ព្រះវិហារ៖ រោងចក្រផលិតស្ករសដែលជាការវិនិយោគរបស់ក្រុមហ៊ុនចិននិងចាត់ទុកជារោងចក្រផលិតស្ករសធំជាងគេលើពិភពលោកនឹងចាប់ផ្ដើមផលិតសាកល្បងនៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦ នេះ ដោយរំពឹងថាអាចមានសមត្ថភាពផលិតស្ករសបានជាង១ពាន់តោនក្នុងមួយថ្ងៃជាមួយនឹងចម្ការអំពៅដែលបានដាំដុះរួចរាល់ចំនួន១៣.០០០ហិចតាដោយចំណាយទុនជាង១,៣លានដុល្លាអាមេរិក ។ នេះបើតាមការអះអាងពីរដ្ឋមន្ត្រីក្រសួង សិប្បកម្មនិងសិប្បកម្មកម្ពុជា ។
ក្នុងដំណើរទស្សនកិច្ចពិនិត្យរោងចក្រផលិតស្ករសនិងចម្ការអំពៅរបស់ក្រុមហ៊ុនរ៉ូយហ្វេង ក្នុងស្រុកឆែប ខេត្តព្រះវិហារ កាលពីចុងខែធ្នូកន្លងទោនេះឯកឧត្តមទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានមានប្រសាសន៍៖ « ប្រទេសកម្ពុជានឹងមានរោងចក្រផលិតស្ករសធំជាងគេនៅលើពិភពលោកនៅពេលឆាប់ៗខាងមុខនេះ ដើម្បីផលិតស្ករសនាំចេញទៅទីផ្សារអន្តរជាតិហើយកសិករកម្ពុជាគួរតែសហការជាមួយក្រុមហ៊ុនក្នុងការជំរុញដំណើរការនេះ » ។
លោកទេសរដ្ឋមន្ត្រីបន្តថា ៖ « ប្រជាកសិករក្នុងមូលដ្ឋានគួរតែសហការជាមួយក្រុមហ៊ុនដើម្បីដាំដំណាំអំពៅលក់ទៅឱ្យក្រុមហ៊ុនសម្រាប់ផលិតស្ករសព្រោះថាដំណាំអំពៅអាចទទួលបានទិន្នផលច្រើនជាង៣ដងធៀបនឹងទិន្នផលដំណាំស្រូវជាពិសេសក្រោយពីការចម្រាញ់យកជាតិស្ករពីអំពៅកាកសំណល់ទាំងអស់ដែលចេញពីរោងចក្រ អាចយកមកផលិតជីធម្មជាតិនិងអគ្គិសនីបន្ថែមទៀត » ។
នាយកប្រតិបត្តិក្រុមហ៊ុនហ៊ឹងហ៊ូ ស៊ូហ្កឺគ្រុប លោក លាវ ចុងស៊ែង បានមានប្រសាសន៍ថា ៖ « គោលបំណងនៃការអភិវឌ្ឍដំណាំអំពៅនៅប្រទេសកម្ពុជាគឺដើម្បីរួមចំណែកអូសទាញសង្វាក់សេដ្ឋកិច្ចដោយសារឧស្សាហកម្មនាំមកនូវឱកាសការងារជូនប្រជាពលរដ្ឋនិងបង្កើតតម្លៃផលិតកម្មព្រមទាំងចំណូលប្រាក់ពន្ធបន្ថែមទៀតដល់រាជរដ្ឋាភិបាលកម្ពុជា ។ ក្នុងមួយថ្ងៃក្រុមហ៊ុនត្រូវការអំពៅចូលក្នុងរោងចក្រចំនួន២ម៉ឺនតោនដើម្បីកិននិងចម្រាញ់យកស្ករសហើយក្នុងមួយថ្ងៃរោងចក្ររបស់យើងអាចទទួលបានស្ករសរហូតដល់ជាង១ពាន់តោនឯណោះសម្រាប់ចែកចាយទីផ្សារក្នុងស្រុក និងអន្តរជាតិ » ។
លោកបន្តថា ៖ « បច្ចុប្បន្ននេះ ក្រុមហ៊ុនមួយចំនួននៅបណ្ដាប្រទេសលើសកលលោក ក៏បានធ្វើការកក់និងចុះកុងត្រាទិញផលិតផលស្ករសពីប្រទេសកម្ពុជាយកទៅលក់នៅបណ្ដាប្រទេសរបស់គេផងដែរនៅពេលដែលរោងចក្រនេះចាប់ផ្ដើមដំណើរការផលិតនៅពេលខាងមុខ » ។
អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុំ ម៉ារ៉ា បានមានប្រសាសន៍ដែរថា ៖ « ការអភិវឌ្ឍរបស់ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំអំពៅកន្លងទៅបានជួបផលប៉ះពាល់ដីធ្លីជាមួយប្រជាពលរដ្ឋមួយចំនួនតែដោយសារគោលនយោបាយរបស់រាជរដ្ឋាភិបាលអាជ្ញាធរខេត្តព្រះវិហារក៏បានសម្របសម្រួលព្រមទាំងខ្វៀលដីដែលប៉ះពាល់ជាមួយក្រុមហ៊ុនចេញដើម្បីផ្ទេរសិទ្ធិឱ្យពលរដ្ឋវិញផងដែរ » ។
ប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដា បានមានប្រសាសន៍ថា ៖ « សព្វថ្ងៃចម្ការអំពៅចំនួនជាង៤២.០០០ហិចតាស្ថិតនៅស្រុកត្បែងមានជ័យ ស្រុកឆែប និងក្រុងជ័យសែន ខេត្តព្រះវិហារត្រូវបានក្រុមហ៊ុនចំនួន៥ ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនហ៊ឹងហ៊ូស៊ូហ្កឺគ្រុប ដាំដុះរួមគ្នា រួមមានក្រុមហ៊ុនរ៉ូយហ្វេង ក្រុមហ៊ុនឡានហ្វេង ក្រុមហ៊ុនហេងរ៉ូយ ក្រុមហ៊ុន ហេងយូ និងក្រុមហ៊ុនហេងណុង ហើយដាំបានចំនួន១៣.០០០ហិចតាព្រមទាំងមានគម្រោងដាំជាង១ម៉ឺនហិចតាទៀតនៅឆ្នាំ២០១៦ » ។
គួរបញ្ជាក់ថា ការអភិវឌ្ឍដំណាំអំពៅរបស់ក្រុមហ៊ុនចិនហ៊ឹងហ៊ូស៊ូហ្កឺគ្រុប បានចាប់ផ្ដើមតាំងពីឆ្នាំ២០១២មកម្ល៉េះចំណែករោងចក្រផលិតស្ករសដ៏ធំនេះបានចាប់ផ្ដើមសាងសង់ចាប់ពីខែមិថុនា២០១៤ ដែលរហូតដល់ពេលនេះការសាងសង់រោងចក្រសម្រេចបានប្រមាណ៥០ភាគរយហើយ ហើយគ្រោងនឹងដំណើរការផលិតស្ករសសាកល្បងជំហានដំបូងនៅខែកុម្ភៈឆ្នាំនេះ ។ ខេត្តព្រះវិហារជាទឹកដីសម្បូរដោយសក្តានុពលផ្នែកកសិកម្ម ឧស្សាហកម្មនិងទេសចរណ៍ និងផ្តោតទៅលើកសិកម្ម ។ ការអភិវឌ្ឍរបស់ក្រុមហ៊ុនចិនដ៏ធំនាពេលនេះគឺធ្វើឲ្យវិនិយោគិនបរទេសកាន់តែមានចំណាប់អារម្មណ៍និងមានទំនុកចិត្តក្នុងការវិនិយោគនៅកម្ពុជាថែមទៀត ។
គួររំឭកថាក្រុមហ៊ុនមួយនេះបានទទួលការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជាឲ្យធ្វើការអភិវឌ្ឍដំណាំអំពៅនៅឆ្នាំ២០១១ហើយបានឈូសឆាយដីដើម្បីដាំអំពៅជាបន្តបន្ទាប់ ។ដំណាំអំពៅអាចប្រមូលបានចំណូលច្រើនជាងការធ្វើស្រែចម្ការដោយក្នុង១ហិចតាអាចប្រមូលផលបានដល់ទៅ១០០តោនក្នុង១ឆ្នាំហើយការដាំដុះម្តង អាចប្រមូលផលបាន៤ ទៅ៥ដង ។ នេះបើតាមតំណាងក្រុមហ៊ុនចិនអភិវឌ្ឍន៍ដំណាំចម្ការអំពៅដែលបានលើកឡើងកាលពីអំឡុងខែកក្កដា ឆ្នាំ២០១៤កន្លងមក ។តំណាងក្រុមហ៊ុនបញ្ជាក់ទៀតថាកន្លងទៅក្រុមហ៊ុនបានធ្វើការជ្រើសរើស ពលរដ្ឋក្នុងខេត្តព្រះវិហារចំនួន៣៣នាក់រួចមកហើយដើម្បីបញ្ជូនពលរដ្ឋទាំងអស់នោះទៅសិក្សាអំពីបច្ចេកទេសដាំដំណាំអំពៅនិងបច្ចេកទេសផលិតស្ករសនៅប្រទេសចិនរយៈពេល១ឆ្នាំដោយក្រុមហ៊ុនបានធានារ៉ាប់រងព្រមទាំងមានប្រាក់ឧបត្ថម្ភប្រចាំខែដល់ពលរដ្ឋថែមទៀត។
មកដល់ពេលនេះក្រុមហ៊ុនចិនបានធ្វើការជ្រើសរើសពលរដ្ឋទៅសិក្សាបច្ចេកទេសដំណាំអំពៅនិងបច្ចេកទេសផលិតស្ករស ជំហ៊ានទី២ចំនួន៥០បន្ថែមទៀត។បន្ទាប់ពីការសាងសង់រោងចក្រផលិតស្ករសរួចរាល់ពលរដ្ឋដែលបានសិក្សាបច្ចេកទេសនៅប្រទេសចិនត្រូវវិលត្រឡប់មកបំពេញភារកិច្ចនៅក្នុងរោងចក្រ ផលិតស្ករសតែម្តងហើយក្រុមហ៊ុនតម្រូវការកម្មករធ្វើការនៅក្នុងក្រុមហ៊ុនចាប់ពី១ពាន់ទៅ២ពាន់ឯណោះ ។
ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំអំពៅនេះគ្រោងនឹងផ្តល់នូវពូជអំពៅដល់ប្រជាពលរដ្ឋណាដែលមានចំណាប់អារម្មណ៍ក្នុងការដាំដំណាំអំពៅ បន្ទាប់ពីទទួលផលបានក្រុមហ៊ុននិងទិញពីប្រជាពលរដ្ឋវិញ ក្នុងតម្លៃ ១តោនចាប់ពី៣៥ដុល្លារទៅ៤០ដុល្លារអាមេរិក ។ ក្រុមហ៊ុនមានគម្រោងធ្វើការសាងសង់សាលារៀនមន្ទីរពេទ្យ ដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋនៅតំបន់នោះផងដែរ ។នេះបើតាមប្រធានមន្ទីរកសិកម្មខេត្តព្រះវិហារ លោក ពឹង ទ្រីដាបានលើកឡើងកន្លងមក ។
ប្រជាពលរដ្ឋនៅតំបន់នោះបានសម្ដែងទឹកចិត្តសប្បាយរីករាយនិងគាំទ្រការអភិវឌ្ឍដំណាំអំពៅរបស់ក្រុមហ៊ុនចិន ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋទាំងអស់ មានការងារធ្វើនិងបញ្ចៀសបានការធ្វើចំណាកស្រុកផងដែរ ៕
ប្រែសម្រួលដោយមែន កំសត់
ប្រភព៖ KOHSANTEPHEAP