ព្រះសីហនុ៖ កាលពីថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០១៥ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុន The Royal Group របស់អ្នកឧកញ៉ា គិត ម៉េង បានប្រារព្ធពិធីបញ្ចុះសិលា ចាប់ផ្តើមបើកការដ្ឋាន សាងសង់សណ្ឋាគារផ្កាយប្រាំ មានឈ្មោះថា The Royal Sand ស្ថិតនៅលើកោះរ៉ុង ខេត្តព្រះសីហនុ។
ការប្រារព្ធពិធីបញ្ចុះសិលា នៃការចាប់ផ្តើមបើកការដ្ឋានសាងសង់នេះ មានការអញ្ចើញចូលរួមក្រោមអធិបតិយភាពរបស់សម្តេច ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងមានវត្តមានរបស់ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ចូលរួមផងដែរ។
គម្រោងសាងសង់សណ្ឋាគារផ្កាយប្រាំ The Royal Sand នេះគ្រោងនឹងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំ ២០១៧ ខាងមុខ។
សង្កាត់កោះរ៉ុង គឺជាសង្កាត់មួយក្នុងចំណោមសង្កាត់ទាំង ៥ នៃក្រុងព្រះសីហនុ មានផ្ទៃដីសរុប ១០២គីឡូម៉ែត្រក្រឡា ស្ថិតនៅប៉ែកនិរតី នៃខេត្តព្រះសីហនុ មានចម្ងាយ ២២គីឡូម៉ែត្រ ពីដីគោកក្រុងព្រះសីហនុ។
កោះរ៉ុង ស្ថិតក្នុងខេត្តព្រះសីហនុមួយនេះ ជាតំបន់ដែលមានទេសភាពគួរឲ្យទាក់ទាញ ជាមួយនឹងផ្ទៃទឹកសមុទ្រមាន សភាពថ្លាយង់ ព្រមទាំងឆ្នេរខ្សាច់សក្បុសលាតសន្ធឹង រួមទាំងធម្មជាតិព្រៃឈើបៃតងខ្ចី នៅលើកោះផងនោះ មើលទៅកាន់តែធ្វើឲ្យជក់ចិត្ត ទើបជារៀងរាល់ថ្ងៃ ភ្ញៀវទេសចរជាតិ និងបរទេសដែលទៅទស្សនាកម្សាន្តនៅលើទឹកដីឆ្នេរសមុទ្រ ខេត្តព្រះសីហនុ គឺមិនភ្លេចឡើយនូវ ការជ្រើសរើសយកដំណើរទស្សនាចរ ដោយការឆ្លងទៅលេងនៅតាមរមណីយដ្ឋានតំបន់កោះនានា ពិសេសកោះរ៉ុងនេះតែម្ដង គឺប្រកបទៅដោយធម្មជាតិស្រស់បំព្រង ផ្ទៃទឹកសមុទ្រព័ទ្ធជុំវិញកោះ មានពណ៌ខៀវអមដោយឆ្នេរល្អស្អាត។
ម្យ៉ាងវិញទៀត រដ្ឋាភិបាលកម្ពុជា នឹងប្រែក្លាយខេត្តព្រះសីហនុទៅជា «តំបន់សេដ្ឋកិច្ចគំរូពហុបំណង» ដែលនេះមិនមែនជាការស្រមៃទេ ព្រោះវាជាគោលដៅនៃ វិធានការគន្លឹះជាក់ស្តែងទី ៤ សម្រាប់ជំរុញ ការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មកម្ពុជា ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៥។ ក្នុងន័យនេះ ខេត្តព្រះសីហនុទៅថ្ងៃអនាគត គឺជាប៉ូលសេដ្ឋកិច្ចដ៏សំខាន់មួយ និង ជាមជ្ឈមណ្ឌលសេដ្ឋកិច្ច ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍ ដែលរីកចម្រើន ប្រកបដោយចីរភាព និងមានតុល្យភាពបរិស្ថាន៕
ប្រភព៖ BusinessCambodia