ភ្នំពេញ៖ ក្រុមហ៊ុនចិន‑អាមេរិក មួយបានវិនិយោគទឹកប្រាក់ចំនួន ២០០ លានដុល្លារដើម្បីបើកសាលាភាពយន្តមួយក្នុងរាជធានីភ្នំពេញ និងស្ទូឌីយោផលិតនៅក្នុងខេត្តកំពង់ស្ពឺនៅដើមឆ្នាំក្រោយដើម្បីកែលម្អគុណភាពផលិតខ្សែភាពយន្តក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុន ZSL Amusement and Investment Network Co. Ltd. ដែលវិនិយោគក្នុងវិស័យអចលនទ្រព្យនិងបច្ចេកវិទ្យាបានមើលឃើញសក្តានុពល សម្រាប់ឧស្សាហកម្មខ្សែភាពយន្តក្នុងប្រទេសកម្ពុជា។ ប្រជាជនកម្ពុជាវ័យក្មេងជាច្រើន និងអ្នកដែលមានដុងចង់ធ្វើការក្នុងវិស័យខ្សែភាពយន្តបើទោះបីជាពួកគេខ្វះខាតការបណ្តុះបណ្តាល និងឧបករណ៍ក៏ដោយ។
លោក Zhang Zhi Heng នាយកក្រុមហ៊ុន ZSL បានថ្លែងនៅក្នុងបទសម្ភាសមួយកាលពីម្សិលមិញថា៖ «ប្រជាជនជាច្រើននៅទីនេះចូលចិត្តវីដេអូនៅពេលទំនេរហើយចូលចិត្តកែវីដេអូនៅលើកុំព្យូទ័រ»។
លោកបានបន្តថា៖«ចំនួនមនុស្សដែលចាប់អារម្មណ៍គឺមានចំនួនច្រើន»។ វគ្គបណ្តុះបណ្តាលពីបីទៅបួនខែនេះនឹងមានការសម្តែង ការសរសេរ ការដឹកនាំ និងសិល្បៈ និងវិធីសាស្ត្ររចនាភាពយន្ត ការប្រើភ្លើង ការដើរតួ និងមុខវិជ្ជាដទៃៗទៀត។ ជាបឋមនឹងមានបន្ទប់សម្រាប់សិស្ស ៥០០ នាក់»។
លោក Heng បន្តថាតម្លៃចូលរៀនគឺស្រដៀងនឹង «សាលាឯកជនដទៃៗក្នុងរាជធានីភ្នំពេញ»។ ក្រុមហ៊ុន ZSL បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដើម្បីទទួលបានការគាំទ្រសម្រាប់ស្ថាប័នទាំងពីរ។
បើតាមរដ្ឋលេខាក្រសួងវប្បធម៌លោក សោម សុគន្ធ រដ្ឋាភិបាលសង្ឃឹមថាការបើកសាលាភាពយន្តនេះនឹងកសាងសមត្ថភាពធនធានមនុស្សនៅក្នុងវិស័យផលិតភាពយន្តក្នុងប្រទេសកម្ពុជាដើម្បីឲ្យមានសមត្ថភាពប្រកួតប្រជែងជាមួយផលិតករដទៃៗនៅក្នុងតំបន់ និងពិភពលោក។
លោក រិទ្ធី ប៉ាន់ ដែលអ្នកផលិតភាពយន្តក្នុងស្រុកម្នាក់បានថ្លែងថាដើម្បីឲ្យឧស្សាហកម្មភាពយន្តមាននិរន្តភាពវាត្រូវការទីផ្សារអន្តរជាតិខណៈទីផ្សារក្នុងស្រុកមិនធំ។
លោកថ្លែងថា កម្ពុជាត្រូវការសាលាភាពយន្តគឺដោយសារការបណ្តុះបណ្តាលជំនាញគឺជាធាតុសំខាន់បំផុតដែលខ្វះខាតនៅក្នុងឧស្សាហកម្មភាពយន្តកម្ពុជា។ លោកថា៖ «ប្រសិនបើអ្នកមិនមានជំនាញអ្នកនឹងមិនអាចរស់រានក្នុងឧស្សាហកម្មនេះបានទេ»។
លោក ឆាយ បូរ៉ា នាយកផ្នែកភាពយន្ត និងជាប្រធានសមាគមរូបភាពចលនាកម្ពុជាមានក្តីបារម្ភមួយចំនួនអំពីទីតាំងស្ទូឌីយោនេះឆ្ងាយពីរាជធានីភ្នំពេញព្រមទាំងគុណភាពនៃការបង្រៀន។ លោកបានថ្លែងដោយសំដៅទៅវគ្គមុនៗដែលធ្វើឡើងដោយក្រុមហ៊ុនផ្សេងៗក្នុងរាជធានីភ្នំពេញថា៖ «មានវគ្គបណ្តុះបណ្តាលមួយចំនួនលើការផលិតខ្សែភាពយន្តកាលពីមុនប៉ុន្តែលទ្ធផលគឺមិនល្អ»។
អ្នកស្រី ឌី សាវ៉េត ដែលជាតួកុនស្រីល្បីល្បាញម្នាក់ក្នុងប្រទេសកម្ពុជាជាច្រើនជំនាន់មកហើយក៏មានការបារម្ភដូចគ្នានេះផងដែរ។
លោក Heng បាននិយាយថា គ្រូបង្រៀនរបស់លោកនឹងមកពីប្រទេសហ្វីលីពីន និងពីអាមេរិក។
លោកក៏បានថ្លែងផងដែរថា ក្រុមហ៊ុន ZSL បានចាប់ដៃគូជាមួយក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ឧស្សាហកម្មភាពយន្តអាមេរិកធំៗ។ លោកបន្តថាផលិតករភាពយន្តធំៗនឹងមានឆន្ទៈមកប្រទេសកម្ពុជាលុះត្រាណាតែកម្ពុជាមានមូលដ្ឋានជំនាញ។
លោកបន្តថា៖ «ផលិតករនឹងមកដរាបណាមានធនធានមនុស្ស»៕ អត្ថបទដកស្រងពីPostkhmer