ចាប់ពីដើមឆ្នាំពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៦តទៅ អាស៊ាន នឹងត្រូវប្រែក្លាយជាសហគមន៍សេដ្ឋកិច្ចហើយ។ ការអនុវត្តសេរីភាវូបនីយកម្មលើវិស័យពាណិជ្ជកម្ម និងវិនិយោគ ក៏នឹងត្រូវចាប់ផ្តើមផងដែរ។ ជុំវិញដំណើរការនេះ មានមតិជាច្រើនបានលើកឡើងទាំងកត្តាប្រឈម និងកាលានុវត្តភាពសម្រាប់រដ្ឋ អាស៊ាននីមួយៗ។
ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍តាមរយៈ អ៊ីម៉ែល ជាមួយនឹង លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការនៃក្រសួងពាណិជ្ជកម្ម ជុំវិញដំណើរការនៃសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន និងកម្ពុជា៖
១. សមាហរណកម្មសេដ្ឋកិច្ចអាស៊ាន នឹងត្រូវចាប់អនុវត្តនៅចុង២០១៥ខាងមុខនេះ។ មតិមួយចំនួន បានលើកឡើងថាទីផ្សារកម្ពុជា នឹងក្លាយជាកន្លែងប្រកួតប្រជែងសម្រាប់ផលិតផលបរទេស ដ្បិតសមត្ថភាពនៃការផលិតរបស់កម្ពុជានៅមានកម្រិតនៅឡើយនោះទេ។ តើលោកស្រីមានការយល់ឃើញយ៉ាងដូចម្តេចដែរចំពោះការមតិនេះ?
លោកជំទាវ កំរង៖ ជាការពិតណាស់ ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៧ កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងក្រុង គូឡាឡាំពួរ ម៉ាឡេស៊ី ដែលជាប្រធានអាស៊ាននៅពេលនោះ បានប្រកាសជាផ្លូវការក្នុងការបង្កើតសហគមន៍សេដ្ឋកិច្ច។
ប្រជាជនភាគច្រើន ជាពិសេសដូចជាអ្នកជំនួញ និង សិស្សិសាកលវិទ្យាល័យជាដើម សុទ្ធតែបានយល់ថា កម្ពុជា នឹងប្រឈមនឹងបញ្ហាជាច្រើន ក្នុងការអនុវត្តសហគមន៍សេដ្ឋកិច្ចអាស៊ាននៅចុងឆ្នាំ២០១៥។ តាមពិតទៅ សហគមន៍សេដ្ឋកិច្ចអាស៊ាន ត្រូវបានអនុវត្តតាំងពីឆ្នាំ២០១០មកម្ល៉េះ ហើយ គោលការណ៍ពាណិជ្ជកម្មអាស៊ាន លើទំនិញ សេវាកម្ម និងវិនិយោគ ក៏បានផ្តើមអនុវត្តតាំងពីពេលនោះផងដែរ។
គឺរយៈជិត៥ឆ្នាំហើយ ដែលយើងបានអនុវត្តAEC ហើយ ទីផ្សាររបស់កម្ពុជា ក៏បានដំណើរដោយរលូន ផងដែរ។ ប្រាកដណាស់ ផលិតផលរបស់យើង គឺមិនមែនត្រឹមតែជាទំនិញប៉ុណ្ណោះនោះទេ តែសេវាកម្ម ក៏រាប់បញ្ចូលផងដែរ ហើយផលិតផលទាំងនេះ នឹងត្រូវប្រកួតប្រជែងជាមួយនឹងផលិតផលបរទេសនៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ទីផ្សារសេរី ជាពិសេសនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ានតែម្តង។ យ៉ាងណាក៏ដោយ អ្នកបង្កើតគោលនយោបាយកម្ពុជា បានយល់ដឹងច្បាស់អំពីបញ្ហានេះ មុនពេលដែលយើង ចូលជាសមាជិកអាស៊ានក្នុងឆ្នាំ១៩៩៩ ហើយយើង ក៏បានកែទម្រង់គោលនយោបាយពាណិជ្ជកម្ម និងសេដ្ឋកិច្ចផងដែរ។ ជាលទ្ធផល អ្នកវិនិយោគ និងអ្នកជំនួញ បានចូលមកវិនិយោគនៅ កម្ពុជាដើម្បីផលិតទាំងទំនិញ និងសេវាកម្មដែលមានគុណមភាពខ្ពស់សម្រាប់ការប្រើប្រាស់ក្នុងស្រុក និងនាំចេញក្រៅប្រទេស។ ជាមួយគ្នានេះដែរ អាជីវករ និងអ្នកវិនិយោគរបស់យើង ក៏បានបង្កើនសមត្ថភាពខ្លួនទៅក្នុងបរិយាកាសនៃការប្រកួតប្រជែងផងដែរ។ ដូចដែលបានឃើញ ការនាំចេញរបស់កម្ពុជា បានកើនឡើងយ៉ាងឆាប់រហ័សពី១០.៥ពាន់លានដុល្លារក្នុងឆ្នាំ២០១០, ១២.៨ពាន់លានដុល្លារក្នុងឆ្នាំ ២០១១ ១៤.៩ពាន់លានដុល្លារក្នុងឆ្នាំ២០១២, ១៨.៤ពាន់លានដុល្លារក្នុងឆ្នាំ២០១៣, ២៥.៣ពាន់លាន ដុល្លារក្នុងឆ្នាំ២០១៤។
ដូច្នេះ រាល់អាជីវកម្ម និងជំនួញនៅកម្ពុជា នឹងដំណើរការជាធម្មតា ហើយ កម្ពុជា នឹងទទួលបានឱកាសជាច្រើនក្នុងការចូលរួមក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន ចុងឆ្នាំ២០១៥។ ទន្ទឹមនឹងអនុវត្តគោលការណ៍របស់AECកម្ពុជា ក៏ត្រូវពង្រីកការផលិតទំនិញ និងសេវាកម្មបន្ថែមទៀតដើម្បីទទួលបានអត្ថប្រយោជន៍ក្នុងដំណើរការនេះ។ ទាំងកម្មករ និងនិស្សិតរបស់កម្ពុជា ត្រូវតែទទួលបានការហ្វឹកហាត់ឲ្យបានគ្រប់ គ្រាន់ និងសមរម្យដើម្បីឆ្លើយតបនឹងតម្រូវការរបស់ទីផ្សារ និងរោងចក្រផ្សេងៗ។ ហើយ ដើម្បីអាច ធ្វើទៅបាន យើង ត្រូវការបង្កើនសាលាបច្ចេកទេស និងបណ្តុះបណ្តាលជិវៈសម្រាប់កម្មករឬបុគ្គលិក។
២. តើមានផលិតកម្ពុជាណាខ្លះដែលនាំចេញទៅកាន់ទីផ្សារអាស៊ានកន្លងមក?
លោកជំទាវ កំរង៖ កម្ពុជា បាននាំចេញផលិតផលជាច្រើនប្រភេទទៅក្នុងទីផ្សារអាស៊ាន។ យោងតាមទៅតាមស្ថិតិ ផលិត ផលទាំងនោះរួមមាន គជ់ និងត្បូង សម្ភារអេឡិចត្រូនិច ផលិតផលឱសថ អំបិល ស៊ីម៉ង់ ភេសជ្ជៈ ផលិតផលកសិកម្ម និង ផលិតរោងចក្រជាច្រើនផ្សេងទៀត។
ពាណិជ្ជកម្មកម្ពុជាជាមួយនឹងអាស៊ាន មានទំហំប្រមាណ ១០.៩ពាន់លានដុល្លារ ខណៈកម្ពុជានាំចូល ៩.៣ពាន់លានដុល្លារពីអាស៊ានក្នុងឆ្នាំ២០១៤។ ដៃគូពាណិជ្ជកម្មធំរបស់កម្ពុជា មានដូចជា ថៃ (៥.២ ពាន់លានដុល្លា) វៀតណាម (៣.៥ ពាន់លានដុល្លា) និង សិង្ហបុរី (១.៤ ពាន់លានដុល្លារ)។
៣. តើផលិតផលកម្ពុជាអាចប្រកួតប្រជែងជាមួយផលិតផលបរទេសបានឬទេ? មតិមួយចំនួនលើក ឡើងថា ផលិតផលកម្ពុជាមិនអាចនោះទេ តើវាអាចទាក់ទងនឹងគុណភាព ឬរចនាបថ?
លោកជំទាវ កំរង៖ ដូចដែលបានបញ្ជាក់ ការនាំចេញរបស់កម្ពុជា បានកើនឡើងពីឆ្នាំ២០១០ ក្នុងតម្លៃ ១០.៥ ពាន់លាន ដុល្លារ ទៅ២៥.៣ ពាន់លានដុល្លាក្នុងឆ្នាំ២០១៤ ហើយនេះ ក៏ព្រោះតែ ទំនិញរបស់កម្ពុជាអាចប្រកួតប្រជែងនៅក្នុងឆាកអន្តរជាតិ។ ប្រសិនបើអ្នកមានឱកាសធ្វើដំណើរទៅក្រៅប្រទេសដូចជា សិង្ហបុរី ឬ ម៉ាឡេស៊ី អ្នកនឹងឃើញផលិតផលរោងចក្រដែលដាក់លក់នៅតាមហាងមួយចំនួន មានឈ្មោះកម្ពុជា ពោលគឺផលិតផលដែលផលិតនៅកម្ពុជា។ ហើយ ផលិតផលកសិកម្មផ្សេងទៀត ក៏កំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងជាមួយនឹងប្រទេសជិតខាង ដែលជាអ្នកនាំចេញដ៏ធំរបស់ពិភពលោករួមមានថៃ និងវៀតណាម។
សម្រាប់ទីផ្សារក្នុងស្រុកវិញ ខ្ញុំគិតថា មានផលិតផលជាច្រើនដែលមានគុណភាពល្អ ដូចជាសូត្រកម្ពុជាដែលផលិតផលដ៏ល្អបំផុតរបស់ពិភពលោក, Coca Cola, Pepsi, ស្រាបៀរអង្គរ និងស្រាបៀរកម្ពុជា ធនាគារអេស៊ីលីដា និងធនាគារកាណាឌីយ៉ាជាដើម។ តែក្នុងចំណោមប្រជាជនកម្ពុជា ខ្ញុំគិតថា ពួកគេ នៅតែមានគំនិត មួយថា ផលិតផល ដែលផលិតនៅបរទេស មានគុណភាពល្អ ហើយ ផលិតផលផលិតដោយកម្ពុជា គឺមិនល្អ។ ខ្ញុំ គិតថា យើងគួរផ្លាស់ប្តូរនូវផ្នត់គំនិតបែបនេះ។ ខណៈពេលដែលកម្ពុជាកំពុងឆ្ពោះទៅរកការអភិវឌ្ឍ យុវជនកម្ពុជា គួរតែមានគំនិតច្នៃប្រឌិតខ្ពស់ និងការបង្កើតថ្មីកាន់តែច្រើនផងដែរ ។ យុវជនកម្ពុជា ពិតជាមានទេពកោសល្យ និងមានការប្រឹងប្រែងខ្ពស់ ដូច្នេះ ខ្ញុំជឿជាក់ថា យុវជនកម្ពុជា អាចធ្វើឲ្យផលិតផលកម្ពុជាឲ្យកាន់តែមានគុណភាព និងរចនាបថល្អ ដែលអាចយើងលើកមុខមាត់ និងបង្ហាញផលិតផលកម្ពុជាទាំងក្នុងក្របខណ្ឌជាតិ និងសកល។
៤. តើអ្វីដែលកម្ពុជាអាចទទួលបានពីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន?
លោកជំទាវ កំរង៖ សមាហរណកម្មសេដ្ឋកិច្ចអាស៊ានចុងឆ្នាំ២០១៥ នឹងផ្តល់ផលប្រយោជន៍ជាច្រើនដល់កម្ពុជាតាមរយៈ សរសរស្តម្ភបួន៖
សរសរស្តម្ភទី១៖ ប្រែក្លាយអាស៊ានឲ្យទៅជាទីផ្សារតែមួយ និងមូលដ្ឋានផលិតកម្មរួមតែមួយ ពោលគឺ កន្លែងដែលមានលំហូរសេរី ទំនិញ សេវាកម្ម ការវិនិយោគ និងកម្លាំងពលកម្មជំនាញ នៅក្នុងតំបន់។បន្ថែមពីនេះ វានឹងជំរុញឲ្យកាន់តែមានភាពល្អប្រសើរលើវិស័យពន្ធគយ និងស្តង់ដារដូចគ្នាជាដើម។
សរសរស្តម្ភទី២៖ ប្រែក្លាយឲ្យទៅជាតំបន់សេដ្ឋកិច្ចដែលមានការប្រកួតប្រជែងខ្ពស់។ គោលការណ៍ នេះ សំដៅលើការជំរុញឲ្យមានវប្បធម៌ នៃការប្រកួតប្រជែងដោយយុត្តិធម៌ ការអតិថិជន ពិនិត្យ និង លើកកម្ពស់ការបង្កើតថ្មី និងការផ្តល់ហេដ្ឋារចនាសម្ព័ន្ធសាធារណៈក្នុងតំបន់តាមរយៈការតភ្ជាប់ហេ ដ្ឋា រចនាសម្ព័ន្ធនៃការដឹកជញ្ជូន និងកិច្ចសហប្រតិបត្តិការថាមពលជាដើម។
សរសរស្តម្ភទី៣៖ ជាសហគមន៍ដសេដ្ឋកិច្ចដែលបានដែលមានការអភិវឌ្ឍន៍រួមគ្នា និងប្រកបដោយ សមធម៌។ គោលការណ៍នេះ ផ្តោតសំខាន់ទៅលើសហគ្រាសធនតូច និងមធ្យម ដោយនឹងត្រូវបានធ្វើ ឲ្យមានកាត់បន្ថយនូវគម្លាតនៃការអភិឌ្ឍ សម្រាប់រដ្ឋសមាជិកអាស៊ានថ្មីដូចជាកម្ពុជា ឡាវ មីយ៉ាន់ម៉ា និង វៀត។
សរសរស្តម្ភទី៤៖ អភិវឌ្ឍន៍ និងប្រែក្លាយសហគមន៍សេដ្ឋកិច្ចដើម្បីភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ច ខាងក្រៅ និងបង្កើនការផ្គត់ផ្គង់ទៅខាងក្រៅ។ ក្នុងនោះរាប់បញ្ចូល កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន (FTAs) ជាមួយចិន ឥណ្ឌា កូរ៉េ ជប៉ុន និង អូស្ត្រាលីនិងណូវែលហ្សេឡង់។
តាមពិតទៅកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ានលើទំនិញ (ATIGA) ដែលបានចូលជាធរមានតាំងពីខែ ឧសភា ឆ្នាំ២០១០ បានធ្វើឲ្យមានការកាត់បន្ថយនូវរបាំងពន្ធគយក្នុងចំណោមរដ្ឋអាស៊ាន ហើយ វា ក៏បាននាំឲ្យមានការលើកពីបញ្ហាមិនមែនរបាំងពន្ធគយនៅក្នុងតំបន់ ផងដែរ។ បន្ថែមពីនេះ កិច្ចព្រមព្រៀងអាស៊ានលើសេវាកម្ម (AFAS) ដែលត្រូវបានចុះហត្ថលេខាតាំងពីឆ្នាំ ១៩៩៥ បានកាត់បន្ថយនៅរបាំង មួយចំនួនដើម្បីជំរុញពាណិជ្ជកម្មសេវាកម្ម ទៅលើច្រើនវិស័យដូចជា អាជីវកម្មលើការផ្តល់សេវា សំណង់ សុខាភិបាល ការដឹកជញ្ជូនតាមដែនសមុទ្រ ទូរគមនាគមន៍ ទេសចរណ៍ និង សេវាហិរញ្ញវត្ថុ ។ មួយវិញទៀតនោះ កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយ (ACIA) ដែលចូលជាធរមានតាំងពីខែមិនា ឆ្នាំ២០១២ បានធ្វើឲ្យសមាជិកនីមួយៗបង្ហាញពីការប្តេជ្ញាចិត្តក្នុងធ្វើសេរីភា វូនីយកម្ម និងការពារសកម្ម ភាពវិនិយោគតាមព្រំដែន ។
អាស៊ាន កំពុងតែបន្តដំណើរការយ៉ាងល្អក្នុងការចរចាលើកិច្ចព្រមព្រៀងតំបន់ ពាណិជ្ជកម្មសេរីហុងកុង និង កិច្ចព្រមព្រៀងពាណិជ្ជកម្ម ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់។ ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RECP) គឺជាកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរី របស់អាស៊ាន ជាមួយនឹង អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងទាំងនេះ គ្រោងនឹង បញ្ចប់នៅឆ្នាំ២០១៦ ហើយ វានឹងធ្វើឲ្យអាស៊ាន ជាពិសេសទីផ្សារកម្ពុជា បើកចំហចំពោះអតិថិជនសរុបជាង៣ពាន់លាននាក់ និងចូលរួមក្នុងសកម្មភាពពាណិជ្ជកម្មដែលមានទំហំប្រមាណ៣០ភាគរយនៃ ពាណិជ្ជកម្មសកល ដែលស្មើនឹងផលិតក្នុងស្រុក(GDP) សរុបប្រមាណ២១ពាន់ពាន់លានដុល្លារសហរដ្ឋអាមេរិក។
៥. តើមូលហេតុអ្វីបានជាអ្នកវិនិយោគបរទេសភាគច្រើនទៅថៃ សិង្ហបុរី ម៉ាឡេស៊ី ជាជាងមកកម្ពុជា ?
លោកជំទាវ កំរង៖ ជាទូទៅ អ្នកវិនិយោគ នឹងវិនិយោគនៅក្នុងប្រទេសដែលមានស្ថិតភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច គោលនយោបាយសេដ្ឋកិច្ចអំណោយផល ហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចល្អ និងឱកាសទីផ្សារច្រើន ក៏ដូចជាកម្មករជំនាញ និង តម្លៃកម្លាំងពលកម្មទាប។ ហើយកម្ពុជា ក៏ជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានការទាក់ទាញការវិនិយោគបំផុត។ ពិតណាស់ ក្រុមហ៊ុនដែលមានបច្ចេកទេសខ្ពស់ ច្បាស់ជាទៅ ប្រទេសដូចជាសិង្ហបុរី ថៃនិងម៉ាឡេស៊ី។ ប៉ុន្តែក្រុមហ៊ុនដែលមិនសូវទាមទារលក្ខខណ្ឌបច្ចេកទេស និងកម្លាំងពលកម្មខ្ពស់ កំពុងតែឆ្ពោះមកកាន់កម្ពុជា ដូចជាអ្នកវិនិយោគចិន ហុងកុង អាមេរិក ជប៉ុន សិង្ហបុរី ម៉ាឡេស៊ី និងថៃ។
៦. តើអ្នកមានយុទ្ធសាស្ត្រអ្វីខ្លះដើម្បីទាក់ទាញការវិនិយោគបន្ថែមទីផ្សារ ជាពិសេសសម្រាប់ទីផ្សារ អាស៊ាន?
លោកជំទាវ កំរង៖ ការសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុង ការចូលជាសមាជិកអាស៊ាន និងផែនការសេដ្ឋកិច្ចនានា ក៏ដូចជាអង្គការពាណិជ្ជកម្មអន្តរជាតិ គឺជាការសម្រេចចិត្តមួយដ៏ត្រឹមត្រូវ និងប្រកបដោយចក្ខុវិស័យ។ ក្នុងនាមជាប្រទេសដែលមានទំហំសេដ្ឋកិច្ចតូច កម្ពុជា ត្រូវការធ្វើសមាហរណកម្មសេដ្ឋកិច្ចទាំងក្នុងតំបន់ និងសកល ដើម្បីឲ្យផលិតផលផលិតនៅកម្ពុជាអាចប្រកួតប្រជែងក្នុងទីផ្សារពិភពលោក និងប្រ កួតប្រជែងជាមួយនឹងការវិនិយោគបរទេសដោយផ្ទាល់។
ជាទូទៅក្រុមហ៊ុនចម្រុះជាតិ តែងតែវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេស ដែលគេអាចផលិត និង នាំចេញទំនិញនៅក្នុងតម្លៃដែលមានការប្រកួតប្រជែងទៅកាន់ទីផ្សារពិភពលោក និងធ្វើឲ្យទំហំសេដ្ឋ កិច្ចកាន់ធំ។
ដូចដែលបានបញ្ជាក់ កម្ពុជា គឺស្ថិតនៅក្នុងចំណោមប្រទេសដែលមានការទាក់ទាញវិនិយោគបរទេស ដោយផ្ទាល់នៅក្នុងតំបន់ ហើយ នោះក៏ព្រោះតែ កម្ពុជា មានទីតាំងអំណោយផល តម្លៃកម្លាំងទាប លក្ខខណ្ឌអនុគ្រោះច្រើនក្នុងការនាំចេញទៅកាន់ទីផ្សារអឺរ៉ុប កាណាដា និងប្រទេសអភិវឌ្ឍន៍ និងកំពុង អភិវឌ្ឍន៍ ក៏ដូចជាលក្ខខណ្ឌអនុគ្រោះនៅក្នុងទីផ្សារអាស៊ាន និងអាស៊ានបូកមួយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី ណូវែលហ្សេឡង់ និងឥណ្ឌា។
កម្ពុជា ជាមួយនឹងអាស៊ាន បាននិងកំពុងតែចរចាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុង ជ្រោយក្នុងតំបន់ ដែលជាកិច្ចព្រមព្រៀងពាណិជ្ជម្មមួយបញ្ចូលសមាជិកអាស៊ានទាំងដប់ ជាមួយនឹង ជាមួយនឹង អូស្ត្រាលី ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។
លក្ខខណៈទាក់ទាញរបស់កម្ពុជា គឺកម្ពុជាមានច្បាប់ និងគោលនយោបាយវិនិយោគល្អ។ ហើយ ក្រសួងពាណិជ្ជកម្ម ក៏បានចេញគោលការណ៍មួយចំនួនក្នុងការជួយសម្រួលពាណិជ្ជកម្ម ដូចជា ការចុះ បញ្ជីតាមរយៈប្រព័ន្ធអនឡាញជាដើម។
ជារួមគោលនយោបាយ យុទ្ធសាស្ត្រ និងសកម្មភាពដ៏ល្អខាងលើ បានធ្វើឲ្យមានការទាក់ទាញកាន់តែ ច្រើនឡើងសម្រាប់វិនិយោគបរទេសមកកាន់កម្ពុជា៕
ប្រភព៖ thmeythmey