ភ្នំពេញ៖ ប្រជាកសិករដាំម្រេចនៅក្នុងខេត្តកំពត និងខេត្តកែប មានការព្រួយបារម្ភពីការប្រែប្រួលអាកាសធាតុ ដែលអាចមានផលប៉ះពាល់ខ្លាំងដល់ការដាំដំណាំម្រេចរបស់ពួកគេ។
ពួកគេនិយាយថា ប្រសិនបើការរាំងស្ងួតនៅតែបន្តនៅក្នុងឆ្នាំ២០១៦ខាងមុខនេះ ផលិតផលម្រេចរបស់ពួកគេនឹងធ្លាក់ចុះ។
លោក ងួន ឡាយ ប្រធានសមាគមម្រេចកំពត ខេត្តកំពត និងខេត្តកែប បាននិយាយថា ការប្រែប្រួលអាកាសធាតុដែលនាំឲ្យភ្លៀងធ្លាក់មិនគ្រប់គ្រាន់ និងកម្ដៅឡើងខ្លាំងនោះបណ្ដាលឲ្យដើមម្រេចមិនមានគ្រាប់ច្រើន។
«ការរាំងស្ងួតធ្វើឲ្យម្រេចជួបភាពប្រឈមដែរដូចជាសម្រាប់ចុងឆ្នាំ ២០១៥ កាលពីខែ៧ខែ៨ និងខែ៩ មេឃរាំង។ ម្រេចខែ៦ ចាប់ផ្កាដល់វា រាំងអញ្ចឹងទៅធ្វើអោយផ្កាជ្រុះច្រើន។ ផ្កា ដែលមិនជ្រុះ ក៏វាមិនដាក់គ្រាប់ពេញដែរ។ ដូច្នេះវាធ្លាប់ថាមួយគួរ២០ គ្រាប់ ឬ១៥គ្រាប់ វា នៅតែ៣គ្រាប់ ៤គ្រាប់ ឬ៥គ្រាប់។ ម្យ៉ាងទៀត ម្រេចដែលមិនឆ្អែតទឹកធ្វើឲ្យគុម្ពវាអត់សូវមានកម្លាំង ព្រោះវាខ្វះទឹកក៏ដើម វាអត់សូវខ្មៅល្អ ដូចពេលមានទឹកភ្លៀងគ្រប់គ្រាន់ដែរ»។
ទោះបីផ្ទៃដីដាំម្រេចសរុបមានកើនឡើងពី១១០ហិកតា កាលពីឆ្នាំមុនដល់ចំនួន១៨០ហិកតានៅក្នុងឆ្នាំ២០១៥ នេះក៏ដោយ ក៏លោកបានបន្ថែមថា ផ្ទៃដីដែលអាចប្រមូលផលបានមានត្រឹមតែ៤០ហិកតារប៉ុណ្ណោះក្នុងចំនួន ផ្ទៃដី១៨០ហិកតារនោះ ដោយសារម្រេចត្រូវការរយៈពេលបីឆ្នាំ ដើម្បីផ្ដល់ផលបីឆ្នាំបន្ទាប់ពីពេលដាំ។
លោក ងួន ឡាយ បានបន្តថា៖«រាំងតាមប្រពៃណីគឺថានៅក្នុងខែប្រាំពីរ។ ថាមានកូនរដូវប្រាំងនៅក្នុងខែប្រាំពីរ។ តែឆ្នាំនេះមិនត្រឹមតែខែប្រាំពីរទេ ខែប្រាំបី និងខែប្រាំបួនរហូតដល់ខែ១០ បានវាចាប់ផ្ដើមភ្លៀង»។
លោក តឹក វណ្ណារ៉ា នាយកអង្គការវេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជា ឬ NGO Forum បាននិយាយថា ផលប៉ះពាល់នឹងនៅតែបន្តមាន ប្រសិនបើមិនមានកម្មវិធីបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ។
លោកបានប្រាប់ថានៅក្នុងខេត្តកំពតថា៖ «ការកើនឡើងកម្ដៅហើយក៏ដូចជាការប្រែប្រួលនៃ រដូវកាល បញ្ហាទាំងអស់នេះបានជះឥទ្ធិពលផ្ទាល់ និងប្រយោលទៅដល់ប្រព័ន្ធកសិកម្មនៅក្នុងប្រទេសកម្ពុជាយើង»។
អ្នកស្រី ស៊ន សុធី ម្ចាស់ចម្ការម្រេចសុធីនៅក្នុងស្រុកដំណាក់ចង្អើរនៅក្នុងខេត្តកែប ដែលមានចម្ការម្រេចទំហំបីហិកតានោះ បាននិយាយថា ទិន្នផលម្រេចមានការធ្លាក់ ចុះនៅក្នុងឆ្នាំ២០១៥ បើប្រៀបទៅនឹងឆ្នាំ២០១៤ ដោយសារតែភាពរាំងស្ងួត និងការខ្វះបច្ចេកទេសក្នុងការដាំដុះ។
អ្នកស្រីបាននិយាយថា៖«២៥០គីឡូឆ្នាំ២០១៤ តែជាក់ស្ដែងក្នុងឆ្នាំ២០១៥ ២០០គុម្ពដូចគ្នា។ ខ្ញុំបានទទួលផលតែ២០០គីឡូទេ ដោយសារកម្ដៅវាក្ដៅខ្លាំង ហើយនឹងបច្ចេកទេសថែទាំរបស់យើងមានកម្រិត»។
ក្នុងមួយហិកតា កសិករអាចដាំម្រេចបាន២៥០០គុម្ព ដែលមួយគុម្ពអាចផ្ដល់ទិន្នផលម្រេចបានមួយគីឡូកន្លះ។ ម្រេចកំពតមានតម្លៃពី១៥០០០ដុល្លារ ទៅ២៨០០០ដុល្លារអាមេរិកក្នុងមួយតោន។ នេះបើយោងតាមសមាគមម្រេចកំពត។
លោក ព្រំ យូ ដែលគ្រួសាររបស់លោកដាំម្រេចអស់រយៈពេល៣០ឆ្នាំមកហើយ នៅលើផ្ទៃដី២ហិកតានោះបាននិយាយថា ភ្លៀងមិនទៀងទាត់ធ្វើឲ្យម្រេចងាប់ ជាពិសេសនៅពេលដែលមានភ្លៀង បន្ទាប់ពីមេឃក្ដៅខ្លាំង។ «ពេលយើងដឹងថា មេឃត្រជាក់ដីត្រជាក់បានយើងស្រោច ហើយដល់ទឹកភ្លៀងវាអត់ទៀងជួនកាលក្តៅៗអញ្ចឹង វាភ្លៀងមករ៉ាវមក យើងទៅហាមឃាត់យ៉ាងម៉េចមេឃ»។
លោក ងួន ឡាយ នៃសមាគមម្រេចកំពត បាននិយាយថា៦០ទៅ៧០ភាគរយ នៃទិន្នផលម្រេចកំពតត្រូវបាននាំចេញទៅប្រទេសនៅក្នុងទ្វីបអឺរ៉ុប ដូចជាប្រទេសបារាំងជាដើម។ ៣០ទៅ៤០ភាគរយទៀតត្រូវលក់នៅក្នុងទីផ្សារក្នុងស្រុក។
ប៉ុន្តែ លោក និយាយថា កសិករដាំម្រេច នៅតែជួបប្រទះនឹងឧបសគ្គក្នុងការដាំដុះ ដោយសារពួកគេមិនមានបច្ចេកទេសល្អក្នុងការដាំដុះ៕
ប្រភព៖ VOA