ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានអញ្ជើញជាអធិបតីនៃការតាំងពិព័រណ៌ក្រោមគំនិតផ្តួចផ្តើមនៃកម្មវិធីអ៊ិម អូ ស៊ី ១០១ Incubator នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៌កោះពេជ្រ ។
អ៊ិម អូ ស៊ី ១០១ Incubator គឺជាកម្មវិធីមួយផ្តួចផ្តើមឡើងដោយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណង បង្កើនសមត្ថភាព តាមរយៈការផ្តល់ការបណ្តុះបណ្តាល ការជំរុញលើកទឹកចិត្ត និងការបង្ហាត់បង្រៀន អំពីទស្សនៈថ្មីៗដល់ក្រុមហ៊ុនដែលមានស្រាប់ និងក្រុមហ៊ុន ដែលទើបតែចាប់ដំណើរការដំបូង។
កម្មវិធីនេះបានផ្តល់ការណែនាំដល់សហគ្រិនដែលត្រូវបានជ្រើសរើសឲ្យចូលរួមវគ្គបណ្តុះបណ្តាលអំពីរបៀបស្វែងរកហិរញ្ញប្បទាន របៀបលក់ផលិតផល និងផ្តល់ការយល់ដឹងដល់ពួកគេអំពីកត្តាផ្សេងទៀត ដែលជួយឲ្យពួកគេអភិវឌ្ឍអាជីវកម្មដំបូងរបស់ខ្លួនឲ្យទទួលបានភាពរីកចម្រើន។
ក្រុមសហគ្រិនចំនួន៤៧ក្រុម ត្រូវបានជ្រើសរើសចេញពីកម្មវិធីបណ្តុះគំនិតអាជីវកម្មនិងកម្មវិធីបណ្តុះបណ្តាល ដែលបច្ចុប្បន្នពួកគេកំពុងចូលរួមក្នុងការតាំងពិព័រណ៌ ដែលរៀបចំឡើងដើម្បីបង្ហាញពីគំនិតចាប់ផ្តើមដំណើរការអាជីវកម្មរបស់ខ្លួនឲ្យដល់វិនិយោគិនសាធារណៈ និងវិនិយោគិនសក្កានុពលបានយល់ដឹង បន្ទាប់ពីពួកគេឆ្លងកាត់វគ្គ Boot camp កន្លងមក។
ទោះជាយ៉ាងណាក្តី អ្នកចូលរួមទាំងអស់គឺជាអ្នកឈ្នះនិងទទួលអត្ថប្រយោជន៍ពីការបង្ហាត់បង្រៀន និងការផ្តល់ប្រឹក្សា ចំណែកឯភ្ញៀវអញ្ជើញចូលទស្សនាពិព័រណ៌នឹងមានឱកាសដាក់ពិន្ទុលើការដាក់តាំងផលិតផលនីមួយៗក្នុងអំឡុងពេលនៃការតាំងពិព័រណ៌ ហើយក្រុមហ៊ុនទទួលជោគជ័យចំនួន១០នឹងត្រូវជ្រើសរើសឲ្យចូលរួមការធ្វើបទបង្ហាញចុងក្រោយ ដែលពួកគេអាចបង្ហាញពីគំនិតអាជីវកម្មរបស់ខ្លួនដល់វិនិយោគិនកម្ពុជានានាប្រកបដោយសក្កានុពល។
នៅក្នុងសុន្ទរកថាស្វាគមន៍ក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងការកោតសរសើរដល់គណៈវិនិច្ឆ័យ គ្រូបង្គោលផ្តល់ប្រឹក្សា គ្រូបង្រៀន អ្នកចូលរួម និងអ្នកចាត់ចែងកម្មវិធី ដែលបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្លាក្នុងការធ្វើឲ្យកម្មវិធីអ៊ិម អូ ស៊ី ១០១ Incubator នេះ ទទួលបានជោគជ័យ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី សង្ឃឹមថា៖ អ្នកចូលរួមទាំងអស់ ដែលបានឈានដល់ដំណាក់កាលនេះ នឹងទទួលបានជោគជ័យនាពេលអនាគតជាមួយនឹង “គំនិតអស្ចារ្យ” របស់ខ្លួន និងជំនាញ ដែលពួកគេបានទទួលក្នុងអំឡុងពេលវគ្គបណ្តុះគំនិតអាជីវកម្មដំបូង និងអាចផ្តល់ជំនឿទុកចិត្តដល់ វិនិយោគិនក្នុងការជួយឲ្យពួកគេចាប់ផ្តើមដំណើរការអាជីវកម្មដំបូង និងពង្រីកអាជីវកម្មរបស់ខ្លួន។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនថា៖ ក្រសួងពាណិជ្ជកម្មនឹងរៀបចំកម្មវិធីគំនិតផ្តួចផ្តើមមួយផ្សេងទៀតក្នុងឆ្នាំ២០១៦ ក្រោមប្រធានបទ៖ “យុទ្ធនាការទិញ ផលិតផលកម្ពុជា”៕
ប្រភព៖ ទំព័រក្រសួងពាណិជ្ជកម្ម