៩៨៧នាក់ បានធ្វើដំណើតាមនាវាទេសចរណ៍ឈ្មោះ SUN PRINCESS មកពីប្រទេសវៀតណាម ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង ៨និង៣០នាទីព្រឹក ថ្ងៃទី១០ ធ្នូ ម្សិលមិញ ក្នុងដំណើទស្សនាចរនៅប្រទេសកម្ពុជារយៈពេលមួយថ្ងៃ មុននឹងធ្វើដំណើចាកចេញឆ្ពោះទៅកាន់ប្រទេសថៃ នៅវេលាម៉ោង៦ល្ងាច។
ចំពោះភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា SUN Princess មាន២៤ សញ្ជាតិផ្សេងគ្នា ក្នុងនោះភ្ញៀវទេសចរដែលមានសញ្ជាតិច្រើនជាងគេ គឺជនជាតិអូស្ត្រាលី ១.៧៩២នាក់ អង់គ្លេស ៨៩នាក់ ញូសឺឡែន ៣៧នាក់។
សូមបញ្ជាក់ផងដែរថា នៅរដូវប្រាំងខាងមុខ ភ្ញៀវទេសចរធ្វើដំណើតាមនាវាចូលចតធ្វើទស្សនានៅព្រះរាជាណាចក្រកម្ពុជាមានចំនួនកាន់តែច្រើន ព្រោះរាជរដ្ឋាភិបាលកម្ពុជាមានគោលនយោបាយបើកចំហរជើងមេឃ ផ្លូវគោក និងផ្លូវទឹក ធ្វើឲ្យភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ចូលមកទស្សនាកំសាន្តនៅកម្ពុជាកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ម្យ៉ាងទៀតខេត្តព្រះសីហនុធានាបាននូវសន្តិសុខ សុវត្ថិភាពជូនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកំសាន្ត និងមានបរិស្ថាន អនាម័យល្អ ពិសេសទៀតការទទួលស្វាគមន៍ភ្ញៀវជាកត្តាសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរកាន់តែច្រើនថែមទៀត៕