ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ មានគម្រោងបន្ដស្ថាបនាស្ពានអាកាសចំនួន ៣ និងផ្លូវក្រោមដីមួយខ្សែបន្ថែមទៀត ដើម្បីកែលម្អ និងសម្រួលដល់ការកកស្ទះចរាចរ។ បច្ចុប្បន្ន ផែនការនៃគម្រោងសាងសង់ទាំងបួននោះ ក្រុមការងារបច្ចេកទេសរបស់សាលារាជធានីភ្នំពេញ បានចាប់ផ្តើមដំណើរការខួងធ្វើតេស្តស្រទាប់ដី នៅតំបន់ស្ពានអាកាស និងផ្លូវក្រោមដីក្បាលថ្នល់ ដើម្បីត្រៀមស្ថាបនាក្នុងពេលឆាប់ៗខាងមុខនេះ។
ស្ពានអាកាស និងផ្លូវក្រោមដី ដែលសាលារាជធានីភ្នំពេញត្រៀមស្ថាបនានោះ មានចំនួន៤ គឺទីមួយ ហោះស្របពីលើមហាវិថីព្រះនរោត្តមបត់ឆ្វេង ឡើងភ្ជាប់ទៅស្ពានព្រះមុនីវង្សថ្មី ទីពីរ តភ្ជាប់ពីស្ពានព្រះមុនីវង្សចាស់ បត់កោងស្តាំឡើងទៅចាក់អង្រែ ទីបី ហោះស្របពីលើមហាវិថីព្រះមុនីវង្ស បត់ទៅមហាវិថីព្រះនរោត្តម រួចបត់ស្តាំឡើងស្ពានវិញ និងទីបួន ផ្លូវក្រោមដី១ខ្សែទៀត មុជក្រោមដីពីចាក់អង្រែចេញទៅ មហាវិថីព្រះមុនីវង្ស។
យោងតាមប្រសាសន៍របស់លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ចំពោះស្ពានអាកាសដែលហោះខាងលើនេះមាន បណ្តោយមិនស្មើគ្នានោះទេ គឺមានចាប់ពី ២២០ ទៅ ២៤០ម៉ែត្រ ទទឹងចាប់ពី ៥ទៅ ៧ម៉ែត្រ ចំណែកផ្លូវមុជក្រោមដីមានបណ្តោយ ៣០៦ម៉ែត្រ ហើយបន្ទាប់ពីស្ថាបនារួច ការធ្វើចរាចរ នៅតំបន់ស្ពានអាកាសក្បាលថ្នល់ នឹងមានភាពប្រសើរឡើង។
យ៉ាងណាមិញ គម្រោងទាំងបួនខាងលើនេះ មិនមានការបញ្ជាក់ច្បាស់លាស់នៅឡើយនោះទេ ទាក់ទងនិងពេលវេលានៃការចាប់ផ្តើមសាងសង់ ហើយក៏មិនមានការបញ្ជាក់អំពីការចំណាយនៃការសាងសង់នៃគម្រោងទាំងនោះនៅឡើយដែរ។
ក៏ប៉ុន្តែ តាមប្រភពក្រៅផ្លូវការ បានឲ្យដឹងថា អាចបើកការដ្ឋាន ដោយភ្ជាប់ជាមួយការសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវស្ពានអាកាស និងផ្លូវក្រោមដីតិចណូ ដែលគ្រោងធ្វើនៅថ្ងៃទី ០៥ ខែមករា ឆ្នាំ២០១៦ខាងមុខនេះ ហើយទន្ទឹមនឹងពេលនោះ រដ្ឋាភិបាលកម្ពុជាអាចនឹងប្រកាស បើកការដ្ឋានបន្តតែម្តង នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន AKP ៕