ភាពរាំងស្ងួត​ក្នុងប្រទេស ធ្វើ​ឲ្យ​មានការ​កើនឡើង​ទ្វេដង​នូវ​ទិន្នផល​អំបិល​នៅ​កម្ពុជា

30-December-2015 | ដោយ មួយឡា

​កែប​៖ ទោះបីជា​ស្ថានភាព​រាំងស្ងួត​នៅក្នុង​ប្រទេស​កម្ពុជា​ក្នុងឆ្នាំនេះ​បាន​នាំ​ឲ្យ​មានការ​ព្រួយបារម្ភ​ចំពោះ​ទិន្នផល​ស្រូវ និង​ដំណាំ​កសិកម្ម​ផ្សេងៗ​ទៀត​ក៏ដោយ ក៏​អ្នក​ផលិត​អំបិល​នៅ​ខេត្តកំពត និង​ខេត្ត​កែប បាន​ទទួលផល​យ៉ាងច្រើន​ដោយសា​តែមាន​ភ្លៀង​ធ្លាក់​តិចតួច​។​
 
​អ្នក​ផលិត​អំបិល និង​សមាគម​អំបិល​ក្នុង​ខេត្ត ដែល​ស្ថិត​នៅជាប់​សមុទ្រ​នេះ បាន​ប្រាប់ថា ភាពរាំងស្ងួត​បានធ្វើ​ឲ្យ​ផលិតផល​អំបិល​របស់​ពួកគាត់​កើនឡើង​ទ្វេដង​។​
 
​លោក ប៊ុន បារាំង នាយក​ប្រតិបត្តិ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត និង​ខេត្ត​កែប​បាន​និយាយថា សហគមន៍​ផលិត​អំបិល​នៅក្នុង​ខេត្ត​ទាំងពីរ​នេះ​ផលិត​ទិន្នផល​អំបិល​បាន ប្រមាណ​១៧​ម៉ឺន​តោន​ក្នុង​ឆ្នាំ​២០១៥​នេះ គឺ​ស្មើនឹង​ជិត​ពីរដង បើ​ប្រៀបធៀប​ទៅ​ឆ្នាំ​២០១៤ និង​ឆ្នាំកន្លងមក​។​
 
«​ឆ្នាំ​២០១៤ និង​២០១៥ វា​រាំង​ពី​ខែ​មួយ​ដល់​ខែ​៦​។ អញ្ចឹង​វា​រាំង​បានយូរ​។ វា​រាំង​ដល់​ទៅ​៦​ខែ​អញ្ចឹង យើង​ផលិត​បាន​ដល់​ទៅ​១៧​ម៉ឺន​តោន បូក​នឹង​អំបិល​សល់​ចាស់​៩​តោន អញ្ចឹង​វា​២៦ ម៉ឺន​តោន​»​។​
 
​ជាមួយគ្នា​នោះដែរ លោក ហ៊ុល សាន ជា​កម្មករ​ធ្វើការ​នៅ​ស្រែអំបិល​ខេត្តកំពត បាន​និយាយថា ឆ្នាំនេះ​ផលិតផល​អំបិល​នៅ​ស្រែ​របស់លោក​បាន​កើនឡើង​។ «​បើ​មាន​ភ្លៀង យើង​ធ្វើ​មិនសូវ​បាន​ផល​ទេ​។ វារ​លាយ​អស់​»​។​
 
​លោក​បាន​បន្ថែមថា ការផលិត​អំបិល​របស់លោក​កើនឡើង​ពីរដង​ពី​១០០០​តោន​កាលពី​ឆ្នាំមុន​មកជា​ង​២០០០​តោន​ក្នុងឆ្នាំនេះ​។​
 
​ផ្ទុយ​ពី​កសិករ​ដែល​ដាំ​ដុះ​ផលិតផល​កសិកម្ម​ក្នុងប្រទេស​កម្ពុជា លោក ប៊ុន បារាំង​សង្ឃឹមថា នៅក្នុង​ឆ្នាំ​២០១៦​ខាងមុខនេះ មិនមាន​ភ្លៀង​ដូច​ឆ្នាំ​២០១៤ និង​២០១៥​។​
 
​លោក​ក៏បាន​ឲ្យ​ដឹងផង​ដែរ​ថា ទិន្នផល​អំបិល​នៅក្នុង​ចុងឆ្នាំ​២០១៥ និង​២០១៦ នឹងមាន​ការកើនឡើង​បន្ថែមទៀត ប្រសិនបើ​មិនមាន​ភ្លៀង​ដូច​ឆ្នាំ​២០១៤ និង​២០១៥​។ «​អាស្រ័យ​លើ​អាកាសធាតុ ប្រសិនបើ​អាកាសធាតុ​រាំង យើង​អាច​ផលិត​បាន​ច្រើន​។ បើសិន​ជាមាន​ភ្លៀង​ធ្លាក់ វា​ផលិត​បាន​តិច​»​។​
 
​បើទោះជា​ទទួលបាន​ផល​អំបិល​ច្រើន​នៅក្នុង​ឆ្នាំនេះ​ក៏ដោយ ក៏​លោក ប៊ុន បារាំង មានប្រសាសន៍ថា ការផលិត​អំបិល​នៅ​ប្រទេស​កម្ពុជា​នៅមានកម្រិត ហើយ​កម្ពុជា​មិនមាន​បច្ចេកវិទ្យា ដែល​អាច​ផលិត​អំបិល​សម្រាប់​ផ្គត់ផ្គង់​ការនាំចេញ​ក្រៅប្រទេស​បាន​នៅឡើយ​ទេ ។​
 
​លោក​បន្ថែមថា កម្ពុជា​ក៏​នៅ​មិនអាច​ប្រកួតប្រជែង​នឹង​ផលិតផល​អំបិល​នាំចូល​ពី​ប្រទេស​ថៃ និង​ប្រទេស​វៀតណាម​បាន​នៅឡើយ​ដែរ​។​
 
​ការផលិត​អំបិល​តាមរបៀប​ប្រពៃណី​បានផ្ដល់​ការងារ​ដល់​ប្រជាជន​កម្ពុជា យ៉ាងហោចណាស់​ចំនួន​ជាង​៤៥០០​នាក់​។ នេះ​បើ​យោងតាម លោក ប៊ុន បារាំង នៃ​សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត និង​ខេត្ត​កែប​។​
 
លោក ប៊ុន បារាំង បាន​មានប្រសាសន៍ថា សហគមន៍​របស់លោក​លក់​ចេញ​អំបិល​១០​ម៉ឺន​តោន​ក្នុង​មួយឆ្នាំៗ ដើម្បី​ផ្គត់ផ្គង់​តម្រូវការ​អំបិល​នៅក្នុង​ស្រុក​។​
 
​លោក​បន្ថែមថា ដោយសារ​ផលិតផល​អំបិល​មានការ​កើនឡើង តម្លៃ​អំបិល​បាន​ធ្លាក់​ពី​៨០​ដុល្លារ​ក្នុង​មួយ​តោន​កាលពី​ឆ្នាំ​២០១៤ មក​ត្រឹមតែ​៥០​ដុល្លារ​ក្នុង​មួយ​តោន​ក្នុងឆ្នាំនេះ​។ «​អ្នក​ផលិត​យើង​នៅ​ខ្វះ​ថវិកា​។ ផែនការ​មាន​កម្រិត អញ្ចឹង​យើង​មិនអាច​នាំចេញ​បានទេ បាន​លក់​តែ​ក្នុងស្រុក​ខ្មែរ​»​។​
 
​ប្រជាជន​កម្ពុជា​ប្រហែល​៨០​ភាគរយ ដែល​ប្រកប​របរ​កសិកម្ម​បាន​ត្អូញត្អែរ​យ៉ាងខ្លាំង​អំពី​ភាពរាំងស្ងួត ដែល​បណ្ដាលមកពី​ការប្រែប្រួល​អាកាសធាតុ​សកលលោក​។​
 
​ភាពរាំងស្ងួត​នេះ​ធ្វើ​ឲ្យ​ប៉ះ​ដល់​ទិន្នផល​ដំណាំ​របស់​ពួកគាត់​។ ផ្ទុយទៅវិញ ផលិតផល​អំបិល​ដែល​ពឹងផ្អែក​ខ្លាំង​លើក​ម្ដៅ​ព្រះអាទិត្យ​បានទទួល​ផល គាប់ប្រសើរ​៕
 
​ប្រភព ៖ thmeythmey.com

ចំនួនអ្នកទស្សនា

    19591127

  • ថ្ងៃនេះ2571
  • ម្សិលមិញ4771
  • សប្តាហ៍នេះ7351
  • ខែនេះ27421
  • ឆ្នាំនេះ363681
  • សរុប19591127