ភ្នំពេញ៖ នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឍមណ្ឌលសន្និបាតកោះពេជ្រ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញជាអធិបតីក្នុងពិធីបើកសម្ភោធពិព័រណ៌ពាណិជ្ជកម្មខេត្តមួយផលិតផលមួយនិងការនាំចេញ-នាំចូលរបស់កម្ពុជាលើកទី១០ ឆ្នាំ២០១៥។
នៅក្នុងសុន្ទរកថាបើកកម្មវិធី ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងការកោតសរសើរចំពោះភ្ញៀវជាតិនិងអន្តរជាតិ និងពាណិជ្ជករ ដែលបានចូលរួមការតាំងពិព័រណ៌ដែលរៀបចំឡើងដោយក្រសួងពាណិជ្ជកម្មនេះ។
ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានជម្រាបជូនភ្ញៀវ និងអ្នកចូលរួមអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការសម្របសម្រួលការធ្វើពាណិជ្ជកម្មនិងការវិនិយោគ និងការត្រៀមខ្លួនចូលសហគមន៍ សេដ្ឋកិច្ចអាស៊ាន ដែលនឹងចូលជាធរមានក្នុងរយៈពេលពីរសប្តាហ៍ខាងមុខនេះ និងចំនុចផ្តោតជាសំខាន់ៗនៃគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥(IDP) ដែលទើបបានអនុម័តនាពេលថ្មីៗនេះ ដើម្បីអភិវឌ្ឍប្រទេសកម្ពុជាឲ្យរីកចម្រើន។
ជាមួយគ្នានេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវ និងអ្នកចូលរួមអំពីការដាក់ឲ្យដំណើរការ ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តិកម្ម នៃការចុះបញ្ជីពាណិជ្ជកម្ម និងការចេញវិញ្ញាបនបត្របញ្ជាក់ប្រភពដើម ទំនិញតាមអនឡាញ(CO) ដែលត្រូវបានបង្កើតឡើងដើម្បីសម្របសម្រួលដល់ការធ្វើពាណិជ្ជកម្មនិងការ វិនិយោគបន្ថែមនៅក្នុងប្រទេស៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម